ជាតិ
ក្រុមមន្ត្រី​ចិន​បង្ហាញ​ពី​បំណង​ចែករំលែក​បទពិសោធន៍​ការងារ​ខ្លួន ដើម្បី​ភាព​រីកចម្រើន​កម្ពុជា​
05, Jul 2018 , 7:59 pm        
រូបភាព
លោក​ សាយ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​កម្ពុជា​នៅ​ខាង​ស្តាំ​ដៃ​​ និង​លោក​ Zhao Yingmin អនុ​រដ្ឋមន្ត្រី​ក្រសួង​អេកូឡូស៊ី​ និង​បរិស្ថាន​ប្រទេស​ចិន​នៅ​ខាង​ឆ្វេង​ដៃ​ធ្វើ​ជា​អធិបតីភាព​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​អនុស្សារណៈ​យោគយល់​ចំនួន​បី​ ផ្តោត​លើ​កិច្ច​គាំពារ​បរិស្ថាន​ ការ​អភិរក្ស​អេកូឡូស៊ី​ និង​ការ​ផលិត​ទឹក​ស្អាត។ ពិធីនេះ​ធ្វើ​ឡើង​នៅ​ទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃទី៤​ ខែ​កក្កដា​ ឆ្នាំ​២០១៨។ (ហ៊ុល រស្មី/VOA)
លោក​ សាយ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​កម្ពុជា​នៅ​ខាង​ស្តាំ​ដៃ​​ និង​លោក​ Zhao Yingmin អនុ​រដ្ឋមន្ត្រី​ក្រសួង​អេកូឡូស៊ី​ និង​បរិស្ថាន​ប្រទេស​ចិន​នៅ​ខាង​ឆ្វេង​ដៃ​ធ្វើ​ជា​អធិបតីភាព​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​អនុស្សារណៈ​យោគយល់​ចំនួន​បី​ ផ្តោត​លើ​កិច្ច​គាំពារ​បរិស្ថាន​ ការ​អភិរក្ស​អេកូឡូស៊ី​ និង​ការ​ផលិត​ទឹក​ស្អាត។ ពិធីនេះ​ធ្វើ​ឡើង​នៅ​ទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃទី៤​ ខែ​កក្កដា​ ឆ្នាំ​២០១៨។ (ហ៊ុល រស្មី/VOA)
ដោយ: VOA
​ភ្នំពេញ ៖ ក្រុមមន្ត្រី​ចិន ដែលជា​អតីតមន្ត្រី​ការទូត និង​ជា​សមាជិក​គណបក្ស​កុម្មុយនីស្ត​ចិន​ទទួលបន្ទុក​បរិស្ថាន បាន​ប្រាប់​សម​ភាគី​កម្ពុជា​អំពី​បំណង​របស់​ពួកគេ ក្នុងការ​ចែករំលែក​ប​ទ​ពិសោធន៍ និង​ចំណេះដឹង ដើម្បី​រួមចំណែក​ដល់​ដំណើរការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដែល​បាន​កសាង​ចំណង​ការទូត​ជាមួយ​ចិន​អស់​រយៈពេល​៦០​ឆ្នាំ​មកនេះ​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​នៃ​រដ្ឋាភិបាល​កម្ពុជា និង​តាម​ការ​ថ្លែង​បញ្ជាក់​របស់​មន្ត្រី​ចិន​ដែល​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុ​ជានា​ដើម​សប្តាហ៍​នេះ​។​



​លិខិត​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​រដ្ឋាភិបាល​កម្ពុជា ចុះ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៨ សរសេរថា លោក Hu Zhengyue អនុប្រធាន​សមាគម​កា​រទូ​ត​សាធារណៈ និង​ជា​អតីត​ជំនួយការ​រដ្ឋមន្ត្រីក្រសួង​ការបរទេស​ចិន បាន​ប្រា​ប់លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា ថា លោក​មានបំណង​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​ការ​ថ្លែង​របស់លោក Zhengyue បាន​ធ្វើឡើង​ក្នុងជំនួប​មួយ​ជាមួយ​លោក​ប្រាក់ សុខុន កាលពី​ថ្ងៃ​ចន្ទ​នាទី​ក្រុងភ្នំពេញ​។​

​លោក Hu Zhengyue អនុប្រធាន​សមាគម​កា​រទូ​ត​សាធារណៈ បានបញ្ជាក់​នៅ​ចំពោះមុខ​លោក​រដ្ឋមន្ត្រីការបរទេស​ប្រាក់ សុខុន​ថា «​រដ្ឋាភិបាល​ចិន​គាំទ្រ​យ៉ាង​ពេញលេញ​ដល់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា និង​បាន​សំដែង​ការកោតសរសើរ​ចំពោះ​ការរីកចម្រើន ពិសេស​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ដែល​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​បាន​»​។​

​លោក Zhengyue ដែលជា​អតីតមន្ត្រី​ការទូត​មួយរូប ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរួមចំណែក​យ៉ាងសកម្ម​របស់​កម្ពុជា នៅក្នុង​ការលើកស្ទួយ​ទំនាក់ទំនង​អាស៊ាន​-​ចិន និង​ទំនាក់ទំនង​រវាង​បណ្តា​ប្រទេស​មេគង្គ​ជាមួយ​ចិន តាមរយៈ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​។​

​លោក Hu Zhengyue បាន​ផ្តើម​ដំណើរ​បំពេញ​ទស្សនកិច្ច នៅមុន​ការ​មក​បំពេញ​ទស្សនកិច្ច​របស់លោក Zhao Yingmin អនុរដ្ឋមន្ត្រី​នៃ​ក្រសួង​អេកូឡូស៊ី និង​បរិស្ថាន​របស់​រដ្ឋាភិបាល​ចិន  ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ក្នុង​វិស័យ​បរិស្ថាន និង​ការផលិត​ទឹកស្អាត​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់​ក្រុមមន្ត្រី​ចិន​ទាំងពីរ​នេះ​បាន​ធ្វើឡើង​នៅមុន​ការបោះឆ្នោត ដ៏​ចម្រូងចម្រាស នា​ចុងខែ​កក្កដា​នេះ ដែល​ក្រុម​អង្គការសិទ្ធិមនុស្ស និង​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ធំៗ​មើលឃើញថា មិនមែនជា​ការបោះឆ្នោត​ដែល​ផ្តល់​សិទ្ធិ​ពេញលេញ​ឲ្យ​ពលរដ្ឋ​កម្ពុជា​បង្ហាញ​ឆន្ទៈ​នយោបាយ​របស់ខ្លួន​តាម​សន្លឹកឆ្នោត​ទេ បន្ទាប់ពី​គណបក្សប្រឆាំង​ធំ​មួយ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយចោល​ដោយ​អំណាច​របស់​តុលាការ​កំពូល​តាម​បណ្តឹង​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ចោទ​លោក កឹម សុខា មេដឹកនាំ​គណបក្ស​នេះ​ថា បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ តាម​ការ​សមគំនិត​ជាមួយ​រដ្ឋ​បរទេស​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​។​


ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​អនុស្សារណៈ​យោគយល់​ចំនួន​បី ផ្តោតលើ​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​អេកូឡូស៊ី និង​ការផលិត​ទឹកស្អាត ដែល​ធ្វើឡើង​នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ ២០១៨​។ (​ហ៊ុល រស្មី​/VOA)​

​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា បានបញ្ជាក់​ប្រាប់​ភាគី​ចិន​គឺ​លោក​លោក Hu Zhengyue អតីត​ជំនួយការ​រដ្ឋមន្ត្រីការបរទេស​ចិន ក្នុងជំនួប​ធ្វើឡើង​កាលពី​ថ្ងៃ​ចន្ទ​ដដែល​ថា «​រាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់​អាទិភាព​សំខាន់​លើ​ការរក្សា​ការពារ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ហើយ​លោក ប្រាក់ សុខុន ក៏បាន​វាយតម្លៃ​ខ្ពស់​ការគាំទ្រ​របស់​ចិន ចំពោះ​ការចាត់វិធានការ​តាមផ្លូវ​ច្បាប់​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក​ម្ពុ​ជា «​ដែល​សំដៅ​ការពារ​ឯករាជ្យ និង​អធិបតេយ្យ​របស់​ប្រទេសជាតិ​»​។​

​លោក ប្រាក់ សុខុន ក៏បាន​ថ្លែង​ឲ្យ​ដឹង​អំពី​បំណង​របស់លោក ដែល​ចង់​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​រ​វាង​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជាមួយ​វិទ្យាស្ថាន​ការទូត​របស់​ចិន​ផងដែរ​។​

​នៅ​ក្រសួងបរិស្ថាន នា​ព្រឹក​ថ្ងៃ​ពុធ​នេះ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក​សាយ សំ​អាល់ និង​លោក Zhao Yingmin អនុរដ្ឋមន្ត្រី​នៃ​ក្រសួង​អេកូឡូស៊ី និង​បរិស្ថាន​របស់​រដ្ឋាភិបាល​ចិន បាន​ធ្វើជា​អធិបតី​នៃ​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​ចំនួន​បី ដែល​ផ្តោតលើ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ​កម្ពុជា ចិន និង​គម្រោង​ឧបត្ថម្ភ​ម៉ាស៊ីន​សម្អាត​ទឹក​កខ្វក់​។ មន្ត្រីជាន់ខ្ពស់​របស់​ប្រទេស​ទាំងពីរ​ក៏បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ «​ការិយាល័យ​រៀបចំ​បង្កើត​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​បរិ​ស្ថាន​កម្ពុជា​-​ចិន​»​។​

​ក្រោយ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​នោះ លោក Zhao Yingmin បាន​ថ្លែងថា ប្រទេស​ចិន​បានទទួល​សមិទ្ធផល​មួយចំនួន​ក្នុង​សកម្មភាព​ថែទាំ​ង​ប្រព័ន្ធ​អេកូឡូស៊ី និង​ការរកឃើញ​បច្ចេកទេស​ល្អ​សម្រាប់​បម្រើ​ដល់​វិស័យ​បរិស្ថាន​។ ជាមួយ​សមិទ្ធផល​ទាំងនេះ លោក Yingmin មានបំណង​ចែករំលែក​ឲ្យ​កម្ពុជា​នូវ​បទពិសោធន៍​មួយចំនួន ដែល​បានធ្វើ​នៅ​ប្រទេស​ចិន ខាង​បញ្ហា​បរិស្ថាន​នេះ​។ លោក​បាន​ថ្លែង​ដោយមាន​អ្នកបកប្រែ​ជា​ភាសា​ខ្មែរ​ថា​៖

«​នៅក្នុង​កិច្ច​គាំពារ​បរិស្ថាន ប្រព័ន្ធ​អេកូឡូស៊ី ជាក់ស្តែង​ក្នុងប្រទេស​ចិន កន្លងមក ខ្ញុំ​ទទួលបាន​នូវ​សមិទ្ធផល​មួយចំនួន ក៏​ដូច​មាននូវ​បទពិសោធន៍​ល្អៗ​ខ្លះ​ក៏ដូចជា​បច្ចេកទេស​ល្អៗ​មួយចំនួន ហេតុដូច្នេះ ខ្ញុំ​មាន​គោលបំណង និង​ឆន្ទៈ ដើម្បី​ធ្វើការ​ចែករំលែក​នូវ​បទពិសោធន៍ ក៏ដូចជា​បច្ចេកទេស​ទាំង​អស់នេះ ជូន​ដល់​ប្រទេស​កម្ពុជា នៅក្នុង​កិច្ចសហប្រតិបត្តិការ​ទ្វេរ​ភាគី​»​។​

​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ថ្លែងថា ឯកសារ​អនុស្សរណៈ​យោគយល់​ដែល​ភាគី​កម្ពុជា និង​ចិន​បាន​ព្រមព្រៀង​នោះ បាន​ឆ្លើយតប​ទៅនឹង​ឆន្ទៈ​របស់​ក្រសួងបរិស្ថាន​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នៃ​កិច្ច​គាំពារ​បរិស្ថាន​នៅក្នុង​ប្រទេស​។​

​លោក​មានប្រសាសន៍ថា ការិយាល័យ​រៀបចំ​បង្កើត​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​បរិ​ស្ថាន​កម្ពុជា​-​ចិន ដែល​ទើបត្រូវ​បានដាក់​ឲ្យ​សម្ពោធ​ថ្មីៗ​នេះ នឹង​ក្លាយជា «​ច្រកចេញចូល​តែមួយ​» សម្រាប់​ការប្រាស្រ័យ​ទាក់ទង​រវាង​ភាគី​ចិន និង​កម្ពុជា ដើម្បី​សហការ និង​ធ្វើការ​ជាមួយគ្នា​លើ​វិស័យ​បរិស្ថាន​នេះ​។​

«​ច្រកចេញចូល​តែមួយ​នេះ​បានសេចក្តីថា យើងខ្ញុំ​នៅមាន​លទ្ធភាព​ជម្រាប​ជូនទៅ​ប្រទេស​ចិន ក៏ដូចជា​ខាង​ភាគី​ចិន អាច​ជម្រាបជូន​មក​យើងខ្ញុំ ហើយ​យើង​រក​អ្វីមួយ ដែលជា​ចំណុចកណ្តាល​សម្រាប់​យើង​ទាំងពីរ​ធ្វើការ​»​។​

​លោក​មាស នី អ្នកសិក្សា​ស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម​ថ្លែងថា  ឥទ្ធិពល​ចិន​ទាំង​ក្នុង​វិស័យសេដ្ឋកិច្ច និង​យោធា កាន់តែ​រីកធំឡើង​នៅ​កម្ពុជា ខណៈដែល​ប្រទេស​នេះ​ក៏​កំពុង​ងាក​ទៅ​ពឹងផ្អែក​ខ្លាំង​មកលើ​ការជួយ​ទំនុកបម្រុង​របស់​ចិន​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​វិនិយោគ​ចិន ហើយ​បាន​ឃ្លាតឆ្ងាយ​ពី​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ ក្នុងនោះ​មាន​សហរដ្ឋអាមេរិក​។ លោក​បន្តថា ការពឹង​ផ្អែកលើ​ប្រភព​ជំនួយ​លុយកាក់​ចិន​ខ្លាំង​បែបនេះ មិនមែនជា​ជម្រើស​ល្អ​នោះឡើយ​។​

«​ជួនកាល​ការជួយ​វិស័យសេដ្ឋកិច្ច ប៉ុន្តែ​មិនបាន​គិតគូរ​អំពី​ផលប៉ះពាល់​ទៅលើ​សង្គម​ផ្សេងៗ ក៏​វា​អាចធ្វើ​ឲ្យ​ទំនាក់ទំនង​បានក្លាយ​ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិបត្តិ​សង្គម​នៅក្នុង​ប្រទេស​ខ្មែរ​យើង​ផងដែរ បាទ​។ យើង​ឃើញស្រាប់​ហើយ​ថា ពីមុនមក តាមរយៈ​ការវិនិយោគទុន​របស់​ចិន​នៅក្នុង​តំបន់​ខ្លះ គឺ​មិនបាន​ធ្វើការ​ពិភាក្សា​ឲ្យ​បាន​ល្អិតល្អន់​ជាមួយ​ពលរដ្ឋ​មូលដ្ឋាន​ទេ អីចឹង​វា​ធ្វើ​ឲ្យ​ពលរដ្ឋ​មូលដ្ឋាន​ខ្លះ​ចាប់ផ្តើម​មិន​សប្បាយចិត្ត​ជាមួយនឹង​ការវិនិយោគទុន​របស់​ចិន ហើយ​ផលប៉ះពាល់​ផ្នែក​ប្រជាប្រិយភាព​ត្រូវ​ធ្លាក់​ទៅ​រដ្ឋាភិបាល ដែល​យើង​ឃើញស្រាប់ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកហើយ បាទ​»​។​

​លោក មាស នី បានលើកឡើង​បន្តថា ចិន​មិន​ត្រឹមតែ​បាន​ពង្រីក​ឥទ្ធិពល​ខ្លួន​នៅ​កម្ពុជា​នោះទេ តែ​ប្រទេស​នេះ​ក៏​ថែមទាំង​កំពុង​ធើ្វ​ការ​វាតទី ដោយ​ការពង្រីក​ឥទ្ធិពល​ខាង​សេដ្ឋកិច្ច​ខ្លួន​នៅ​ប្រទេស​ផ្សេងទៀត​ផងដែរ ដែល​បានធ្វើ​ឲ្យ​ប្រទេស​ខ្លះ​ផ្ទុះ​ការតវ៉ា ដូចជា​វៀតណាម​ជាដើម​។​

«​សូម្បីតែ​វៀតណាម ក្នុង​រយៈពេល​ប៉ុន្មាន​អាទិត្យ​មុននេះ ក៏​យើង​ឃើញ​មានការ​បះបោរ​តវ៉ា​រប​ស់​ពលរដ្ឋ​វៀតណាម​ប្រឆាំង​ជាមួយនឹង​ការវិនិយោគទុន​របស់​ចិន​នៅក្នុង​ប្រទេស​វៀតណាម​ដែរ បាទ​។ អីចឹង​វា​ជា​ចរន្ត​ពិភពលោក​មួយ​ដែល​ចិន​បាន​បន្ត​វាតទី​នូវ​ឥទ្ធិពល​របស់ខ្លួន​ហ្នឹង​ទៅលើ​ស្ទើរតែ​ប្រទេស​សំខាន់ៗ​ក្នុង​ពិភពលោក​ហ្នឹង រួមទាំង​ប្រទេស​អ្នកមាន​ផង សូម្បីតែ​អូស្ត្រាលី​ក៏មាន​ពលរដ្ឋ​ចិន​ហ្នឹង​បាន​ទៅ​ដាក់ទុន​រកស៊ី​អី​នៅ​ខាង​នោះ​ច្រើន​ដែរ បាទ​»​។​

​អ្នកសិក្សា​ស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម​រូបនេះ​បាន​ព្រមាន​ថា ប្រទេសមួយ​មិនអាច​ពឹងផ្អែក​ខ្លាំង​ហួសហេតុ​ទៅលើ​ប្រទេសមួយ​ផ្សេងទៀត​នោះទេ ពោលគឺ​បើ​កម្ពុជា​ពឹង​ចិន​ខ្លាំង ហើយ​នៅពេល​ចិន​ប្រឈម​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​ជាយថាហេតុ​ណាមួយ​នោះ គឺ​កម្ពុជា​នឹងរង​ផលវិបាក​មុនគេ​។ លោក​ថ្លែង​បន្ថែមថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​ជាការ​ព្រួយបារម្ភ​មួយ​ដល់​ប្រទេស​ដែល​ពឹង​ផ្អែកលើ​ចិន ព្រោះថា មាន​សេចក្តីរាយការណ៍​មក​ថា ចិន​បានចាប់ផ្តើម​បង្អង់​ល្បឿន​ការវិនិយោគ​ធំៗ​របស់ខ្លួន ដោយ​ប្រទេស​កុម្មុយនីស្ត​នេះ​មានការ​បារម្ភ​ពី​បញ្ហា​ហិរញ្ញវត្ថុ​ផ្សេងៗ ដោយសារ​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​នោះ​។​

​នៅមុន​ដំណើរ​ទស្សនកិច្ច​របស់​ក្រុមមន្ត្រី​ទ​ទូល​បន្ទុក​ការទូត និង​បរិស្ថាន​របស់​ចិន​នេះ លោក Wei Fenghe រដ្ឋមន្ត្រី​ការពារជាតិ​របស់​ប្រទេស​ចិន​ក៏​បានមក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា​កាលពី​ខែមិថុនា​កន្លងទៅនេះ​។ លោក Fenghe​បាន​សន្យា​ផ្តល់​ថវិកា​ប្រមាណ​ជាង​១០០​លាន​ដុល្លារ​អាមេរិក ដើម្បី​ប្រើប្រាស់​ក្នុង​វិស័យ​យោធា​របស់​កម្ពុជា និង​បានបញ្ជាក់​ពី​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​កម្ពុជា និង​ចិន​ផងដែរ​។​

​ប្រទេស​កម្ពុជា​គ្រោង​នឹង​រៀបចំ​ការបោះឆ្នោត​សភា​សម្រាប់​អាណត្តិ​ទី​ប្រាំមួយ​នៅ​ថ្ងៃ​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ ប្រទេស​ដែល​ដើរ​តាម​គោលការណ៍​ប្រជាធិបតេយ្យ មានដូចជា​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​បានប្រកាស​ដក​ការគាំទ្រ​របស់​ពួកគេ​ពី​ដំណើរ​ការរៀបចំ​បោះឆ្នោត​នេះ ក្រោយ​ការចាប់ខ្លួន​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការរំលាយ​គណបក្សប្រឆាំង​នេះ កាលពី​ឆ្នាំមុន​។ មកដល់ពេលនេះ មាន​ប្រទេស​ប្រជាធិបតេយ្យ​អាស៊ី​មួយ​គឺ​ជប៉ុន​នៅ​បន្ត​ការគាំទ្រ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.)​។ ចំណែក​ប្រទេស​ចិន តែងតែ​បង្ហាញ​ការគាំទ្រ​ជានិច្ច​ដល់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​នេះ​ក្នុងការ​ថែរក្សា​សន្តិភាព សន្តិសុខ និង​ភាព​រីកចម្រើន​នៅ​កម្ពុជា​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com