អន្តរជាតិ
ប្រធានាធិបតី​ហៃ​ទី​បាន​លុបចោល​ការសម្រេចចិត្តរ​បស់​រដ្ឋបាល​លោក​ដែល​ចង់​ដំឡើងថ្លៃ​សាំង​
09, Jul 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​លោក Jovenel Moïse ប្រធានាធិបតី ហៃ​ទី បាន​លុបចោល​ការសម្រេចចិត្តរ​បស់​រដ្ឋបាល​លោក​ក្នុងការ​ដំឡើងថ្លៃ​សាំង​ចំនួន​៤៩% នៅពេល​មាន​បាតុកម្មហិង្សា​ដែល​បានធ្វើឱ្យ​មនុស្ស​ស្លាប់​យ៉ាងហោចណាស់​៣​នាក់​កាលពី​ថ្ងៃ​សៅរ៍​។



​លោក Moïse បានប្រកាស​នៅក្នុង​សុន្ទរកថា កាលពី​ថ្ងៃ​សៅរ៍​ថា​៖ «​តម្លៃ​សាំង​នឹង​ត្រឡប់​ទៅ​តម្លៃ​ដូច​ពីមុន​នៅ​ទូទាំងប្រទេស​»​។​

​លោក​ប្រធានាធិបតី​ក៏បាន​អំពាវនាវ​ឱ្យមាន​ភាពស្ងប់ស្ងាត់ និង​បាន​សុំឱ្យ​ក្រុមអ្នកតវ៉ា​បើកផ្លូវ​និង​អនុញ្ញាតឱ្យ​ប៉ូលិស​រៀបចំ​សណ្តាប់ធ្នាប់​ឡើងវិញ​។ ប៉ុន្មាន​ម៉ោង​មុននេះ ក្រុមអ្នកតវ៉ា​បាន​ដុត​សំបក​កង់ឡាន​នៅតាម​ដងផ្លូវ​នៃ​ទីក្រុង Port-au-Prince និង​នៅ​តំបន់ Petionville ដែល​នៅ​ជាយក្រុង ហើយ​បាន​លួច​របស់របរ​ក្នុង​ហាង​នានា ដុត​ឡាន​នៅមុខ​សណ្ឋាគារ​ប្រណីត ហើយ​គំរាម​ដុត​អគារ​សភា​។ សន្តិសុខ​ម្នា​ក់នៅ​អគារ​សភា​បាន​ចែករំលែក​វីដេអូ​ឲ្យ VOA ដែល​បង្ហាញ​ផ្សែងខ្មៅ​ងងឹត​ចេញពី​សំបក​កង់ឡាន​ឆេះ​នៅ​ពីមុខ​អគារ​មួយ និង​ឮ​សំឡេង​បាញ់កាំភ្លើង​ជាច្រើន​គ្រាប់​។

​មុនពេល លោក Moïse ដក​ការសម្រេច​របស់លោក​ម​ក​វិញ​នោះ តម្លៃ​សាំង​ឡើងដល់​៤​ដុល្លារ​៧៥​សែន​ក្នុង​មួយ gallon គឺ​ច្រើនជាង​ពីរដង​ប្រាក់ចំណូល​ប្រចាំថ្ងៃ​របស់​ប្រជាជន​ហៃ​ទី​។ លោក  Kange Makenson ជា​ជនជាតិ​ហៃ​ទី​ដែល​កំពុងធ្វើការ​តវ៉ា​នៅ​ទីក្រុង Port-au-Prince  បាន​ប្រាប់ VOA ថា ប្រជាពលរដ្ឋ​មិនអាច​មានលទ្ធភាព​ចំណាយ​លើ​របស់​ចាំបាច់​ទេ ហើយ​ការដំឡើងថ្លៃ​នេះ​នឹង​ធ្វើឱ្យ​ជីវិត​កាន់តែ​លំបាក​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com