អន្តរជាតិ
អ៊ូ​ហ្ក​ង់​ដា​ផ្តល់​ការការពារ​សន្តិសុខ​ពិសេស​ដល់​សមាជិកសភា តែ​អ្នក​រិះគន់ថា​ខ្ជះខ្ជាយ​លុយ​រដ្ឋ​ច្រើន
13, Jul 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សមាជិកសភា​អ៊ូ​ហ្ក​ង់​ដា​នឹង​ទទួលបាន​ការពារ​សន្តិ​សុខ​ពិសេស​បំផុត​មួយ​ដោយមាន​ក្បួន​ឡាន និង​កងកម្លាំង​បាញ់​ស៊ី​ប​អមដំណើរ​ផងដែរ​។ ការសម្រេច​ផ្តល់​ការ​ការ​សន្តិសុខ​ពិសេស​នេះ​ធ្វើឡើង​ក្រោយ​ពេលដែល​សមាជិកសភា​ម្នាក់​ត្រូវបាន​គេ​បាញ់សម្លាប់​។ ប៉ុន្តែ​វិធានការ​នេះ​រង​ការរិះគន់​ខ្លាំង​ដែរ​ព្រោះ​វា​នឹងត្រូវ​ចំណាយ​អស់​ច្រើន​។

 

​បើ​គ្មានអ្វី​ប្រែប្រួល​ទេ សមាជិកសភា​អ៊ូ​ហ្ក​ង់​ដា​នឹងមាន​បុព្វសិទ្ធិ​ពិសេស​ដោយ​ទទួលបាន​អមដំណើរ​ដោយ​ក្បួន​ការពារ​ពិសេស​រួមមាន​ទាំង​ក្រុម Sniper​ផង​ពេលធ្វើ​ដំណើរ​ឬ​ចុះ​បំពេញការងារ​។

​ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា ប្រធានាធិបតី​អ៊ូ​ហ្ក​ង់​ដា​លោក Yoweri Museveni បានចេញ​បញ្ជា​ឲ្យ​ស្ថាប័ន​យោធា​រៀបចំ​ពង្រាយ​ក្បួន​ការពារ​ពិសេស​មាន​ទាំង​ក្រុម​បាញ់​ស៊ី​ប ឬ​Sniper និង​រថយន្តយោធា​មាន​កម្លាំងប្រដាប់អាវុធ​ផង​នោះ​ទៅ​អមដំណើរ​សមាជិកសភា​ដែលជា​មុខសញ្ញា​នៃ​ការវាយប្រហារ​នោះ​។​

​ការចេញ​បទបញ្ជា​របស់​ប្រធានាធិបតី​នេះ​ធ្វើឡើង​ដើម្បី​ឆ្លើយតប​នឹង​ការបាញ់សម្លាប់​សមាជិក​សភា​បក្ស​កាន់អំណាច​លោក Ibrahim Abiriga និង​ការបន្ត​កើនឡើង​នៃ​ករណី​ឃាតកម្ម​មន្ត្រីជាន់ខ្ពស់​ផ្សេងទៀត​ក្នុងប្រទេស​ក្នុងពេល​ប៉ុ​ន្មា​ឆ្នាំ​ចុងក្រោយ​នេះ​។

​យ៉ាងណាមិញ​ការរៀបចំ​ការពារ​សន្តិ​សុខ​កម្រិត​ខ្ពស់​នេះ​មិនទាន់​ត្រូវបាន​គេ​កំណត់​និង​វាយតម្លៃ​នៅឡើយ​ទេ​ថា វា​នឹងត្រូវ​ចំណាយ​អស់​ប៉ុន្មាន​នោះ​។ ប៉ុន្តែ​ខាង​សាធារណៈជន​ចាប់ផ្តើម​ប្រតិកម្ម​និង​រិះគន់​រួចទៅហើយ​។

​ក្រុម​សង្គម​ស៊ីវិល​អ៊ូ​ហ្ក​ង់​ដា​បាន​អះអាងថា បទបញ្ជា​ថ្មី​នេះ​នឹងធ្វើ​ឲ្យ​រដ្ឋ​មាន​បន្ទុក​កាន់តែ​ធ្ងន់​ថែមទៀត ហើយ​លុយ​ទាំងនោះ​ត្រូវ​ចំណាយ​លើ​តែ​មនុស្ស​មានអំណាច​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​។ ក្រុម​សង្គម​ស៊ីវិល​តស៊ូ​មតិ​រឿង​ថវិកាជាតិ (CSBAG) បាន​វាយតម្លៃថា ការចំណាយ​របស់​រដ្ឋ​នឹង​កើន​ដល់​រាប់សែន​ដុល្លារ បើសិនជា​ការផ្តល់​បុព្វសិទ្ធិ និង​ការការពារ​សន្តិសុខ​ពិសេស​នេះ​ផ្តល់​ឲ្យ​សមាជិក​ទាំង ៤៥៦​នាក់​នៅក្នុង​ប្រទេស​ទាំង​មូល​នោះ​។​

ក្រោយ​មានមតិ​រិះគន់ អ្នកនាំពាក្យ​សភា​អ៊ូ​ហ្ក​ង់​ដា​បាន​ចេញមុខ​បកស្រាយ​ប្រាប់​អ្នកកាសែត​វិញ​ថា មានតែ​សមាជិកសភា​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ប៉ុណ្ណោះ​ដែល​ទទួលបាន​បុព្វសិទ្ធិ​ពិសេស​នេះ​។ ប៉ុន្តែ​គេ​មិនបាន​បកស្រាយ​ច្រើន​ថា ក្នុងចំណោម​នោះ​មាន​សមាជិក​ប៉ុន្មាន​ប៉ុន្មាន​នាក់ ឬ​គេ​អាច​ដឹង​ដោយ​របៀប​ណា​នោះឡើយ​។ គេ​គ្រាន់តែ​ដឹងថា បច្ចុប្បន្ន​សមាជិកសភា​ដែល​គិតថា​ខ្លួន​ប្រឈម​គ្រោះថ្នាក់​អាច​ចុះឈ្មោះ​ទទួលបាន​ការរក្សា​សុវត្ថិភាព​នេះដែរ​៕


Tag:
 អ៊ូង​ហ្ក​ង់​ដា​
  សន្តិសុខ
© រក្សាសិទ្ធិដោយ thmeythmey.com