ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគសប្តាហ៍ទី១៥ នៅថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១៨ មានការប្រកួតចំនួនពីរគូ ដែលធ្វើនៅទីលានផ្សេងៗគ្នា។ ក្រុមបាតតារាងវេស្ទើនភ្នំពេញបើកទ្វារកីឡដ្ឋានរបស់ខ្លួន ស្វាគមន៍ក្រុមភ្ញៀវក្រសួងការពារជាតិ មុនអគ្គស្នងការនគរបាលជាតិ(ប៉ូលិស) តទល់ជាមួយអគ្គិសនីកម្ពុជានៅពហុកីឡដ្ឋានជាតិ។ សម្រាប់ជំនួបកាលពីថ្ងៃសៅរ៍ បឹងកេតបន្តរក្សាកំណត់ត្រាមិនស្គាល់ចាញ់ ខណៈវិសាខា សងសឹកវេស្ទើនភ្នំពេញបានសម្រេច រីឯព្រះខ័នរាជស្វាយរៀងបានត្រឹមស្មើអង្គរថាយហ្គឺរ។
វេស្ទើនភ្នំពេញប៉ះក្រសួងការពារជាតិម៉ោង៣រសៀលនៅកីឡដ្ឋានវេស្ទើន
វេស្ទើនភ្នំពេញជាក្រុមដុនដាបជាងគេនៅឆ្នាំនេះ នាការប្រកួត១៤លើកកន្លងមកក្រុមនេះ មិនដែលស្គាល់ជ័យជម្នះ ឬស្មើសូម្បី១លើក ពោលគឺចាញ់ទាំងអស់។ ក្នុងចំណោមបរាជ័យទាំងអស់ វេស្ទើនភ្នំពេញរងភាពជូរខ្លាំងជាងគេក្នុងជួបជាមួយណាហ្គាវើល ដោយចាញ់ក្នុងលទ្ធផល ១០-០។ វេស្ទើនភ្នំពេញស្ថិតនៅបាតតារាងមានសូន្យពិន្ទុ។ ចំណែកក្រសួងការពារជាតិ ស្ថិតនៅលេខរៀងទី៤ក្នុងតារាងមាន៣០ពិន្ទុ។ ទ័ពអាចនិយាយបានថា ជាក្រុមកំពុងឡើងជើង ដែលឈ្នះ៧ប្រកួតជាប់គ្នា នាជំនួបចុងក្រោយនេះ។ កាលពីសប្តាហ៍មុន ក្រុមនេះយកឈ្នះអាស៊ីអឺរ៉ុបក្នុងលទ្ធផល ៣-១។ នាជំនួបជើងទី១ ទ័ពយកឈ្នះវេស្ទើន ៨-០។
ប៉ូលិសជួបអគ្គិសនីកម្ពុជាម៉ោង៦ល្ងាចនៅពហុកីឡដ្ឋានជាតិ
អគ្គស្នងការនគរបាលជាតិ ស្ថិតនៅលេខ៧ក្នុងតារាងមាន២០ពិន្ទុ ក្រោយឈ្នះ៦ ចាញ់៦ និងស្មើ២។ សម្រាប់៥ប្រកួតកន្លងមក ប៉ូលិសឈ្នះ២ និងចាញ់៣។ កាលពីសប្តាហ៍មុនក្រុមនេះ ចាញ់ក្រុមកំពូលតារាងបឹងកេតក្នុងលទ្ធផល ១-០។ រីឯអគ្គិសនីកម្ពុជាមិនទាន់គេចផុតពីតំបន់គ្រោះថ្នាក់នោះទេ ដោយស្ថិតនៅលេខ១១ក្នុងតារាងមាន៥ពិន្ទុក្នុងដៃ។ នា៥ប្រកួតកម្លងមក ក្រុមនេះស្មើ១លើក និងចាញ់៤លើក។ សប្តាហ៍មុនក្រុមប្រើប្រាស់កីឡាករកម្ពុជាសុទ្ធមួយនេះ ចាញ់ព្រះខ័នរាជស្វាយរៀង ៤-២។ ការប្រកួតជើងទី១ អគ្គស្នងការនគរបាលជាតិយកឈ្នះអគ្គិសនីកម្ពុជាក្នុងលទ្ធផល ៤-១។
សម្រាប់ការប្រកួតកាលពីថ្ងៃសៅរ៍ទី២១ ខែកក្កដា ឆ្នាំ២០១៨ បឹងកេត ដែលប្រើប្រាស់ពហុកីឡដ្ឋានជាតិ ជាមូលដ្ឋានបណ្តោះអាសន្នបានយកឈ្នះសូលទីឡូអង្គរក្នុងលទ្ធផល ២-១។ គ្រាប់បាល់របស់បឹងកេត រួមចំណែកម្នាក់១គ្រាប់ពីកីឡាករ Julius និងខ្សែប្រយុទ្ធប្រេស៊ីល Maycon ខណៈកីឡាករ Debiro Dzarma Bata សម្រេចគ្រាប់បាល់ឲ្យសូលទីឡូអង្គរ។
ជ័យជម្នះនេះមិនត្រឹមតែជួយឲ្យបឹងកេតបន្តឈរកំពូលតារាងប៉ុណ្ណោះទេ ថែមទាំងជួយក្រុមការពារតំណែងជើងឯកមួយនេះអាចរក្សាកំណត់ត្រាមិនស្គាល់ចាញ់ថែមទៀតផង។ បច្ចុប្បន្នបឹងកេតឈរកំពូលតារាងមាន៣៩ពិន្ទុ ក្រោយឈ្នះ១២ និងស្មើ៣។
ចំណែកក្រុមវិសាខា ជម្រះបញ្ជីចាស់ជាមួយអាស៊ីអឺរ៉ុបបានសម្រេច បន្ទាប់ពីពួកគេយកឈ្នះអាស៊ីអឺរ៉ុប ដែលយកឈ្នះខ្លួន ២-០ ក្នុងជើងទី១ក្នុងលទ្ធផល ៤-២ នាជំនួបនៅកីឡដ្ឋានអាស៊ីអឺរ៉ុប។ ជ័យជម្នះនេះ បានជួយឲ្យក្រុមដែលទើបធ្លាក់ចេញពីពានរង្វាន់សម្តេច ហ៊ុន សែន ត្រឹមវគ្គ១៦ក្រុមចុងក្រោយមួយនេះ បន្តឈរលេខ២ក្នុងតារាងមាន៣៥ពិន្ទុ។ គ្រាប់បាល់របស់វិសាខារកបានម្នាក់១គ្រាប់ ដោយកីឡាករកូរ៉េខាងជើង Kim Kyong Hun, Ri Hyok Chol, កែវ សុខផេង និង ម៉ាត់ សាក់រវី។ រីឯគ្រាប់បាល់អាស៊ីអឺរ៉ុបរកបានដោយកីឡាករ George Kelechi Stanley និង Befolo Mbarga Jean Privat។
សម្រាប់ការប្រកួតនៅកីឡដ្ឋានខេត្តសៀមរាប ក្រុមព្រះខ័នរាជស្វាយរៀងមិនអាចជម្រះបញ្ជីចាស់របស់ខ្លួននោះទេ ដោយរក្សាលទ្ធផលស្មើ ១-១ ជាមួយក្រុមអង្គរថាយហ្គឺរ ដែលយកឈ្នះពួកគេ ៣-១ ក្នុងជើងទី១។ កីឡាករ តាំង សុភ័ក្ត្រ បានរកគ្រាប់បាល់នាំមុខ ១-០ សម្រាប់ម្ចាស់ផ្ទះអង្គរថាយហ្គឺរនៅនាទីទី១៩ បន្ទាប់មកនៅនាទី៦០កីឡាករ Sergio Barboza Da Silva Junior សម្រេចគ្រាប់បាល់តាមស្មើ ១-១ សម្រាប់ភ្ញៀវព្រះខ័នរាជស្វាយរៀង។ លទ្ធផលនេះ ជួយឲ្យព្រះខ័នរាជស្វាយរៀងឡើងឈរលេខ៥មាន២១ពិន្ទុ ខណៈអង្គរថាយហ្គឺរបន្តឈរលេខ១០មាន១៣ពិន្ទុ៕