អន្តរជាតិ
យក​បន្ទប់​គេង​របស់ខ្លួន​ជា​របរ​រកស៊ី ស្ថាបនិក Airbnb ក្លាយជា​មហាសេដ្ឋី​ពាន់​លាន​
22, Jul 2018 , 2:59 pm        
រូបភាព
ដោយ: ថ្មីៗ
មួយ​ទស្សវត្សរ៍​កន្លងទៅ មិត្ត​រួម​បន្ទប់​ពីរ​នាក់​នៅ​ទីក្រុង San Francisco បាន​ឆ្លៀត​រកលុយ តាមរយៈ​ការ​ប្រែក្លាយ​បន្ទប់​អា​ផាត​មិន​របស់ខ្លួន​ទៅជា​បន្ទប់​ស្នាក់នៅ​១​យប់​សម្រាប់​ភ្ញៀវ ខណៈពេល​មានការ​រៀបចំ​ព្រឹត្តិការណ៍​សន្និសីទ​មួយ​នៅ​ទីនោះ ដែល​សណ្ឋាគារ​មាន​ភ្ញៀវ​ពេញ​អស់​ទៅហើយ​។​



​គំនិត​ដ៏​ឆ្លៀ​សវៃ​នៅពេលនោះ បាន​ឈានដល់​ទៅ​ការបង្កើត​ក្រុមហ៊ុន Airbnb ដែល​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​មាន​ទឹកប្រាក់​ច្រើនជាង ៣០​ពាន់​លាន​ដុល្លារ ដែល​ធ្វើ​ប្រតិបត្តិការ​លើ​សេវាកម្ម​ស្នាក់នៅ​រាប់លាន​ទីតាំង ក្នុងប្រទេស​ច្រើនជាង ១៩០​ប្រទេស រាប់​ចាប់ពី​អា​ផាត​មិន វីឡា ដល់​អគារ​ធំៗ និង​ផ្ទះ​លើ​មែកឈើ​។​

​ខាងក្រោម​នេះ​ជា​រឿង​សំខាន់ៗ​របស់​ក្រុមហ៊ុន​អាជីវកម្ម​អន​ឡាញ​មួយ​នេះ ដែល​បាន​គំរាមកំហែង​ដល់​ឧស្សាហកម្ម​សណ្ឋាគារ​។​

​ការចាប់ផ្ដើម​ដ៏​សាមញ្ញ​៖

-​ចុងឆ្នាំ​២០០៧ ខណៈ​បន្ទប់​សណ្ឋាគារ​កក់​ពេញ​អស់​ទៅហើយ ដោយសារ​សន្និសីត​មួយ​នៅ San Francisco លោក Brian Chesky និង​លោក Joe Gebbia បាន​ឆ្លៀត​រកលុយ​បន្ថែម ដើម្បី​សម្រាល​បន្ទុក​ប្រាក់​ឈ្នួល​បន្ទប់​ស្នាក់នៅ​របស់ខ្លួន ដោយ​ជួល​ពូក​ខ្យល់  និង​បម្រើ​អាហារ​ពេលព្រឹក (bed and breakfast) ដល់​ភ្ញៀវ​។​

-​នៅ​ឆ្នាំ​២០០៨ មិត្ត​រួម​បន្ទប់​ម្នាក់ទៀត គឺ​លោក Nathan Blecharczyk បាន​ចូលរួម​ជាមួយ​អ្នក​ទាំងពីរ​នាក់​នេះ ហើយ​បាន​បង្កើត​សេវាកម្ម​ស្នាក់នៅ​ពូក​ខ្យល់ និង​បម្រើ​អាហារ​ពេលព្រឹក (Air Bed and Breakfast) ដោយ​បង្កើត​វេ​ប​សៃ នៅពេលនោះ​។

-​ព្យាយាម​ឲ្យ​អាជីវកម្ម​ខ្លួន​ដំណើរការ ស្ថាបនិក​ទាំង​៣​រូបនេះ បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​មួយ ដោយ​លក់​អាហារ​ប្រអប់​ដាក់ឈ្មោះថា​«Obama-O’s» និង​«Cap’n McCains» ក្នុង​យុទ្ធនា​ការបោះឆ្នោត​នៅ​អាមេរិក​រវាង​លោក អូ​បា​ម៉ា និង​លោក ច​ន ម៉ាក់​ខេន ក្នុងតម្លៃ ៤០​ដុល្លារ​ក្នុង​មួយ​ប្រអប់​។ ពេលនោះ​ហើយ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​របស់​ពួកគេ​មាន​ថវិកា​បន្តដំណើរ​ទៅមុខទៀត និង​ចាប់ផ្ដើម​មានឈ្មោះ​ល្បី​។​

-​ក្រុមហ៊ុន​នេះ បាន​ប្ដូរ​ឈ្មោះ​ទៅជា Airbnb នៅ​ឆ្នាំ​២០០៩ ។ ក្នុងឆ្នាំនេះ​ដែរ Airbnb បានទទួល​ការចូល​ហ៊ុន​ចំនួន ៦០​ម៉ឺន​ដុល្លារ​ពី​ក្រុមហ៊ុន Sequoia Capital បន្ទាប់ពី​វិនិយោគិន​ផ្សេងទៀត​បាន​បដិសេធ​បោះទុន​ជាមួយ​។​

​បញ្ហា​ប្រឈម​៖

-​នៅ​ឆ្នាំ​២០១១ Airbnb ធ្វើ​ប្រិត​ប​តិ្ត​ការ​ក្នុង ៨៩ ប្រទេស និង​បានផ្ដល់​សេវាកម្ម​កក់​បន្ទប់ ដល់​ទៅ​ច្រើនជាង ១​លាន​យប់​។ ក្រុមហ៊ុន​នេះ​បាន​ក្លាយជា​ក្រុមហ៊ុន​ដ៏​ល្បី​មួយ ដែល​កាន់កាប់​ថវិកា​ដល់​ទៅ ១១២​លាន​ដុល្លារ ដែល​ទទួលបាន​ពី​វិ​និ​យោ​គិ​នានា​។

-​នៅ​ឆ្នាំ​២០១២ Airbnb ប្រកាសថា​ការ​ស្នាក់នៅ​ច្រើនជាង ១០​លាន​យប់ ត្រូវបាន​កក់ តាមរយៈ​សេវាកម្ម​របស់ខ្លួន​។​

-​នៅ​ឆ្នាំនេះ​ផងដែរ Airbnb ជួប​បញ្ហា ដែល​អតិថិជន​មួយចំនួន ចាក​ចេញពី​កន្លែង​ស្នាក់នៅ​ដោយ​បន្សល់ទុក​ភាព​រញ៉េរញ៉ៃ ពី​ការរៀបចំ​កម្មវិធី​ជប់លៀង និង​សកម្មភាព​មិនល្អ​ដទៃទៀត​។ ហេតុនេះហើយ ក្រុមហ៊ុន​នេះ​បានដាក់​ចេញ​គោលនយោបាយ​ធានា​សង​ការខូចខាត​ដល់​ម្ចាស់​អចលនទ្រព្យ​។​

-​នៅ​ឆ្នាំ​២០១៦ Airbnb បាន​ប្រមូល​ថវិកា​ម្ដងទៀត ដែល​បានធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ​មានតម្លៃ​ដល់​ទៅ ៣០​ពាន់​លាន​ដុល្លារ​។ ក្នុងឆ្នាំនេះ​ផងដែរ Airbnb បាន​សម្ពោធ​កម្មវិធី Trips ដែលជា​សេវាកម្ម​អាច​ឲ្យ​ភ្ញៀវទេសចរ​កក់​សេវា​ក្នុងស្រុក និង​សេវា ផ្សេងៗ​។​

-Airbnb បាន​ប្រឈម​បញ្ហា ដោយ​អាជ្ញាធរ​បាន​បង្ក្រាប​លើ​ម្ចាស់ផ្ទះ​មួយចំនួន ដែល​បានប្រែក្លាយ​ផ្ទះ​របស់ខ្លួន​ទៅជា​សណ្ឋាគារ​។​

-​ចុងឆ្នាំ​២០១៦ Airbnb បាន​អនុវត្ត​គោលនយោបាយ​ទប់ស្កាត់​ការរើសអើង​ពូជសាសន៍ ពី​សំណាក់​ម្ចាស់ផ្ទះ បន្ទាប់ពី​មានការ​ត្អូញត្អែរ​ពី​អតិថិជន​។​

-​នៅ​ឆ្នាំ​២០១៧ Airbnb បាន​សហការ​ជាមួយ​ក្រុមហ៊ុន Resy ដើម្បី​ផ្ដល់​សេវា​កក់​តុ​ក​ញ៉ាំ​អាហារ​នៅ​ភោជនីយដ្ឋាន​ចំនួន ៧០០ ក្នុង ១៦​ទីក្រុង​នៅ​សហរដ្ឋអាមេរិក​។

-​ក្នុង​ឆ្នាំ​២០១៧ Airbnb ត្រូវបាន​រាយការណ៍​ថា​បាន​ចំណេញ ៩៣​លាន​ដុល្លារ​លើ​ប្រាក់ចំណូល ២,៦​ពាន់​លាន​ដុល្លារ​។

-​ក្នុង​ឆ្នាំ​២០១៨ ដោយសារ​ការវាយប្រហា​រ​ជា​សកល​ចំពោះ​អាជីវកម្ម​អន​ឡាញ ដែល​បាន​រំខាន​ដល់​ឧស្សាហកម្ម​ប្រពៃណី Airbnb ត្រូវបាន​បង្ខំ​ឲ្យ​លុបចោល​ការ​កក់​រាប់ពាន់ ក្នុងប្រទេស​ជប៉ុន ដើម្បី​ឲ្យ​ស្រប​នឹង​ច្បាប់​ថ្មី​៕


© រក្សាសិទ្ធិដោយ thmeythmey.com