ជាតិ
សេដ្ឋកិច្ច
លោក ថោង ខុន ប្ដេជ្ញា​សម្រួល​ឲ្យ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ដើរ​កម្សាន្ត​ក្នុងស្រុក​ច្រើនឡើង​
22, Jul 2018 , 5:59 pm        
រូបភាព
រូបពីក្រសួងទេសចរណ៍
រូបពីក្រសួងទេសចរណ៍
ដោយ:
​ភ្នំពេញ​៖ ក្រៅពី​ការព្យាយាម​ស្រូប​ទាញ​ទេសចរ​អន្តរជាតិ​ឲ្យ​ចូលមក​កម្ពុជា ក្រសួងទេសចរណ៍​នឹង​ដាក់ចេញ​គោលនយោបាយ និង​ជំរុញ​ឲ្យ​មាន​កញ្ចប់​ទេសចរ​ណ៍ត​ម្លៃ​សមរម្យ ដើម្បី​ជំរុញ​ចលនា​ដើរ​កម្សាន្ត​ក្នុងស្រុក​របស់​ពលរដ្ឋ​កម្ពុជា​។



​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន មានប្រសាសន៍ថា ក្រសួង​បានដាក់​ទិសដៅ​ជំរុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក​ឲ្យ​ដល់ ១៩​លាន​នាក់​ត្រឹម​ឆ្នាំ​២០២៥ ដែល​កើន​ពី​ជិត ១១​លាន​នាក់​នៅ​ឆ្នាំ​២០១៧​។ ទេសចរ​ក្នុងស្រុក​មាន​កំណើន​ជា​មធ្យម ៦​ភាគរយ​ក្នុង​មួយឆ្នាំ​។ ហើយ​ដើម្បី​សម្រេច​តាម​ផែនការ​នេះ ក្រសួង​ត្រៀម​ដាក់ចេញ​គោលនយោបាយ​កម្មវិធី​«​កម្ពុជា​មាតុភូមិ​ខ្ញុំ​» ក្រោម​ពាក្យស្លោក​«​ទាំងអស់គ្នា​អាចធ្វើ​ដំណើរ​កម្សាន្ត​បាន​»​។​

​ថ្លែង​ក្នុង​ពិធី​បើក​ពិព័រណ៍​ទេសចរណ៍​ជាតិ​លើក​ទី​១ ដែល​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២០​ដល់​ថ្ងៃទី​២២​ខែកក្កដា លោក ថោង ខុន ឲ្យ​ដឹងថា ក្រសួង​នឹង​ជំរុញ​ឲ្យ​មាន​កញ្ចប់​ទស្សនកិច្ច​ក្នុងស្រុក ដែលមាន​តម្លៃ​ស​ម្យ​រម្យ ដើម្បី​លើកទឹកចិត្ត​ដល់​សិស្ស​និស្សិត គ្រូបង្រៀន មន្ត្រីរាជការ កម្មករ និង​កីឡាករ អាចធ្វើ​ដំណើរ​កម្សាន្ត​យ៉ាងហោចណាស់​មួយដង​ក្នុង​មួយឆ្នាំ​។​

​រដ្ឋមន្ត្រី​ទេសចរណ៍​រូបនេះ អះអាងថា ទេសចរ​ក្នុងស្រុក​មាន​សក្ដានុពល ដោយមាន​លក្ខណៈផ្សេង​ពី​ទេសចរ​បរទេស​។ លោក​បាន​ថ្លែងថា ទេសចរណ៍​ក្នុងស្រុក​មិនសូវ​រង​ផលប៉ះពាល់​ពី​វិបត្តិ​សកល​ផ្សេងៗ​។ ទេសចរណ៍​ក្នុងស្រុក​រួមចំណែក​ដល់​ការអភិវឌ្ឍ​នៅតាម​តំបន់​គោលដៅ​ដើរ​កម្សាន្ត និង​ផ្ដល់​ចំណូល​ដល់​ប្រជា​សហគមន៍​។​

​ហើយ​ការ​បំផុស​ចលនា​ដើរ​កម្សាន្ត​ក្នុងស្រុក​នេះ នឹងធ្វើ​ឲ្យ​គោលដៅ​ទេសចរណ៍​នានា ជ្រួតជ្រាប​ដល់​ពលរដ្ឋ​ខ្មែរ និង​បរទេស​។ លោក ថោង ខុន ថ្លែង​ដូច្នេះ​ថា​៖«​ចលនា​ទេសចរណ៍​ក្នុងស្រុក​ជា​ឧបករណ៍​ធ្វើ​ឲ្យ​តំបន់​ថ្មីៗ មិនសូវ​ល្បី ទទួលបាន​ការចាប់អារម្មណ៍ និង​ដំណើរការ​ទៅមុខ​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​។ ប្រជាពលរដ្ឋ​អាច​ដឹង​ពី​សក្ដានុពល ចេះ​ស្រលាញ់​ទឹកដី​»​។​

​កន្លងមក ចលនា​ទេសចរណ៍​ក្នុងស្រុក​ប្រឈម​បញ្ហា​ខ្លះ ដូចជា កង្វះខាត​ការផ្សព្វផ្សាយ ហើយ​ប្រជាជន​មិនទាន់មាន​ទម្លាប់​ធ្វើដំណើរ​ក្នុងស្រុក​តាមរយៈ​កញ្ចប់​ទស្សនកិច្ច ព្រមទាំង​តម្លៃ​សេវាកម្ម សណ្ឋាគារ ភោ​ជនី​ដ្ឋា​ន និង​មធ្យោបាយ​ដឹកជញ្ជូន​មានតម្លៃ​ថ្លៃ​ជាដើម​។ នេះ​បើតាម​លោក ថោង ខុន ។​

​គួ​បញ្ជាក់ថា ពិព័រណ៍​ទេសចរណ៍​ជាតិ​លើកដំបូង ដែល​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​នេះ មានការ​ដាក់តាំង​បង្ហាញ​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​ប្រមាណ ១៥០​ស្ដង់ មកពី​បណ្ដា​សណ្ឋាគារ​ភោជនីយដ្ឋាន ទីភ្នាក់ងារ​ទេសចរណ៍ ព្រមទាំង​គោលដៅ​ទេសចរណ៍​នានា​៕


Tag:
 ទេសចរណ៍​ក្នុងស្រុក​
© រក្សាសិទ្ធិដោយ thmeythmey.com