អន្តរជាតិ
ស៊ី ជិន​ភីង សន្យា​រឹតចំណង​សេដ្ឋកិច្ច​ជាមួយ​អាហ្វ្រិក​
22, Jul 2018 , 9:59 pm        
រូបភាព
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​ថ្ងៃទី​២១ ខែកក្កដា បានចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​នៅ​ទ្វីបអាហ្វ្រិក​ជា​លើកដំបូង​នៅ​ឆ្នាំ​២០១៨ នេះ បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​អេ​មី​រ៉ាត់​អារ៉ាប់​រួម​។ លោក ស៊ី ជិន​ភីង បាន​ទៅដល់​ទឹកដី​សេ​ណេ​ហ្គា​ល់ និង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយចំនួន​ផង​។ ប្រធានាធិបតី​ចិន​រូបនេះ​ក៏​សន្យា​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ចិន និង​អាហ្វ្រិក​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។



​សេ​ណេ​ហ្គា​ល់ គឺជា​គោលដៅ​ទីមួយ​របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ក្នុង​ដំណើរ​ទស្សនកិច្ច​ប្រទេស​ចំនួន​៤ នៅ​ទ្វីបអាហ្វ្រិក​។ ជា​មេដឹកនាំ​ចិន​ទីមួយ​ធ្វើ​ទស្សនកិច្ច​នៅ​សេ​ណេ​ហ្គា​ល់ លោក ស៊ី ជិន​ភីង ត្រូវបាន​ទទួល​ដោយ​អធិកធ​អមពី​សំណាក់​ប្រធានាធិបតី​សេ​ណេ​ហ្គា​ល់ Macky Sall ក្នុង​ង​រដ្ឋធានី​ដា​កា​នៅ​រសៀល​ថ្ងៃទី​២១ ខែកក្កដា​។

​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី ត្រូវបាន​ចុះហត្ថលេខា​នាឱកាស​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​ចិន ដែល​បាន​សន្យា​រឹតចំណង​មេត្រីភាព​លើ​វិស័យសេដ្ឋកិច្ច​ឲ្យ​កាន់តែ​រឹងមាំ​។ ទោះជា​ព័ត៌មាន​លម្អិត​នៃ​កិច្ចព្រមព្រៀង​នេះ​មិន​ត្រូវបាន​បញ្ចេញ​ក្ដី មេដឹកនាំ​សេ​ណេ​ហ្គា​ល់ Sall និយាយថា មេដឹកនាំ​ទាំងពីរ​បាន​ជជែក​ពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ទំនាក់ទំនង​អាហ្វ្រិក​-​ចិន និង​បញ្ហា​អន្តរជាតិ​នានា​ទៀតផង​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​

​ដោយ​សរសើរ​ចិន​ថា ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាងគេ​នៅ​សម័យ​ប​ច្ចុន្ន​នេះ លោក Sall និយាយទៀតថា ការរីកចម្រើន​របស់​ចិន​តាមផ្លូវ​នៃ​ការអភិវឌ្ឍ គឺជា​សារ​ក្ដីសង្ឃឹម​បង្ហាញថា ការ​មិនទាន់​អភិវឌ្ឍ មិនមែនជា​រឿង​គ្រោះថ្នាក់​ឡើយ ហើយ​សមរ​ភូម​ដើម្បី​ការលូតលាស់​នឹង​ឈ្នះ​ដោយ​កម្លាំង​ប្រយុទ្ធ​មោះមុត​។ នា​សន្និសីទ​សារព័ត៌មាន​ក្រោយ​ជំនួប​ចរចា លោក ស៊ី ក៏​ឆ្លើយ​វិញ​ថា ពេល​លោក​ទៅ​អាហ្វ្រិក លោក​អាច​វាស់​ស្ទង់​ពី​ថាមភាព​អស្ចារ្យ​របស់​អាហ្វ្រិក​។​

​ស្របពេល​ចិន​ក្លាយជា​អ្នកវិនិយោគ​ធំជាងគេ​របស់​អាហ្វ្រិក​នោះ ប្រធានាធិបតី​ចិន​រូបនេះ​សង្ឃឹមថា ទំនាក់ទំនង​រវាង​ក្រុង​ប៉េកាំង និង​អាហ្វ្រិក នឹង​កាន់តែ​ប្រសើរ​ថែមទៀត​។ ក្នុង​របាយការណ៍​កាល​ពី​ឆ្នាំមុន ចិន​គឺជា​អ្នកវិនិយោគ​ពី​បរទេស​ដោយផ្ទាល់​ដ៏​ធំ​មួយ​របស់​អាហ្វ្រិក ដោយមាន​គម្រោង​ចំនួន​២៩៣ ក្នុង​ទំហំ​ទឹកប្រាក់​៦៦.៤​ពាន់​លាន​ដុល្លារ ចាប់តាំងពី​ឆ្នាំ​២០០៥ មក​។

​វត្តមាន​ក្រុមហ៊ុន​វិនិយោគ​ចិន​នៅ​សេ​ណេ​ហ្គា​ល់ គ្រាន់តែ​ផ្នែក​មួយ​នៅ​ទំហំ​ប្រាក់​ដ៏​ច្រើន​របស់​ចិន​នៅ​អាហ្វ្រិក​។ ក្នុង​មួយឆ្នាំៗ ចិន​បាន​ជះ​លុយ​ជាច្រើន​ពាន់​លាន​ដុល្លារ​ទៅកាន់​អាហ្វ្រិក ហើយ​ភាគច្រើន​គឺជា​កម្ចី​មានការ​ប្រាក់​ថោក​។ នៅ​ទ្វីប​មួយ​នេះ ចិន​សម្លឹង​ឃើញ​ធនធាន​រ៉ែ​ដ៏​ច្រើន​មហាសាល​ដើម្បី​បំពេញ​សេចក្ដីត្រូវការ​របស់ខ្លួន​៕


Tag:
 ​ចិន​
  អាហ្វ្រិក​
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com