ចូរ​ពលរដ្ឋ​កុំ​ទាស់​គ្នា គ្រាន់តែ «​រឿង​ទៅ ឬ មិន​ទៅ​»
ជាតិ
បទវិភាគ
បោះឆ្នោត
ចូរ​ពលរដ្ឋ​កុំ​ទាស់​គ្នា គ្រាន់តែ «​រឿង​ទៅ ឬ មិន​ទៅ​»
26, Jul 2018 , 2:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ការបោះឆ្នោត​នីតិកាល​ទី​៦ នឹង​មកដល់​នៅ​ថ្ងៃអាទិត្យ​ទី​២៩ ខែកក្កដា​នេះ​។ «​ទៅ​» ជាការ​ជំរុញ​របស់រ​ដ្ឋា​ភិ​បាល​ចាំផ្ទះ និង​គណបក្សកាន់អំណាច រួមទាំង​គណបក្ស​ទាំង​១៩ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​។ ហើយ «​មិន​ទៅ​» ជាការ​អំពាវនាវ​រប​ស់​អតីត​ក្រុមប្រឆាំង ដែល​មិនបាន​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​។


 
​សារ​របស់​អ្នកនយោបាយ​ទាំងពីរ​ក្រុម ដែល​ម្ខាង ចង់​ឲ្យ​ចេញទៅ​បោះឆ្នោត និង​ម្ខាង ចង់ឲ្យ​ដេក​ផ្ទះ បាន​ជះឥទ្ធិពល​ទៅលើ​ប្រជាពលរដ្ឋ​។ ប្រជាពលរដ្ឋ​ខ្លះ ដែលមាន​និន្នាការ​ផ្ទុយគ្នា កំពុងតែ​ឌឺដង​ដាក់គ្នា​ពី​រឿង​ទៅ ឬ មិន​ទៅនេះ ជាពិសេស​នៅតាម​បណ្តាញ​សង្គម​។

«​អ្នក​ទៅ​» បានចាត់ទុក ការបោះឆ្នោត​ជា​កាតព្វកិច្ច ហើយ​ប្តេជ្ញា​ថា ត្រូវតែ​ប្រើប្រាស់​សិទ្ធិ​របស់ខ្លួន ដោយ​មិនអាច​បោះបង់ចោល​ឡើយ​។ ចំណែក «​អ្នក​គិតថា​មិន​ទៅ​» ក៏មាន​ហេតុផល​របស់គេ​។ «​អ្នក​គិតថា​មិន​ទៅ​» គឺ​ដោយសារតែ​គណបក្ស​ដែល​ពួកគេ​ពេញចិត្ត មិនបាន​ចូលរួម​។ 

​នៅតាម​អង្គការក្រៅរដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន​ខ្លះ ក៏​អា​ចរង​ឥទ្ធិពល​ពី​រឿង​ទៅ​បោះឆ្នោត ឬ​មិន​ទៅ​ដែរ​។ ទំនង​ជាមាន​ប្រធាន​អង្គការ និង​ម្ចាស់​ក្រុមហ៊ុន​ឯកជន​មួយចំនួន បាននិងកំពុង​ជំរុញ ឬ​ដាក់​សម្ពាធ​លើ​មន្ត្រីក្រោមឱវាទ ឬក៏​បុគ្គលិក​របស់ខ្លួន ឲ្យ​សម្រេចចិត្ត​ទៅ​បោះឆ្នោត ឬក៏​ឲ្យ​សម្រេចចិត្ត​មិន​ទៅ​។

​មិន​ថា ទៅ ឬ មិន​ទៅ នោះទេ សុទ្ធតែជា​សិទ្ធិ និង​ការសម្រេចចិត្ត​របស់​ប្រជាពលរដ្ឋ​គ្រប់រូប​។  គ្មាន​អ្នកណាម្នាក់ មាន​សិទ្ធិ ឬ​មានអំណាច អាចមក​បង្ខំ​ប្រជាពលរដ្ឋ ឲ្យ​ទៅ​បោះឆ្នោត ឬ​មិន​ឲ្យ​ទៅ​បោះឆ្នោត បានឡើយ​។ គេ​អាច​ត្រឹមតែ​ពន្យល់​ពី​គុណសម្បត្តិ និង គុណវិបត្តិ នៃ​ការ​ទៅ​បោះឆ្នោត ឬ​មិន​ទៅ​ប៉ុណ្ណោះ​។ 
 
​រដ្ឋ​ធម្ម​នុ​ញ្ញាក​ម្ពុ​ជា និង​ច្បាប់បោះឆ្នោត ពុំបាន​ចាត់ទុក​ការបោះឆ្នោត ថា​ជា​កាតព្វកិច្ច ដែល​ត្រូវតែ​ចូលរួម ដោយ​ខានមិនបាន​នោះទេ​។ ប៉ុន្តែ ច្បាប់បោះឆ្នោត បានចាត់ទុក​ថា​ជា បទល្មើស និង​ត្រូវ​ពិន័យ​ឬ​ដាក់ទោស បើ​អ្នកណាម្នាក់ រារាំង​អ្នកដទៃ មិន​ឲ្យ​ទៅ​បោះឆ្នោត​។ តាមច្បាប់ អ្នកណា​រារាំង​អ្នកដទៃ មិន​ឲ្យ​ទៅ​បោះឆ្នោត អ្នកនោះ​នឹងត្រូវ​ពិន័យ​ពី ៥​លាន​រៀល ទៅ ២០​លាន​រៀល ហើយក៏​អាច​ជាប់ទោស​ព្រហ្មទណ្ឌ​ថែមទៀត​ដែរ​។

​ទោះជា​ទៅ​បោះឆ្នោត ឬ​មិន​ទៅ ប្រជាពលរដ្ឋ មិនគួរ​ស្អប់ មិនគួរ​កើត​ចិត្ត​ថ្នាំងថ្នាក់ និង​មិនគួរ​ប្រកាន់​គ្នា​ឡើយ​។ មានតែ​គោរព​ការសម្រេចចិត្ត​គ្នា​ទៅវិញទៅមក​បែបនេះ​ទេ ទើប​ស្ថាប័ន និង​កន្លែងធ្វើការ រួមទាំង​សង្គម​ទាំងមូល មិន​បែកបាក់​សាមគ្គី ហើយ​មាន​ភាពសុខដុមរមនា ទាំង​ក្នុងអំឡុង​បោះឆ្នោត និង​ក្រោយ​បោះឆ្នោត​៕


Tag:
 បោះឆ្នោត​
  ទស្សនៈ​
© រក្សាសិទ្ធិដោយ thmeythmey.com