ជាតិ
សង្គមជាតិ
ព្រះសង្ឃ​នៅ​កម្ពុជា ចាប់ផ្តើម​ចូល​ព្រះវស្សា នៅថ្ងៃនេះ​
28, Jul 2018 , 8:50 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ថ្ងៃនេះ ជា​ថ្ងៃ​១​រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស. ២៥៦២ ត្រូវ​នឹង​ថ្ងៃ​សៅរ៍ ទី​២៨ ខែកក្កដា ឆ្នាំ​២០១៨ គឺជា​ថ្ងៃ​ដែល​ព្រះសង្ឃ​គ្រប់​វត្ត​អារាម នៅ​ទូទាំងប្រទេស​កម្ពុជា ចាប់ផ្តើម​ចូល​ព្រះវស្សា ដូច​ឆ្នាំមុនៗ​ដែរ​។ តាម​ទម្លាប់​ក្នុង​ព្រះពុទ្ធសាសនា ព្រះសង្ឃ​គ្រប់​វត្ត​អារាម តែងតែ​រៀបចំ​ព្រះកាយ ដើម្បី​ធ្វើ​ពិធី​ចូល​ព្រះវស្សា នៅពេល​រសៀល ក្នុង​ថ្ងៃ​១​រោច ខែ​អាសាធ នេះ​។​


 
​ការចូល​ព្រះវស្សា គឺជា​ព្រះ​វិន័យ ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បញ្ញត្តិ​ឡើង ដើម្បី​ឲ្យ​ព្រះសង្ឃ​សាវ័ក​គ្រប់​អង្គ​ប្រតិបត្តិ​តាម ដែលមាន​រយៈពេល​៣​ខែ ពោលគឺ​ចាប់​ថ្ងៃ​១​រោច ខែអាសាឍ​ដល់ទី​១៥​កើត ខែអស្សុជ​។ ការចូល​ព្រះវស្សា មាន​តាំងពី​ពេលដែល​ព្រះពុទ្ធ​គង់​ជា​ធរមាន​មកម្ល៉េះ​។ 
 
​ការ​បញ្ញត្តិ​ឲ្យ​មានការ​កាន់​ព្រះវស្សា​នេះ គឺ​ព្រះពុទ្ធ​ជា​ម្ចាស់ មាន​ព្រះ​បំណង​ចង់​ឲ្យ​ព្រះសង្ឃ​មាន​ភាពងាយស្រួល​ក្នុង​រដូវវស្សា​រយៈពេល ៣ ខែ​នេះ ដែលជា​រដូវ​ពោរពេញ​ទៅដោយ​ភ្លៀង​ធ្លាក់ ជោគជាំ សម្បូរ​ភក់ជ្រាំ​ច្រើន​។

តាម​ទម្លាប់ ពុទ្ធបរិស័ទ តែងតែ​នាំយក​នូវ​ទេយ្យទាន ដូចជា អង្ករ ទៀន ធូប ប្រេង ស្បង់ ចីវរ សំពត់​សាដក និង​គ្រឿង​សម្ភារ​ដទៃទៀត ទៅ​ប្រគេន​ព្រះសង្ឃ​តាម​វត្ត​អារាម ដើម្បី​ផ្គត់ផ្គង់​ព្រះអង្គ​ក្នុងអំឡុងពេល​នៃ​ការចូល​ព្រះវស្សា​នេះ​។  
 
​របាយការណ៍​ពី​ក្រសួង​ធម្មការ និង​សាសនា បាន​ឲ្យ​ដឹងថា  ប្រទេស​កម្ពុជា​បច្ចុប្បន្ន មាន​ព្រះសង្ឃ​ប្រមាណ​៦​ម៉ឺន​អង្គ និង​មាន​វត្ត​ជិត​៥​ពាន់ នៅ​ទូទាំងប្រទេស​៕

Tag:
 សាសនា
  ចូលវស្សា
© រក្សាសិទ្ធិដោយ thmeythmey.com