អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បើ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​មិនអាច​ដោះស្រាយ​តាម CoC ម៉ាឡេស៊ី​អាចនឹងប្តឹង​ទៅ ICJ
29, Jul 2018 , 3:54 pm        
រូបភាព
ដោយ:
រដ្ឋមន្ត្រី​អាស៊ាន និង​រដ្ឋមន្ត្រី​ចិន គ្រោង​នឹង​ជួបចរចា និង​ពិភាក្សាគ្នា​លើ​ដំណើរការ នៃ​ធ្វើ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ដែល​ហៅ​កាត់​ថា CoC (Code of Conduct) នៅ​សប្តាហ៍​ក្រោយ​នេះហើយ​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី​លោក Saifuddin Abdullah នៅ​ថ្ងៃ​២៥ កក្កដា​កន្លងទៅ​។ 

​នាឱកាស​ថ្លែង​ការពារ​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​ជម្លោះ​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី លោក Saifuddin បាន​ឲ្យ​ដឹងថា ម៉ាឡេស៊ី នឹង​ព្យាយាម​ប្រើប្រាស់​យន្តការ​របស់​អា​ស៊ាន​តាមរយៈ​សេចក្តីថ្លែងការណ៍​ស្តីពី​ភាគី​នៃ​ក្រម​ប្រតិបត្តិ​សមុទ្រ​ខាងត្បូង ហៅថា​កាត់ DoC និង​បន្ត​ការចរចា​ដើម្បី​បង្កើត​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (CoC) ជាមួយនឹង​ចិន​។​
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Strait Times សមាជិកសភា​ម៉ាឡេស៊ី បាន​សួរថា​តើ​ម៉ាឡេស៊ី នឹងដាក់​បណ្តឹង​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​របស់​អង្គការសហប្រជាជាតិ (ICJ)​ដើម្បី​ទាមទារ​កម្មសិទ្ធិ​របស់​ប្រទេស​លើ​តំបន់​កោះ​មួយចំនួន ដែលជា​ផ្នែក​នៃ​សមុទ្រ​ចិន​ខាងត្បូង​ឬក៏​យ៉ាងណា​។​
 
​លោក​រដ្ឋមន្ត្រី បាន​តប​វិញ​ថា ម៉ាឡេស៊ី កំពុងតែ​ពង្រឹង​លើ​មធ្យោបាយ​ដើម្បី​គ្រប់គ្រង​ឥរិយាបថ​របស់​ចិន​នៅក្នុង​តំបន់​មាន​វិវាទ​តាមរយៈ​ការបង្កើត​ឲ្យ​ក្រម​ប្រតិបត្តិ ដែល​ក្រម​នេះដែរ ក៏​នឹងត្រូវ​ដាក់​នៅលើ​តុ​ប្រជុំ​របស់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​ចិន នៅ​សិង្ហ​បុរី​នា​សប្តាហ៍​ក្រោយ​ផងដែរ​។ 
 
​លោក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី ក៏​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ មិនមែន​អះអាងថា CoC នឹង​អាចជួយ​ដោះស្រាយបាន​ទាំងស្រុង​នោះទេ ប៉ុន្តែ​យើង នឹង​ព្យាយាម​ធ្វើ​វា​តាម​នីតិវិធី ហើយ​ប្រសិនបើ ពេល​មាន CoC​ហើយ ចិន​នៅតែ​ឈ្លានពាន យើង​នឹងដាក់​បណ្តឹងទាមទារ​ទៅកាន់ ICJ​។​» នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​។ 

​គួរ​ជម្រាប​ផងដែរ​ថា សមុទ្រ​ចិន​ខាងត្បូង គឺជា​ដែន​ជម្លោះ​អធិបតេយ្យ​មួយ​ដ៏​ស្មុគស្មាញ ដែលមាន​ភាគី​ជា​ពាក់ព័ន្ធ​ជា​សមាជិក​អាស៊ាន​រួមមាន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។ ចិន​បានទាមទារ ស្ទើរតែ​តំបន់​ទាំងស្រុង​នៃ​តំបន់​ជម្លោះ ដែល​ការទាមទារ​នេះ ត្រូវ​ត្រួតស៊ីគ្នា​ជាមួយនឹង​របស់​បណ្តា​ប្រទេស​អាស៊ាន​។ 

​នៅ​ចុង​ឆ្នាំមុន អាស៊ាន និង​ចិន បានសម្រេច​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ក្របខណ្ឌ​នៃ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង និង​ថែមទាំង​បាន​ប្តេជ្ញាចិត្ត​ក្នុងការ​បង្កើត​ក្រម​នេះ​ឲ្យ​ចេញ​ជា​រូបរាង​ផ្លូវការ​ឲ្យ​កាន់តែ​ឆាប់​ផងដែរ​៕ 

Tag:
 ម៉ាឡេស៊ី​
  អាស៊ាន​
  សមុទ្រ​ចិន​ខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com