អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អតីត​មេដឹកនាំ​ផ្តាច់ការ​ស៊ីម​បា​វ៉េ មូ​ហ្កា​បេ​៖ «​ខ្ញុំ​មិន​បោះឆ្នោត​ឲ្យ​បក្ស​កាន់អំណាច​ដែល​ធ្វើបាបខ្ញុំ​ឡើយ​»
30, Jul 2018 , 9:21 am        
រូបភាព
មួយថ្ងៃ​មុន​បោះឆ្នោត​ប្រធានាធិបតី​មកដល់ មេដឹកនាំ​ផ្តាច់​ការដែល​ត្រូវគេ​ទម្លាក់​ពី​តំណែង​លោក រ៉ូបឺត មូ​ហ្កា​បេ បានប្រកាសថា លោក​មិន​បោះឆ្នោត​ឲ្យ​ប្រធានាធិបតី​បច្ចុប្បន្ន​ដែល​ស្ថិតក្នុង​បក្ស​កាន់អំណាច​ជាមួយ​ខ្លួន​ឡើយ​។ លោក មូ​ហ្កា​បេ អះអាងថា​លោក​មិនអាច​គាំទ្រ​អ្នកធ្វើ​បាប​លោក​នោះឡើយ​។​

​អតីត​មេដឹកនាំ​ផ្តាច់ការ​ស៊ីម​បា​វ៉េ​លោក រ៉ូបឺត មូ​ហ្កា​បេ បាន​អះអាង​ប្រាប់​គេឯង​ក្នុង​សន្និសីទ​ព័ត៌មាន​ថ្ងៃអាទិត្យ​ទី ២៩ ខែកក្កដា​ថា លោក​មិន​បោះឆ្នោត​ឲ្យ​លោក​ប្រធានាធិបតី Emmerson Mnangagwa ដែល​ស្នង​តំណែង​លោក​ឡើយ​។​
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ពេល​បង្ហាញខ្លួន​ក្នុង​សន្ន​សីទ​ព័ត៌មាន​ជា​លើកដំបូង​តាំងពី​ត្រូវ​ក្រុម​យោធា​ទម្លាក់​ចេញ​តំណែង​នៅ​ខែវិច្ឆិកា​ឆ្នាំមុន លោក មូ​ហ្កា​បេ វ័យ​៩៤​ឆ្នាំ​នោះបាន​និយាយ​យឺតៗ​ថា ៖«​ខ្ញុំ​មិនអាច​បោះឆ្នោត​ឲ្យ​អ្នក​ដែល​ធ្វើបាប​ខ្ញុំ​ឡើយ​។ ខ្ញុំ​មិនអាច​បោះឆ្នោត​ឲ្យ​បក្ស ZANU-PF ឡើយ​។ មាន​អ្វី​សល់​ទៀត​? ខ្ញុំ​គិតថា មានតែ​លោក Nelson Chamisa»​។​
 
​លោក មូ​ហ្កា​បេ ចង់​សំដៅ​ដល់​មេដឹកនាំ​បក្សប្រឆាំង​លោក Chamisa ដែល​បច្ចុប្បន្ន​ដឹកនាំ​បក្ស​ចលនា​ដើម្បី​ការផ្លាស់ប្តូរ​ប្រជាធិបតេយ្យ​។ លោក​ជា​គូប្រជែង​របស់លោក Mnangagwa ដើម្បី​យក​តំណែង​ប្រធានាធិបតី​នៅ​ថ្ងៃ​ចន្ទ​ទី ៣០ ខែ​កក្ដ​ដា​នេះ​។​

​លោក Mnangagwa មាន​វ័យ ៧៥​ឆ្នាំ បាន​សន្យា​ធ្វើយ៉ាងណា​ដឹកនាំ​ប្រទេស​តាមបែប​ថ្មី និង​ដោះស្រាយ​បញ្ហា​ប្រឈម​ធំៗ​ដូចជា​ពុករលួយ និង​បញ្ហា​សេដ្ឋកិច្ច​ដែល​ធ្វើ​ឲ្យ​ប្រទេសជាតិ​មិន​លូតលាស់​ទៅមុខ​សោះ​នោះ​។ លោក​ជា​បេក្ខជន​នាំមុខគេ ហើយ​បានទទួល​ការគាំទ្រ​ពី​ក្រុម​យោធា​ថែម​ទៀតផង​។​

​ចំណែក​លោក Chamisa មាន​វ័យ ៤០​ឆ្នាំ​វិញ​នោះ ក៏​ទទួលបាន​ការគាំទ្រ​ច្រើន​ដែរ​ពី​ពលរដ្ឋ​។ លោក​សង្ឃឹមថា លោក​អាច​នឹង​ទាក់ទាញ​បាន​នូវ​ក្រុមយុវជន​ដែល​ចង់បាន​ការផ្លាស់ប្តូរ​ព្រោះ​បក្ស​កាន់អំណាច ZANU PF កាន់អំណាច​តាំងពី​ស៊ីម​បា​វ៉ា​ប្រកាស​ឯករាជ្យ​ពី​ម្ចាស់​អាណានិគម​អង់គ្លេស​ឆ្នាំ ១៩៨០​ម្ល៉េះ​។  

​តាមពិតទៅ ប្រជាជន​ស៊ីម​បា​វ៉ា​នឹងត្រូវ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ និង​ប្រធានាធិបតី​នៅ​ថ្ងៃស្អែក​នេះ ហើយ​វា​ជាការ​បោះឆ្នោត​លើកដំបូង​បំផុត​ចាប់ពី​លោក មូ​ហ្កា​បេ ធ្លាក់​ពី​តំណែង​នោះ​។ វា​ក៏​ជាការ​បោះឆ្នោត​លើកដំបូង​ក្នុងពេល​១៦​ឆ្នាំ​ដែលមាន​អ្នកសង្កេតការណ៍​មកពី​សហភាព​អឺរ៉ុប​។ ប៉ុន្តែ​គេ​នៅតែ​បារម្ភ​ថា ការបោះឆ្នោត​នេះ​នឹង​នៅតែ​ហ៊ុមព័ទ្ធ​ដោយ​បញ្ហា​ជាពិសេស​ការទិញ​សន្លឹកឆ្នោត លួច​បន្លំ​សន្លឹកឆ្នោត និង​អំពើហិង្សា​ជាដើម​ផង​។​

​ក្រោម​ការដឹកនាំ​របស់​លោក មូ​ហ្កា​បេ ការបោះឆ្នោត​ត្រូវបាន​រៀបចំឡើង​ពោល​ពេញ​ទៅដោយ​ការកេងបន្លំ និង​ហិង្សា ហើយ​ឆ្នាំនេះ​ក៏មាន​ការចោទប្រកាន់​គ្នាច្រើន​រឿង​ភាពមិនប្រក្រតី​នេះដែរ​។ គេ​ឃើញ​បក្សប្រឆាំង​ចាប់ផ្តើម​លើកឡើង​ជាថ្មី​បញ្ហា​ប្រព័ន្ធ​បោះឆ្នោត​ដែល​មិន​យុត្តិធម៌​នៅ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ​ទៀត ហើយ​វា​ក៏មាន​ការគំរាមកំហែង និង​ការ​លម្អៀង​នៅក្នុង​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ដូចគ្នា​៕
 

Tag:
 ​ស៊ីម​បា​វ៉េ​
  រ៉ូបឺត មូ​ហ្កា​បេ​
  Emmerson Mnangagwa
© រក្សាសិទ្ធិដោយ thmeythmey.com