អន្តរជាតិ
ប្រមុខ​ការទូត​ថ្មី​អង់គ្លេស​ទៅ​ចិន​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី មុន​ចាក​ចេញពី​អឺរ៉ុប​
30, Jul 2018 , 3:57 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសអង់គ្លេស Jeremy Hunt ក្នុងសន្និសីទសារព័ត៌មានជាមួយរដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី ។ (រូបភាពពី Twitter របស់លោក Jeremy Hunt)
រដ្ឋមន្ត្រីការបរទេសអង់គ្លេស Jeremy Hunt ក្នុងសន្និសីទសារព័ត៌មានជាមួយរដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី ។ (រូបភាពពី Twitter របស់លោក Jeremy Hunt)
​រដ្ឋមន្ត្រីការបរទេស​ថ្មី​អង់គ្លេស Jeremy Hunt នៅ​ថ្ងៃទី​៣០ ខែកក្កដា កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ទឹកដី​ចិន ក្នុង​គោលដៅ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​អង់គ្លេស​-​ចិន ខណៈ​អង់គ្លេស​កាន់តែ​តែ​ជិត​ដល់ពេល​ចាក​ចេញពី​សហភាព​អឺរ៉ុប​ទៅហើយនោះ​។ លោក Hunt ស្វាគមន៍​សំណើ​របស់​ចិន​ដែល​ចង់​ជជែក​ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​នៅពេល​អង់គ្លេស​ដើរ​ចេញពី​សហភាព​អឺរ៉ុប​ជា​ស្ថាពរ​។



​រដ្ឋធានី​ប៉េកាំង គឺជា​គោលដៅ​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​បរទេស​ទីមួយ​របស់​រដ្ឋមន្ត្រីការបរទេស​ថ្មី​របស់​អង់គ្លេស Jeremy Hunt ។ លោក Hunt កាន់តំណែង​នេះ​ជំនួស​លោក Boris Johnson ដែល​បាន​លាលែង​ពី​តំណែង​ក្រោយ​មិនត្រូវ​គ្នា​ជាមួយ​នាយករដ្ឋមន្ត្រី ថេ​រ៉េ​សា ម៉េ​យ៍ រឿង​ចរចា​លែងលះ​ជាមួយ​សហភាព​អឺរ៉ុប​។ អង់គ្លេស​ដែល​ត្រូវ​ចាក​ចេញពី​អឺរ៉ុប​នៅ​ដើមឆ្នាំ​២០១៩ បាន​សម្លឹងមើល​ដៃគូ​ពាណិជ្ជកម្ម​ជាស្រេច​ដើម្បី​រកស៊ី​នឹង​គ្នា​។​

​នៅ​ថ្ងៃទី​៣០ ខែកក្កដា លោក Hunt បាន​ជួប​ជាមួយ​សម​ភាគី​ចិន វ៉ាង យី និង​បាន​ជជែក​ពី​ចំណង​ការទូត​ទ្វេភាគី ក៏ដូចជា​ទំនាក់ទំនង​ពាណិជ្ជកម្ម​នៅក្រោយ​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស​ផង​។ ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា ប្រមុខ​ការទូត​អង់គ្លេស​និយាយថា លោក និង​លោក វ៉ាង បាន​ជជែក​ពី​ការស្នើ​របស់​ចិន​ដែល​ចង់​បើក​ការចរចា​ស្ដីពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​នៅក្រោយ​ឆ្នាំ​២០១៩ ហើយ​អង់គ្លេស​បាន​ស្វាគមន៍​គំនិត​នេះ​។ នេះ​បើតាម​ការផ្សាយ​របស់ AFP ។​

​នៅសល់​ពេល​មិន​ច្រើន​ឡើយ​សម្រាប់​អង់គ្លេស​ដើម្បី​ប្រុងប្រៀប​ខ្លួន​សម្រាប់​ជីវិត​ក្រោយពេល​លែងលះ​ជាមួយ​សហភាព​អឺរ៉ុប​។ ក្រុង​ឡុង​ដ៏​ចាប់ផ្ដើម​គិតគូរ​ខ្លាំង​រឿង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ប្រទេស​នានា ដោយ​ក្នុង​នោះបាន​បោះដៃ​ទៅរក​ការបង្កើត​កិច្ចព្រមព្រៀង​សេរី​មួយ​ជាមួយ​អាមេរិក​រួចហើយ​។ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​អង់គ្លេស Liam Fox និយាយថា អង់គ្លេស​នឹង​ចរចា​ភ្លាម​ជាមួយ​អា​មេ​រិ​ក្រោយ​លែងលះ​ចប់​។​

​កាលពី​សប្ដាហ៍​មុន នាយករដ្ឋមន្ត្រី ម៉េ​យ៍ ក៏បាន​បញ្ជូន​រដ្ឋមន្ត្រី​ជាច្រើនរូប​ទៅកាន់​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប​ទាំង​២៧​ដើម្បី​បញ្ចុះបញ្ចូល​ក្រៅផ្លូវការ បន្ទាប់ពី Michel Barnier ប្រធាន​អ្នកចរចា​របស់​អឺរ៉ុប​មិន​យល់ស្រប​លើ​ផែនការ​របស់លោក​ស្រី ម៉េ​យ៍ ។ អឺរ៉ុប និង​អង់គ្លេស ត្រូវ​ព្រមព្រៀង​លើ​កិច្ចព្រមព្រៀង​ស្ដីពី​គោលការណ៍​នៃ​ការចាកចេញ​ឲ្យ​បាន​មុន​ជំនួប​កំពូល​អឺរ៉ុប​នៅត្រឹម​ខែតុលា​ខាងមុខ​។ កាលបរិច្ឆេទ​ចាកចេញ​ផ្លូវការ គឺ​នៅ​ថ្ងៃទី ២៩ ខែមីនា ឆ្នាំ​២០១៩ ។​

​ចិន ដែលជា​មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ​របស់​ពិភពលោក មានឈ្មោះ​ក្នុង​បញ្ជី​ប្រទេស​ដែល​អង់គ្លេស​ដាក់​គោលដៅ​ស្ថាបនា​ទំនាក់ទំនង​សេដ្ឋកិច្ច​។ លោក Hunt ដែលមាន​ភរិយា​ដើមកំណើត​ចិន​នោះ អះអាងថា លោក​នឹង​ប្រើប្រាស់​ដំណើរ​ទស្សនកិច្ច​របស់​លោក ម៉េ​យ៍ នៅ​ចិន​កាលពីដើមឆ្នាំ ដើម្បី​ពង្រឹង​ចំណងមិត្តភាព​ទ្វេភាគី ព្រោះ​ចិន និង​អង់គ្លេស​បាន​ឯកភាព​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំហំ​១២​ពាន់​លាន​ដុល្លារ​៕


Tag:
 អង់គ្លេស​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com