អន្តរជាតិ
ប្រទេស​ណាខ្លះ​ដែលមាន​តំបន់​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ច្រើនជាងគេ​?
30, Jul 2018 , 9:39 pm        
រូបភាព
ដោយ:
​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក គឺជា​មរតក ឬ​កេរតំណែល​ពី​អតីតកាល ដែល​ប្រជាជាតិ​ពិភពលោក​កំពុងតែ​រស់នៅ​ជាមួយ​បច្ចុប្បន្ន​។ ទាំង​បេតិកភណ្ឌ​វប្បធម៌ និង​ទាំង​បេតិកភណ្ឌ​ធម្មជាតិ សុទ្ធសឹងតែ​ប្រភព​នៃ​ជីវិត​ដែល​មិនអាច​ជំនួស​បាន និង​ត្រូវបាន​វាយតម្លៃ តាមដាន និង​គ្រប់គ្រង​យ៉ាង​យកចិត្តទុកដាក់​ពី​អង្គការ UNESCO ដែលជា​ភ្នាក់ងារ​ជំនាញ​មួយ​របស់​អង្គការសហប្រជាជាតិ​។



​ជាគោលការណ៍​របស់ UNESCO តំបន់​មួយ​អាច​ត្រូវ​បានដាក់​នៅក្នុង​បញ្ជី​នៃ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​ពិភពលោក ត្រូវបំពេញ​លក្ខខណ្ឌ​មួយចំនួន​ដូចជា តំបន់​ទាំងនោះ តំណាង​ពី​សារៈសំខាន់​នៃ​តម្លៃ​មនុស្សជាតិ​, ភាពល្អ​ឥតខ្ចោះ​នៃ​វប្បធម៌​-​អរិយធម៌​មួយ​, ភាពល្អ​ឥតខ្ចោះ​នៃ​គំរូ​ស្ថាបត្យកម្ម​និង​បច្ចេកវិទ្យា​តាម​ដំណាក់កាល​នៃ​ប្រវត្តិសាស្ត្រ និង​បង្ហាញ​ពី​សារៈសំខាន់​ធម្មជាតិ​ជាដើម​។​

​តាម​គេហទំព័រ​ស្រាវជ្រាវ​ពិភពលោក World Atlas រដ្ឋ​មួយ​អាច​ទទួលបាន​ទាំង​ផលប្រយោជន៍ និង​គុណវិបត្តិ​ពី​ការទទួលស្គាល់​តំបន់​វប្បធម៌ និង​ធម្មជាតិ​របស់ខ្លួន​ក្នុង​តំបន់​សម្បត្តិ​បេ​តិ​ភណ្ឌ​ពិភពលោក​។ ផលប្រយោជន៍​ខ្លាំង​នោះ​គឺ វិស័យសេដ្ឋកិច្ច និង​ឧស្សាហកម្ម​ទេសចរណ៍​តែម្តង​។ នោះ​ក៏​ព្រោះតែ តំបន់​ទាំងនោះ គឺជា​ទិសដៅ​អាទិភាព​បំផុត ដែល​អ្នកទេសចរ កំណត់​គោលដៅ​ទស្សនា​។​

​ខណៈ​ទទួលបាន​ផលប្រយោជន៍​សេដ្ឋកិច្ច​តាមរយៈ​ការចាយវាយ​របស់​អ្នកទេសចរ​ទៅកាន់​តំបន់​បេ​តិ​ភណ្ឌ វា ក៏មាន​គុណ​វិ​ប​ត្ត​ដូចជា​គ្នា​ផងដែរ​។ នោះ​គឺពាក់ព័ន្ធ​នឹង​អធិបតេយ្យ​នៃ​ការគ្រប់គ្រង​ដែល​តម្រូវ​ឲ្យ​ការសហការ​ជាមួយនឹង​ភ្នាក់ងារ​ជំនាញ​អន្តរជាតិ​ដើម្បី​ធានា​ពី​សុវត្ថិភាព​នៃ​តំបន់​ទាំងនោះ រួមជាមួយ​នឹង​ការចំណាយ​កញ្ចប់​ថវិកា​ច្រើន​សម្រាប់​កិច្ចការ​អភិរក្ស​ផងដែរ​។

​ខាងក្រោម​នេះ គឺជា​បញ្ជី​ឈ្មោះ​ប្រទេស​ទាំង​១០ ដែលមាន​តំបន់​បេតិកភណ្ឌ​ពិភពលោក​ច្រើនជាងគេ​របស់​ពិភពលោក ដែល​ត្រូវបាន​ដកស្រង់​ដោយ​គេហទំព័រ World Atlas៖

១. អ៊ីតាលី
២. ចិន
៣. អេ​ស្ប៉ា​ញ
៤. បារាំង
៥. អាល្លឺម៉ង់
៦. ឥណ្ឌា
៧. ម៉ិ​កសិក
៨. អង់គ្លេស
៩. រុស្ស៊ី និង​
១០. អាមេរិក ៕



Tag:
 UNESCO
  ចំណេះដឹង​អន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com