អន្តរជាតិ
ក្រោយ​គំរាម​ធ្វើសង្គ្រាម លោក ត្រាំ ចង់​ជួប​មេដឹកនាំ​អ៊ីរ៉ង់​ដោយ​គ្មាន​លក្ខខណ្ឌ​
31, Jul 2018 , 11:51 am        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងសន្និសីទសារព័ត៌មាននៅសេតវិមាន (រូបភាព Xinhua)
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងសន្និសីទសារព័ត៌មាននៅសេតវិមាន (រូបភាព Xinhua)
​អស់ពី​គំរាម​ផ្ដល់​មេរៀន​ជូរចត់​ទៅ​ឲ្យ​អ៊ីរ៉ង់​ដូច​ប្រទេស​ខ្លះ​ធ្លាប់​ជួប ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៣០ ខែកក្កដា បែរជា​បន្ថយ​សំឡេង​គំរាម​អ៊ីរ៉ង់​ទៅវិញ​។ លោក ត្រាំ ដែល​គំរាម​ធ្វើសង្គ្រាម​ប្រឆាំង​អ៊ីរ៉ង់​នោះ បានបង្ហាញ​ជំហរ​ចង់​ជួប​មេដឹកនាំ​អ៊ីរ៉ង់ ហើយ​ជំនួប​នោះ​អាច​ធ្វើឡើង​គ្រប់ពេល និង​មិនចាំបាច់​គ្មាន​លក្ខខណ្ឌ​មុន​អ្វី​ទាំងអស់​។ ការប្រែប្រួល​ជំហរ​របស់លោក ត្រាំ ធ្វើ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​របស់លោក​ប្រឹង​បកស្រាយ​យ៉ាងខ្លាំង​។​



​ទំនង​ដឹងថា​វិធីសាស្ត្រ​ក្ដៅ​មិនអាច​ធ្វើ​អ្វី​អ៊ីរ៉ង់​បាន ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បែរ​ទៅប្រើ​វិធីសាស្ត្រ​ត្រជាក់​ម្ដង​។ នៅ​ថ្ងៃទី​៣០ ខែកក្កដា លោក ត្រាំ បាន​ព្រលយ​ពាក្យ​ចង់​ចរចា​ជាមួយ​ថ្នាក់ដឹកនាំ​អ៊ីរ៉ង់​ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វែងគំនិត​គ្នា​នៅពេលណា​ក៏បាន ខណៈ​លោក​ធ្លាប់បាន​ព្រមាន​អ៊ីរ៉ង់​ថា នឹងរង​គ្រោះ​ដោយ​ផលវិបាក​ធ្ងន់ធ្ងរ​មិន​ខាន ឯ​អ៊ីរ៉ង់​វិញ​ក៏​ប្រកាស​ក្ដែ​ងៗ​មិន​ខ្លាច​អាមេរិក និង​ត្រៀមខ្លួន​ឆ្លើយតប​ទៅនឹង​វិធានការ​របស់​អាមេរិក​ដែរនោះ​។​

​នា​សន្និសីទ​សារព័ត៌មាន​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីតាលី​នៅ​សេត​វិមាន លោក ត្រាំ និយាយ​សំដៅ​ប្រធានាធិបតី ហាសាន់ រូ​ហា​នី ថា លោក​នឹង​ជួប​ជាមួយ​អ៊ីរ៉ង់ នៅពេល​អ៊ីរ៉ង់​ត្រៀមខ្លួន​រួចរាល់ ប៉ុន្តែ​លោក​មិនដឹងថា ក្រុង​តេ​ហេ​រ៉ង់​ត្រៀមខ្លួន​ជួប​លោក​រួចហើយ​ឬ​យ៉ាងណា​ឡើយ​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ត្រាំ បញ្ជាក់ថា​៖ «​គ្មាន​លក្ខខណ្ឌ​មុន​អ្វី​ទាំងអស់​។ បើ​ពួកគេ​ចង់​ជួប ខ្ញុំ​នឹង​ជួប​។ គ្រប់ពេល​ពួកគេ​ចង់​។ ល្អ​សម្រាប់​ពួកគេ ល្អ​សម្រាប់​យើង ល្អ​សម្រាប់​ពិភពលោក​»​។​

​យ៉ាងណាមិញ មន្ត្រី​សេត​វិមាន និង​រដ្ឋបាល​អាមេរិក បាននាំគ្នា​ចេញ​ពន្យល់​សម្ដី​របស់លោក ត្រាំ ព្រោះ​លោក​បានប្រកាស​ជំហរ​អញ្ជើញលោក រូ​ហា​នី ជា​ចំហ​តែម្ដង​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​បកស្រាយ​ការលើកឡើង​លោក ត្រាំ ជុំវិញ​ពាក្យ «​គ្មាន​លក្ខខណ្ឌ​»​។ លោក ប៉ុ​ម​ប៉េ​អូ អះអាងថា មុននឹង​ដល់​ការចរចា អ៊ីរ៉ង់​ត្រូវបំពេញ​លក្ខខណ្ឌ​បី​សិន គឺ​អ៊ីរ៉ង់​ត្រូវ​ប្ដេជ្ញាចិត្ត​ក្នុងការ​ផ្លាស់ប្ដូរ​របៀប​គ្រប់គ្រង​ប្រជាជន កាត់បន្ថយ​អាកប្បកិរិយា​មួលបង្កាច់ និង​ត្រៀម​ទទួល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​។​

​អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​លោក Garrett Marquis ក៏​និយាយ​ស្រដៀង​លោក ប៉ុ​ម​ប៉េ​អូ ដែរ ហើយ​បាន​ពន្យល់​សម្ដី​លោក ត្រាំ ថា ប្រធានាធិបតី​អាមេរិក​នឹង​អង្គុយ​ចុះ​ចរចា​ជាមួយ​អ៊ីរ៉ង់ ដើម្បី​បញ្ចប់​អរិភាព​ជាង​បួន​ទសវត្សរ៍​មកនេះ​។ លោក​បញ្ជាក់ថា អាមេរិក​ត្រៀម​ដក​ទណ្ឌកម្ម បង្កើត​ទំនាក់​ការទូត និង​ពាណិជ្ជកម្ម​ពេញលេញ​ឡើងវិញ គាំទ្រ​អ៊ីរ៉ង់​ចូលរួម​ក្នុង​សហគមន៍​អន្តរជាតិ តែ​អ៊ីរ៉ង់​ត្រូវ​ប្ដូរ​គោលនយោបាយ​របស់​ខ្លួន​សិន​។​

​តាមពិតទៅ ទំនាក់ទំនង​អ៊ីរ៉ង់ និង​អាមេរិក​មាន​ភាពល្អប្រសើ​រ​នៅ​អាណត្តិ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​ពេលនោះ​ឈានដល់​ការបង្កើត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នៅ​ឆ្នាំ​២០១៥ ផង​។ ប៉ុន្តែ​មកដល់​រដ្ឋបាល​លោក ត្រាំ នេះ ទំនាក់ទំនង​កាន់តែ​ល្អក់កករ ពេល​អាមេរិក​ដើរ​ចេញពី​កិច្ចព្រមព្រៀង​អន្តរជាតិ ដោយ​ចោទ​អ៊ីរ៉ង់​ថា នៅ​ព្យាយាម​គំរាមកំហែង​អាមេរិក​ដដែល​។ អាមេរិក​ក៏​គំរាម​ដាក់ទណ្ឌកម្ម​មិន​ធ្លាប់មាន​លើ​អ៊ីរ៉ង់​ទៅទៀត តែ​អ៊ីរ៉ង់​មិនបាន​ចុះ​ញ៉ម​ឡើយ​៕


Tag:
 អាមេរិក​
  អ៊ីរ៉ង់​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com