អន្តរជាតិ
អាមេរិក​ប្រាប់ IMF កុំ​ឲ្យ​ប៉ា​គី​ស្ថាន​ខ្ចីលុយ បើ​លុយ​នោះ​យកទៅ​ដោះបំណុល​ចិន​
31, Jul 2018 , 3:37 pm        
រូបភាព
​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ បានទាមទារ​ឲ្យ​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តជាតិ (IMF) បដិសេធ​សំណើ​ខ្ចីប្រាក់​របស់​រដ្ឋាភិបាល​ថ្មី​ប៉ា​គី​ស្ថាន​ចំនួន​១២​ពាន់​លាន​ដុល្លារ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍​មួយ​នៅ​ថ្ងៃទី​៣០ ខែកក្កដា លោក ប៉ុ​ម​ប៉េ​អូ បាន​ប្រាប់​ឲ្យ​ស្ថាប័នហិរញ្ញវត្ថុ​មួយ​ពិចារណា​ឲ្យ​មែនទែន ដ្បិត​អាមេរិក​នៅចាំ​មើល​ការសម្រេចចិត្ត​របស់ខ្លួន​។ ប៉ា​គី​ស្ថាន​ដែលមាន​បំណុល​ជុំ​ទិស​នោះ កំពុង​ព្យាយាម​រកលុយ​ដើម្បី​សងបំណុល​របស់ខ្លួន​។



​បន្ទាប់ពី​ប្រកាស​ជោគជ័យ​ក្នុងការ​បោះឆ្នោត​កាលពី​ពាក់កណ្ដាល​សប្ដាហ៍​មុន អនាគត​រដ្ឋាភិបាល​ថ្មី​របស់​ប៉ា​គី​ស្ថាន​ថ្មី​ក៏​រៀបចំ​ផែនការ​ខ្ចីលុយ​ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ដើម្បី​ដោះបំណុល​។ សារព័ត៌មាន Financial Times បាន​ផ្សាយ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ថា មន្ត្រី​ផ្នែក​ហិរញ្ញវត្ថុ​របស់​ប៉ា​គី​ស្ថាន​ត្រៀម​ជម្រើស​សម្រាប់​អនាគត​នាយករដ្ឋមន្ត្រី Imran Khan ដើម្បី​ស្នើសុំ IMF នូវ​ទឹកប្រាក់​ចំនួន​ដល់​ទៅ​១២​ពាន់​លាន​ដុល្លារ​។

​យ៉ាងណាមិញ អាមេរិក​បាន​ព្រមាន IMF ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ករណីនេះ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ CNBC ដែល​ផ្សាយ​នៅ​ថ្ងៃទី​៣០ ខែកក្កដា រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ និយាយថា អាមេរិក​ត្រៀមខ្លួន​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ថ្មី​របស់លោក Khan ។ ចំពោះ​ព័ត៌មាន​ប៉ា​គី​ស្ថាន​ត្រៀម​ខ្ចីលុយ​ដោះបំណុល​វិញ លោក ប៉ុ​ម​ប៉េ​អូ លើកឡើងថា វា​ជា​គ្មាន​ហេតុផល​អ្វី​ឡើយ​ដែល​ប៉ា​គី​ស្ថាន​ខ្ចីលុយ​ដើម្បី​សង​ឲ្យ​ចិន​នោះ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រមុខ​ការទូត​អាមេរិក​រូបនេះ​ព្រមាន​ចំៗ​ថា​៖ «​កុំ​បង្កើត​កំហុស​ឲ្យ​សោះ​។ យើង​នឹង​តាមដាន​សកម្មភាព​រប​ស់ IMF ។ វា​មិន​សម​ហេតុផល​ដែល​ពន្ធ​របស់ IMF ហើយ​ដែល​ដុល្លារ​អាមេរិក​ជា​ប្រភព​ទុន​មួយ​ដែរនោះ ត្រូវ​ផ្ដល់​ទៅ​ឲ្យ​អ្នក​ដែល​យក​វា​ទៅ​សង​អ្នក​ដែល​កាន់​បណ្ណ​បំណុល​ចិន ឬក៏​ចិន​ផ្ទាល់​ឡើយ​»​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ អ្នកនាំពាក្យ​ម្នាក់​របស់ IMF បាន​ចេញមក​បញ្ជាក់ថា ស្ថាប័ន​មួយ​នេះ​មិនទាន់​ទទួល​សំណើ​ផ្លូវការ​ណាមួយ​ពី​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ​នៅឡើយ​ទេ ហើយក៏​មិនទាន់មាន​ការពិភាក្សា​ណាមួយ​លើ​បញ្ហា​នេះដែរ​។ វិបត្តិ​បំណុល​នេះ គឺជា​បញ្ហា​ប្រឈម​ធំ​មួយ​របស់​រដ្ឋាភិបាល​ថ្មី​នៅ​ប៉ា​គី​ស្ថាន ហើយ​ការទទួល​ហិរញ្ញវត្ថុ​ពី IMF ពិតជា​ដើរតួនាទី​សំខាន់​ណាស់​សម្រាប់​រដ្ឋាភិបាល​លោក Khan ដើម្បី​បង្រួម​គម្លាត​ហិរញ្ញវត្ថុ​ខាងក្រៅ​។​

​ចិន​បាន​ក្លាយជា​ម្ចាស់បំណុល​ធំ​របស់​ប៉ា​គី​ស្ថាន បន្ទាប់ពី​ប្រទេស​ទាំងពី​អនុវត្ត​គម្រោង​ធំៗ​ក្រោម​ក្របខណ្ឌ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​។ ប៉ា​គី​ស្ថាន​បាន​នាំចូល​សម្ភារ​ច្រើនសន្ធឹក​សន្ធាប់​ពី​ចិន​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​សាងសង់​នានា​។ មកទល់ពេលនេះ ក្រុង​អ៊ី​ស្លា​ម៉ា​បាដ​បាន​ខ្ចីលុយ​ចំនួន​ប្រមាណ​៥​ពាន់​លាន​ដុល្លារ​ពី​រដ្ឋាភិបាល និង​ធនាគារ​របស់​ចិន​៕


Tag:
 អាមេរិក​
  ប៉ា​គី​ស្ថាន​
  ចិន​
  Mike Pompeo
© រក្សាសិទ្ធិដោយ thmeythmey.com