អន្តរជាតិ
ប្រមុខ​ការទូត​អាមេរិក​ផ្តើម​ទស្សនកិច្ច​នៅ​អាស៊ាន និង​ពពាយនាយ​រក​ការគាំទ្រ​គោល​គំនិត «​ឥណ្ឌូ​ប៉ាស៊ីហ្វិក​»​
31, Jul 2018 , 5:17 pm        
រូបភាព
​រដ្ឋមន្ត្រីការបរទេស​អាមេរិក​នឹង​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ាន​នៅ​សប្តាហ៍​នេះ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ក្នុង​តំបន់​។ ប្រមុខ​ការទូត​អាមេរិក​រូបនេះ​នឹង​បន្ត​ពពាយនាយ​ឲ្យ​បណ្តា​ប្រទេស​ក្នុង​តំបន់​ចូលរួម​គាំទ្រ​«​គោល​គំនិត​ឥណ្ឌូ​ប៉ាស៊ីហ្វិក​» ដែលមាន​សេរីភាព និង​ការបើកចំហ​ផង​។



​ពីថ្ងៃ​ពុធ​ទី ១ ខែសីហា រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ (Mike Pompeo) នឹង​ចាប់ផ្តើម​ទស្សនកិច្ច​របស់ខ្លួន​ចេញពី​ម៉ាឡេស៊ី ហើយ​បន្ត​មកកាន់​សិង្ហ​បុរី និង​បញ្ចប់​នៅ​ឥណ្ឌូណេស៊ី​។ មុន​ចាប់ផ្តើម​ទស្សនកិច្ច​នេះ មន្ត្រីជាន់ខ្ពស់​ក្រុង​វ៉ាស៊ីនតោន​បាន​បន្ត​អំពាវនាវ​ឲ្យ​អាស៊ាន​គាំទ្រ​គោល​គំនិត​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែរ​។

​ក្នុង​វេទិកា​ធុរកិច្ច​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ (Indo-Pacific Business Forum) នា​រដ្ឋធានី​វ៉ាស៊ីនតោន​ថ្ងៃ​ចន្ទ​ទី ៣០ ខែកក្កដា លោក ប៉ុ​ម​ប៉េ​អូ បាន​ពន្យល់​ជាថ្មី​ពី​គោល​គំនិត​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​សេរី និង​បើកចំហ ប៉ុន្តែ​ការពន្យល់​របស់​រដ្ឋមន្ត្រី​រូបនេះ​ហាក់​មាន​គោលដៅ​ផ្តោតលើ​មហា​យក្ស​ចិន​ដែល​កំពុងមាន​ជម្លោះ​ជាមួយ​ប្រទេស​អាស៊ាន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ផង​។

១.​អាមេរិក​ជំទាស់​រាល់​អ្នក​ដែល​ចង់​ក្តោប​ក្តាប់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ទាំងមូល​
​លោក ប៉ុ​ម​ប៉េ​អូ បាន​បកស្រាយ​ថា គោល​គំនិត​ឥណ្ឌូ​ប៉ាស៊ីហ្វិក​គឺជា​ទស្សនវិស័យ​ច្បាស់លាស់​របស់​រដ្ឋបាល​អាមេរិក​ក្នុង​សតវត្ស​ទី ២១​នេះ​។ គោលបំណង​ធំ​ផុត​របស់​អាមេរិក​គឺ​ភ្ជាប់​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​លើ​ផ្នែក​សេដ្ឋកិច្ច នយោបាយ​, វប្បធម៌ និង​សន្តិសុខ​ជាមួយ​តំបន់​អាស៊ាន​។

«​ដូច​ប្រទេស​សម្ព័ន្ធមិត្ត​និង​មិត្ត​នៅ​អាស៊ី​ជាច្រើន អាមេរិក​ប្រយុទ្ធ​ដើម្បី​ឯករាជ្យ​ពី​ចក្រភព​ដែល​ចង់បាន​ភាព​ខ្ពង់ខ្ពស់​ផុត​គេ​។ ដូច្នេះ​យើង​នឹង​ស្វែងរក​ឱកាស​ក្តោប​ក្តាប់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ឡើយ ហើយ​យើង​ក៏​ប្រឆាំង​រាល់​ប្រទេស​ដែល​ចង់​ធ្វើ​បែប​នោះ​ដូចគ្នា​»​។ លោក ប៉ុ​ម​ប៉េ​អូ បាន​និយាយ​ដូច្នេះ​។    

​ទាក់ទិន​នឹង​គោល​គំនិត​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​សេរី និង​បើកចំហ​វិញ លោក ប៉ុ​ម​ប៉េ​អូ បាន​បកស្រាយ​ថា សេរីភាព​មានន័យថា ប្រទេស​ទាំងអស់​អាច​កា​រពារ​អធិបតេយ្យ​របស់ខ្លួន រួច​ផុតពី​ការគំរាមកំហែង​របស់​ប្រទេស​ដទៃ​។ ក្នុង​កម្រិត​ជាតិ សេរីភាព​គឺ​សំដៅលើ​អភិបាលកិច្ច​ល្អ និង​ការ​ធានាថា ប្រជាជន​អាច​ទទួលបាន​សិទ្ធិ​ជា​មូលដ្ឋាន​និង​សេរីភាព​ពេញលេញ​។
​លោក​បន្ថែម​ដូច្នេះ​៖«​ពេល​និយាយ​ដល់​ការបើកចំហ​វិញ យើង​ចង់​មានន័យថា រាល់​ប្រទេស​ទាំងអស់​អាច​ទទួលបាន​សិទ្ធិ​ប្រើប្រាស់ និង​ភ្ជាប់​ទៅកាន់​សមុទ្រ និង​ផ្លូវអាកាស​បាន​ដោយ​សេរី​។ យើង​ចង់បាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​បញ្ហា​ជម្លោះ​ដែនដី និង​ដែនសមុទ្រ​។ វា​ជា​គន្លឹះ​សំខាន់​ក្នុង​ការរក្សា​សន្តិភាព​អន្តរជាតិ​»​។​

​ក្នុងន័យ​សេដ្ឋកិច្ច​វិញ លោក ប៉ុ​ម​ប៉េ​អូ បាន​អះអាងថា  ការបើកចំហ​នេះ​ផ្តោត​សំខាន់​លើ​ពាណិជ្ជកម្ម​ដែលមាន​យុត្តិធម៌ និង​បំពេញ​ប្រយោជន៍​គ្នា​ទៅវិញទៅមក​។ វា​មានន័យថា ភាគី​ទាំងអស់​អាចបង្កើត​បរិ​យា​កាស​ល្អ​សម្រាប់​ការវិនិយោគ រក្សា​តម្លាភាព​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង និង​ការផ្សាភ្ជាប់​ផង​។ វា​អាច​ធានា​ឲ្យ​មានការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ដូចគ្នា​ដែរ​។

២.​អាមេរិក​ស្វែងរក​ការគាំទ្រ​ពី​អាស៊ាន​ចំពោះ​«​គោល​គំនិត​ឥណ្ឌូ​ប៉ាស៊ីហ្វិក​»
​ត្រឡប់មក​ផ្តោតលើ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​អាមេរិក​នេះ​វិញ​ម្តង​។ ពេលទៅដល់​ម៉ាឡេស៊ី លោក ប៉ុ​ម​ប៉េ​អូ នឹង​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​ម៉ាឡេស៊ី ដោយ​លោក​ជជែក​ពី​ការពង្រឹង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​, ទំនាក់ទំនង​ផលប្រយោជន៍​សេដ្ឋកិច្ច និង​សហប្រតិបត្តិការ​សន្តិសុខ​រវាង​អាមេរិក​ជាមួយ​ម៉ាឡេស៊ី​ផងដែរ​។ ទស្សនកិច្ច​របសរ​ដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក​នៅ​ម៉ាឡេស៊ី​កើតឡើង​ជា​លើកដំបូង​បំផុត ចាប់ពី​ម៉ាឡេស៊ី​ជ្រើសរើស​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក មហា​ធៀ មហាម៉ាត់​។ 

​ចាក​ចេញពី​ម៉ាឡេស៊ី លោក​នឹង​បន្តទៅ​សិង្ហ​បុរី​ទៀត ដោយ​លោក​នឹង​ជួបពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​លោក លី សៀន​ឡុង និង​សម​ភាគី​សិង្ហ​បុរី​លោក វី​វៀន បា​ឡាស​គ្រី​ស្នាន់ (Vivian Balakrishnan) និង ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់​តំបន់​ជាច្រើន​ក្នុងនោះ​មាន​វេទិកា​តំបន់​អាស៊ាន (ARF), កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ី​បូព៌ា (EAS), កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាមេរិក​-​អាស៊ាន និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​នៃ​គំនិត​ផ្តួចផ្តើម​មេគង្គ​ក្រោម (LMI)​។​

​បើតាម​ក្រសួងការបរទេស​អាមេរិក លោក ប៉ុ​ម​ប៉េ​អូ នឹង​យក​លើកយក​គោល​គំនិត​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដាក់​ក្នុង​កិច្ចពិភាក្សា​ជាមួយ​បណ្តា​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​ជំរុញ​ឲ្យ​មានការ​គាំទ្រ​គោល​គំនិត​នេះ​កាន់តែ​ទូលំទូលាយ​ផង​ក្នុង​ក្របខណ្ឌ​អាស៊ាន​។ ចំណែក​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង ការប្រឆាំង​ភេរវកម្ម និង​សមុទ្រ​ចិន​ខាងត្បូង​ក៏​ជា​ប្រធានបទ​ចម្បង​នៃ​ជំនួប​កំពូល​រវាង​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ជាមួយ​ប្រមុខ​ការទូត​នៃ​ប្រទេស​ក្នុង​តំបន់​នាពេល​ខាងមុខនេះ​ដូចគ្នា​។​

​នា​វេទិកា​ធុរកិច្ច​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ម្សិលមិញ​ដែរ លោក ប៉ុ​ម​ប៉េ​អូ បានប្រកាស​រួចរាល់​ហើយ​ពី​គំនិត​ផ្តួចផ្តើម​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​គាំទ្រ និង​ជំរុញ​ការផ្សាភ្ជាប់​ឲ្យ​កាន់តែ​ជិតស្និទ្ធ​រវាង​អាមេរិក និង​អាស៊ាន​ដែរ ហើយ​លោក​សង្កត់ធ្ងន់ថា​វា​នឹងមាន​គំនិត​ផ្តួចផ្តើម​ផ្សេងទៀត​ដែល​នឹ​វ​ត្រូវ​ដាក់ចេញ​ពេល​លោក​មក​ប្រជុំ​នៅ​សិង្ហ​បុរី​។​

​លោក ប៉ុ​ម​ប៉េ​អូ បាន​អធិប្បាយ​ដូច្នេះ​ថា​៖«​អាស៊ាន​ស្ថិតនៅ​ចំ​កណ្តាល​នៃ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ហើយ​វា​មាន​តួនាទី​ស្នូល​ក្នុង​ការជំរុញ​គោល​គំនិត​ឥណ្ឌូណេស៊ី​ប៉ាស៊ីហ្វិក​ដែល​អាមេរិក​កំពុង​តំណាង​ឲ្យ​ផង​។ នេះ​ជា​ហេតុផល​មួយ​ដែល​អាមេរិក​បញ្ចេញ​កញ្ចប់​ហិរញ្ញវត្ថុ ១១៣ លាន​ដុល្លារ​សម្រាប់​គាំទ្រ​ស្ថាប័ន​សំខាន់ៗ​ក្នុង​តំបន់​រួមមាន អាស៊ាន គំនិត​ផ្តួជផ្តើម​ផ្សាភ្ជាប់​អាស៊ាន​-​អាមេរិក (US-ASEAN Connect), កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC), គំនិត​ផ្តួចផ្តើម​មេគង្គ​ក្រោម (LMI) ក៏ដូចជា​សមាគម​រង្វង់​មហាសមុទ្រ​ឥណ្ឌា (IORA)​ផងដែរ​។ វា​នឹងមាន​គម្រោង​ផ្សេងទៀត​ចុង​សប្តាហ៍​នេះ​»​។

​គំនិត​ផ្តួចផ្តើម​ហិរញ្ញវត្ថុ​របស់​អាមេរិក​ស​ម្រា​ប់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ខាងលើ​នេះដែរ ផ្តោតលើ​វិស័យ​ស្នូល​មួយចំនួន​មានដូចជា​សេដ្ឋកិច្ច​ឌីជីថល​, ថាមពល និង​ហេ​រដ្ឋា​រចនាសម្ព័ន្ធ​ជាដើម​។

​ប្រទេស​ចុងក្រោយ​ដែលជា​គោលដៅ​នៃ​ទស្សនកិច្ច​របស់លោក ប៉ុ​ម​ប៉េ​អូ គឺ​ឥណ្ឌូណេស៊ី​។ វត្តមាន​របស់លោក ប៉ុ​ម​ប៉េ​អូ​ នៅ​ឥណ្ឌូណេស៊ី គឺ​កើតឡើង​មុនពេល​ខួប​៧០​ឆ្នាំ​នៃ​ការបង្កើត​ចំណង​ការទូត​រវាង​អាមេរិក​និង​ឥណ្ឌូណេស៊ី​។

​ក្នុង​ទស្សនកិច្ច​នេះ ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី​នឹង​ពិភាក្សា​ពី​ជាមួយ​សម​ភាគី​ឥណ្ឌូណេស៊ី​ពី​លទ្ធភាព​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​, ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​ផងដែរ​។ តំណាង​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ នឹង​បង្ហាញ​ជំហរ​របស់​អាមេរិក​ក្នុងការ​គាំទ្រ​តួនាទី​ស្នូល​របស់​អាស៊ាន និង​គាំទ្រ​ភាពជា​អ្នកដឹកនាំ​របស់​ឥណ្ឌូណេស៊ី​ក្នុងការ​រក្សា​សេរីភាព និង ការបើកចំហ​នៃ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដូចគ្នា​៕



Tag:
 ឥណ្ឌូ​ប៉ាស៊ីហ្វិក​
  អាស៊ាន​
  ម៉ៃ ប៉ុ​ម​ប៉េ​អូ
© រក្សាសិទ្ធិដោយ thmeythmey.com