អន្តរជាតិ
អាមេរិក​, ជប៉ុន អូស្ត្រាលី​ចាប់ដៃគ្នា​បង្កើត​គម្រោង​វិ​និយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រជែង​គំនិត​ផ្តួចផ្តើម​ចិន​
31, Jul 2018 , 9:19 pm        
រូបភាព
​អាមេរិក ជប៉ុន​និង​អូស្ត្រាលី​ប្រកាស​បង្កើត​ភាពជា​ដៃគូ​ក្នុងការ​វិនិយោគ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នៅ​ថ្ងៃ​អង្គារ​ទី ៣១ ខែកក្កដា​នេះ​។ វា​ជា​គម្រោង​ថ្មី​មិន​ធ្លាប់មាន​ពីមុន ហើយ​វា​ក៏​យុទ្ធសាស្ត្រ​ថ្មី​របស់​អាមេរិក​និង​សម្ព័ន្ធមិត្ត​ក្នុងការ​ទប់ទល់​ជាមួយ​ចិន​ដែល​កំពុង​ដឹកនាំ​គម្រោង​ធំ​មហិមា «​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​វិថី​មួយ​»​ដែរ​។​
​គម្រោង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នេះ​ត្រូវបាន​ប្រកាស​ដោយ​លោកស្រី Julie  Bishop រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​នៅ​ថ្ងៃ​អង្គារ​នេះ ហើយ​លោកស្រី​បាន​អះអាងថា គម្រោង​ត្រីភាគី​នេះ​ត្រូវ​បង្កើតឡើង​ដើម្បី​ប្រមែរ​ប្រមូល​ទុនវិនិយោគ​ជំរុញ​កំណើនសេដ្ឋកិច្ច​និង​សន្តិភាព​តំបន់​ដែរ​។​



​សេចក្តីថ្លែងការណ៍​រួម​របស់​ភាគី​ទាំងបី​ដែល​ចេញផ្សាយ​ក្នុង​គេហទំព័រ​ក្រសួងការបរទេស​អូស្ត្រាលី​បានបញ្ជាក់​ដូច្នេះ​៖«​សហរដ្ឋអាមេរិក​, ជប៉ុន និង​អូស្ត្រាលី​បង្កើត​ភាពជា​ដៃគូ​ត្រីភាគី​ដើម្បី​ប្រមែរ​ប្រមូល​ទុនវិនិយោគ​លើ​គម្រោង​ដែល​ជំរុញ​សេដ្ឋកិច្ច បង្កើត​ការងារ និង​ធានា​ការអភិវឌ្ឍ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ប្រកបដោយ​សេរីភាព ការបើកចំហ និង​បរិ​យា​ប័ន្ន​»​។​
​សេចក្តីថ្លែងការណ៍​ដដែល​នោះ​អះអាងថា ភាពជា​ដៃគូ​ត្រូវ​ភាគី​នេះ​ផ្តោត​សំខាន់​ការវិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ថម​ពល ដឹក​ញ្ជូ​ន ទេសចរណ៍ និង​បច្ចេកវិទ្យា ដោយ​វា​សុទ្ធសឹងតែ​ជា​វិស័យ​ស្នូល​ដែល​ធានា​កំណើនសេដ្ឋកិច្ច និង​ការផ្សាភ្ជាប់​ផង​។ ចំណែក​ក្រុមហ៊ុន​វិនិយោគឯកជន​បរទេស​រប​ស់​អាមេរិក​រួមជាមួយ​ក្រសួងការបរទេស​អូស្ត្រាលី និង​ធនាគារ​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​របស់​ជប៉ុន​ទទួលខុសត្រូវ​លើ​ការអនុវត្ត​គម្រោង​នេះ​។

​គេ​ចាំបាន​ថា កាលពី​ខែកុម្ភៈ​លោកស្រី រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី Julie Bishop បាន​បង្ហើប​ថា អាមេរិក អូស្ត្រាលី ជប៉ុន រួមជាមួយ​ឥណ្ឌា​ផង​នោះ​កំពុង​ពិភាក្សាគ្នា​ពី​លទ្ធភាព​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។ កិច្ចពិភាក្សា​ពី​គម្រោង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​នេះ​កើតឡើង​បន្ទាប់ពី​ភាគី​ទាំង​បួន​លើកឡើង​ពី​បំណង​បង្កើត​សម្ព័ន្ធ​សន្តិសុខ​ចតុ​ភាគី (QUAD) ចុងឆ្នាំ ២០១៧ កន្លងមក​នោះដែរ​។​

​យ៉ាងណាក៏ដោយ ពេល​ប្រកាស​ពី​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នេះ គេ​មិនឃើញ​វត្តមាន​របស់​ឥណ្ឌា​ឡើយ ពោលគឺ​នៅសល់តែ​បី​ប្រទេស​ខាងលើ​ប៉ុណ្ណោះ​។ គេ​ដឹង​ច្បាស់​ថា គម្រោង​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​មហាអំណាច​អាមេរិក និង​សម្ព័ន្ធមិត្ត​នេះ​មាន​គោលដៅ​ប្រជែង​ជាមួយ​មហា​យក្ស​ចិន​ដែល​កំពុង​ដឹកនាំ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំ​សម្បើម​មាន​ទុន​លើស​មួយ​ទ្រី​លាន​ដុល្លារ​និង​មាន​មហិច្ឆតា​ផ្សាភ្ជាប់​ពី​អាស៊ី​ដល់​អឺរ៉ុប និង​ដល់​អាហ្វ្រិក​តាម​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​។  កាលពី​ឆ្នាំមុន គោលនយោបាយ​សន្តិសុខ​ជាតិ​អាមេរិក​ក៏បាន​កំណត់​យក​ចិន និង​រុស្ស៊ី​ជា​ដៃគូ​ប្រជែង​យុទ្ធសាស្ត្រ​ដ៏​ធំ និង​យូរអង្វែង​របស់​អាមេរិក​ថែម​ទៀតផង​។​

​ដោយឡែក ការ​គ្មាន​វត្តមាន​ឥណ្ឌា​គឺជា​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​។ ប៉ុន្តែ​ការរីកចម្រើន​ឡើង​នៃ​ទំនាក់ទំនង​រវាង​ចិន និង​ឥណ្ឌា​នាពេល​ចុង​ក្រោយនេះ​ប្រហែលជា​ហេតុផល​សំខាន់​នៃ​ការដកខ្លួន​របស់​មហា​យក្ស​អាស៊ី​ខាងត្បូង​នេះដែរ​។​

​គេ​ចាំ​ច្បាស់​ថា កាលពីដើម​ខែមិថុនា​ក​ន្ល​ង​មកនេះ លោក នា​រិ​ន្ទ្រា ម៉ូ​ឌី នាយករដ្ឋមន្ត្រី​ឥណ្ឌា មិន​លើកឡើង​សូម្បី​តែមួយ​ម៉ាត់​ពី​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​ចតុ​ភាគី (QUAD) នៅក្នុង​វេទិកា​សន្តិសុខ​តំបន់ Shangri-La នៅ​សិង្ហ​បុរី​ឡើយ​។ ផ្ទុយទៅវិញ លោក​បែរជា​លើកឡើង​ពី​សារសំខាន់​នៃ​ភាពជា​ដៃគូ​ល្អជា​មួយ​ចិន​ថែម​ទៀតផង​។​

​ត្រឡប់មកវិញ ថ្វីបើ​គំនិត​ផ្តួចផ្តើម​ជំរុញ​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ត្រីភាគី​នេះ​ត្រូវបាន​បង្កើតឡើង​មែន​ក៏ដោយ គេ​មិនទាន់​បានទទួល​ព័ត៌មាន​លម្អិត​ពី​ទំហំ​ហិរញ្ញវត្ថុ​ដែល​មហាអំណាច​ទាំងបី​នេះ​ត្រៀម​ដាក់ចូល​ក្នុង​គម្រោង​ខ្លួន​នៅឡើយ​ទេ​។ គេ​រំពឹងថា​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ ដែល​នឹង​បំពេញ​ទស្សនកិច្ច​នៅ​អាស៊ាន​ចាប់ពី​ថ្ងៃ​ពុធ​ទី ១​ខែសីហា​ស្អែក​នេះ​នឹង​ប្រកាស​ពី​ទំហំ​ហិរញ្ញវត្ថុ​នេះ​។ លោក ប៉ុ​ម​ប៉េ​អូ នឹង​ផ្តើម​ទស្សនកិច្ច​របស់ខ្លួន​នៅ​ម៉ាឡេស៊ី មុន​បន្តទៅ​ចូលរួម​ប្រជុំ​ថ្នាក់​តំបន់​មួយចំនួន​នៅ​សិង្ហ​បុរី​។ ទិសដៅ​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​គឺ ឥណ្ឌូណេស៊ី​។​

​មុនពេល​ទស្សនកិច្ច​នេះ​ដែរ ប្រមុខ​ការទូត​អាមេរិក​ក៏បាន​ប្រកាស​ពី​គម្រោង​ហិរញ្ញវត្ថុ​របស់​រដ្ឋបាល​អាមេរិក​ដែល​នឹងត្រូវ​ប្រើប្រាស់​ដើម្បី​ជួយ​គាំទ្រ​បណ្តា​ប្រទេស​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែរ ហើយ​វា​ផ្តោត​យកចិត្តទុកដាក់​លើ​វិស័យ​សំខាន់ៗ​ដូចជា​សេដ្ឋកិច្ច​ឌីជីថល ថម​ពល និង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​។ កញ្ចប់​ហិរញ្ញវត្ថុ​របស់​អាមេរិក​នេះ​មាន​ទំហំ ១១៣​លាន​ដុល្លារ ហើយ​វា​នឹងត្រូវ​ប្រើប្រាស់​សម្រាប់​គាំទ្រ​ដល់​ស្ថាប័ន​តំបន់​សំខាន់ៗ​ដូចជា​អាស៊ាន និង​គំនិត​ផ្តួចផ្តើម​ការផ្សាភ្ជាប់​អាស៊ាន​-​អាមេរិក (US-ASEAN Connect), កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC), គំនិត​ផ្តួចផ្តើម​មេគង្គ​ក្រោម (LMI) ក៏ដូចជា​សមាគម​រង្វង់​មហាសមុទ្រ​ឥណ្ឌា (IORA)​ជាដើម​៕


Tag:
 ចិន​
  អាមេរិក​
  អូស្ត្រាលី​
  ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com