អន្តរជាតិ
​លោក Obama និង​លោក Biden ផ្តល់​ភាព​ភ្ញាក់ផ្អើល​នា​អាហារ​ថ្ងៃត្រង់​មួយ​
01, Aug 2018 , 8:39 pm        
រូបភាព
ដោយ: ធីតា
​លោក Barack Obama និង​លោក Joe Biden ដែលជា​អតីត​ប្រធានាធិបតី និង​អនុ​ប្រធានាធិបតី​អាមេរិក បានបង្ហាញ​វត្តមាន​រួមគ្នា​នៅ​ហាង​នំ​មួយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក នា​អំឡុង​អាហារ​ថ្ងៃត្រង់ កាលពី​ថ្ងៃទី​៣០ ខែកក្កដា​។



​វត្តមាន​របស់លោក Obama និង​លោក Biden គឺ​ក្នុង​គោលបំណង​បង្ហាញ​ការគាំទ្រ​អតីតយុទ្ធជន​ពិការ ភរិយា​យោធា និង​អ្នក​ថែទាំ នានា ដែល​បាន​រួមគ្នា​បង្កើត​អាជីវកម្ម និង​ភាពជា​សហគ្រិន​ប្រកបដោយ​ភាព​ច្នៃប្រឌិត​។ នេះ​បើតាម​ការលើកឡើង​រប​ស់​ក្រុមហ៊ុន Dog Tag Inc​។​



«​មើល​អ្នក​ដែល​បាន​ចូល​ហាង Dog Tag Bakery នៅថ្ងៃនេះ​!»​។ Dog Tag Inc បាន​បង្ហោះ​វីដេអូ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដែល​បង្ហាញ​ឲ្យ​ឃើញ​លោក Obama និង Biden ឈរ​ទិញ​នំ​រួមគ្នា​នៅក្នុង​ហាង ជាមួយ​អតិថិជន​ដទៃទៀត​។​

​វត្តមាន​របស់​អតីត​មេដឹកនាំ​សេត​វិមាន​ទាំងពីរ មិន​ត្រឹមតែ​ជាការ​បង្ហាញ​ការគាំទ្រ​អាជីវកម្ម​របស់​គ្រួសារ​យោធិន​ពិសារ​ប៉ុណ្ណោះ​នោះទេ ប៉ុន្តែ​អ្នកគាំទ្រ​របស់​ពួកគាត់​បង្ហាញ​នូវ​ក្តីរំភើប​រីករាយ​យ៉ាងខ្លាំង ដោយ​ពួកគេ​ចាត់ទុកថា ជា​ថ្ងៃ​ដ៏​រីករាយ​បំផុត​ដែល​ឃើញ​អតីត​មេដឹកនាំ​ទាំងពីរ​ជួបគ្នា​សារជាថ្មី​៕




© រក្សាសិទ្ធិដោយ thmeythmey.com