កីឡាអន្តរជាតិ
អន្តរជាតិ
Bonucci ត្រឡប់​ទៅ Juventus ហើយ AC Milan បាន Higuain វិញ​
03, Aug 2018 , 11:52 am        
រូបភាព
​ខ្សែការពារ Leonardo Bonucci បាន​វិលត្រឡប់​ចូល​ក្លិប​ចាស់ Juventus វិញ ក្រោយ​ចាក​ចេញទៅ AC Milan មួយ​រដូវ​កាល ខណៈដែល​ខ្សែប្រយុទ្ធ Gonzalo Higuain បាន​ផ្លាស់​ពី​សេះបង្កង់​ទៅកាន់​ទឹកដី San Siro ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​មួយ​រដូវ​កាល​។​



​ក្លិប AC Milan ត្រូវ​ចំណាយ​ប្រាក់​១៦ លាន​ផោន (២១​លាន​ដុល្លារ​អាមេរិក​) ទៅ​ឲ្យ​ក្លិប​ម្ចាស់​ជើងឯក​អ៊ីតាលី Serie A ដើម្បី​ខ្ចី Higuain រយៈពេល​មួយ​រដូវ​កាល មុន​ឈានដល់​កិច្ចព្រមព្រៀង​ទិញ​ផ្ដាច់​ក្នុងតម្លៃ ៣២,០៤​លាន​ផោន (៤២​លាន​ដុល្លារ​អាមេរិក​)​។ ទន្ទឹមនឹងនេះ​ខ្សែការពារ​អ៊ីតាលី Mattia Caldara ក៏បាន​ចាក​ចេញពី Turin ទៅ​ចូលរួម​ជាមួយ Milan ដែរ​។​

Higuain ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន វ័យ​៣០​ឆ្នាំ​ដែល​ត្រូវបាន​ភ្ជាប់​នឹង​ការផ្ទេរ​ទៅកាន់ Chelsea នោះ បាន​ចូលរួម​ជាមួយ Juventus ពី​ក្លិប Napoli ក្នុងតម្លៃ​ខ្លួន ៧៥,៣ លាន​ផោន (៩៨​លាន​ដុល្លារ​) កាលពី​ឆ្នាំ​២០១៦ ដោយ​រក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី ៤០​គ្រាប់​សម្រាប់​ការបង្ហាញ​ខ្លួន​ពីរ​រដូវ​កាល​។​

​ដោយឡែក លក្ខខណ្ឌ​លើ​ការផ្ទេរ Leonardo Bonucci គឺមាន​ការដោះដូរ​ជាមួយ​ខ្សែការពារ Caldara វ័យ​២៤​ឆ្នាំ ដោយ Juventus បាន​ផ្តល់ប្រាក់ ៣១,២​លាន​ផោន (៤០​លាន​ដុល្លារ​) ទៅ AC Milan បន្ថែមទៀត​។​

​ខ្សែការពារ​វ័យ​៣១​ឆ្នាំ​រូបនេះ បាន​ចាក​ចេញពី​សេះបង្កង់ ទៅកាន់​ទឹកដី San Siro កាលពី​រដូវ​កាល​មុន​ក្នុងតម្លៃ​ផ្ទេរ ៤៥​លាន​ដុល្លារ​អាមេរិក​៕


Tag:
 បាល់ទាត់​
  Leonardo Bonucci
  Gonzalo Higuain
© រក្សាសិទ្ធិដោយ thmeythmey.com