អន្តរជាតិ
សមុទ្រ​ចិន​ខាងត្បូង​៖ អាស៊ាន និង​ចិន ព្រម​ដើរ​លើផ្លូវ​តែមួយ​ដើម្បី​បង្កើត COC
03, Aug 2018 , 7:39 pm        
រូបភាព
អាស៊ាន​, ចិន​, សមុទ្រ​ចិន​ខាងត្បូង​, COC
អាស៊ាន​, ចិន​, សមុទ្រ​ចិន​ខាងត្បូង​, COC
​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​ចិន នៅ​ថ្ងៃទី​២ ខែសីហា បាន​ព្រមព្រៀង​លើ​សេចក្ដីព្រាង​រួមគ្នា​មួយ ដែល​នឹង​ក្លាយជា​មូលដ្ឋាន​សម្រាប់​ការចរចា​ឈានទៅ​បង្កើត​ក្រម​ប្រតិបត្តិ​សម្រាប់​ភាគី​នៃ​សមុទ្រ​ចិន​ខាងត្បូង (COC) ។ ប្រមុខ​ការទូត​នៃ​ភាគី​ទាំងសងខាង សុទ្ធតែ​បង្ហាញ​ការសប្បាយ​ចិត្ត​ចំពោះ​ភាព​រីកចម្រើន​នេះ និង​ចាត់ទុកជា​ការវិវត្ត​មួយ​ដ៏​សំខាន់​។ ទន្ទឹមនឹង​ដំណើរការ​នេះ ភាគី​ទាំងពីរ​ក៏​ឯកភាពគ្នា​បន្ត​ការចរចា​ដើម្បី​ឲ្យ COC ឆាប់​ចេញ​ជា​រូបរាង​។



​ការចរចា​រវាង​អាស៊ាន និង​ចិន​ស្ដីពី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង បាន​ដើរ​ទៅមុខ​មួយ​ជំហាន បន្ទាប់ពី​ភាគី​ទាំងពីរ​ឯកភាព​លើ​សេចក្ដីព្រាង​រួម​ដើម្បី​ប្រើប្រាស់​ក្នុង​ការចរចា​បង្កើត​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (COC) ។ នេះ​មានន័យថា ការចរចា​ស្ដីពី COC នៅពេល​ខាងមុខ​រវាង​អាស៊ាន និង​ចិន នឹង​ធ្វើតាម​សេចក្ដីព្រាង​តែមួយគត់​។​

​ការឯកភាព​ខាងលើនេះ ត្រូវបាន​ប្រកាស​ដោយរ​ដ្ឋ​មន្ត្រី​ការបរទេស​សិ​ង្ហ​បុរី វី​វៀន បា​ឡា​គ្រី​ស្នាន់ (Vivian Balakrishan) នៅ​ថ្ងៃទី​២ ខែសីហា ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចិន​។ នា​សន្និសីទ​សារព័ត៌មាន​ក្រោយ​ជំនួប លោក វី​វៀន និយាយថា ការបោះ​ជំហាន​នេះ ត្រូវបាន​សម្រេចបាន​តាំងពី​កិច្ចប្រជុំ​មន្ត្រី​ក្រុមការងារ​អាស៊ាន​-​ចិន នៅ​ខែមិថុនា នៅ​ក្រុង​ឆាង​សា ទឹកដី​ចិន​មកម្ល៉េះ ខណៈ​ការចរចា​ចាប់ផ្ដើម​នៅ​ខែមីនា​។  

​ជាមួយនឹង​ការចាត់ទុក​ការឯកភាព​គ្នា​ជាការ​រីកចម្រើន​មួយ ប្រមុខ​ការទូត​សិង្ហ​បុរី​បញ្ជាក់ថា អត្ថបទ​នៃ​សេចក្ដីព្រាង​ការចរចា​រួម​នេះ នឹង​ក្លាយជា​ឯកសារ​រស់​រវើក និង​ជា​មូលដ្ឋាន​នៃ​ការចរចា​នៅ​ថ្ងៃ​អនាគត​។ បើតាម​ការផ្សាយ​របស់​ទូរទស្សន៍ Channel NewsAsia លោក វី​វៀន ដែល​ទទួលបន្ទុក​សម្រប​សម្រួល​កិច្ចការ​ទំនាក់ទំនង​អាស៊ាន​-​ចិន​ផង​នោះ លើកឡើង​ទៀតថា ភាគី​ទាំងពីរ​ក៏បាន​យល់ព្រម​លើ​បៀ​ប​បទ​សំខាន់ៗ​សម្រាប់​ការចរចា​ខាងមុខ​។​

​ទោះជា​យ៉ាងណា លោក វី​វៀន ក៏​ព្រមាន​ថា ការចរចា​ស្ដីពី COC នៅ​មិនទាន់​បញ្ចប់​ឡើយ ហើយ​គេ​ក៏​មិនអាច​កំណត់​កាលបរិច្ឆេទ​ជាក់លាក់​ដើម្បី​បញ្ចប់​ក្រម​ប្រតិបត្តិ​នេះ​នៅឡើយ​ទេ ឯ​បញ្ហា​ប្រទាំង​ប្រទើស​រវាង​សមាជិក​អាស៊ាន​ខ្លះ​ជាមួយ​ចិន ក៏​មិនទាន់​ចប់​ដែរ​។ បើតាម​មន្ត្រីការទូត​សិង្ហ​បុរី ភាគី​ទាំងអស់​រីករាយ​នឹង​ដំណើរការ​ទៅមុខ​នេះ និង​សង្ឃឹមថា អាច​ជំរុញ​ល្បឿន​ចរចា​ដើម្បី​បង្កើត COC ឲ្យ​បាន​ឆាប់​តែ​អាចធ្វើ​បាន ដូច​ការប្ដេជ្ញាចិត្ត​កន្លងមក​។​

​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង តែងតែ​ជា​ប្រធានបទ​សំខាន់​នា​កិច្ចប្រជុំ​អាស៊ាន​ម្ដងៗ ហើយ​បញ្ហា​ក៏បាន​ធ្វើ​ឲ្យ​មាន​ថ្នាំងថ្នាក់​ខ្លះ​រវាង​សមាជិក​អាស៊ាន​ផង​។ ការចរចា​កន្លងមក​រវាង​អាស៊ាន និង​ចិន បាន​ដំណើរការ​ទៅមុខ​ក្នុង​ល្បឿន​យឺតៗ ដោយ​ចិន​រង​ការ​ចោទថា មានបំណង​ពន្យារពេល​ចរចា​ដើម្បី​ខ្លួន​មាន​ពេលធ្វើ​សកម្មភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​៕


Tag:
 អាស៊ាន​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង​
  COC
© រក្សាសិទ្ធិដោយ thmeythmey.com