កីឡាជាតិ
ជាតិ
គ្រូបង្វឹក​ស្វាយរៀង បង្ហាញ​ក្តីកង្វល់​ចំពោះ​បញ្ហា​របួស​កូនក្រុម ពេល​ប៉ះ​ជាមួយ​ភ្នំពេញ​ក្រោ​ន​
04, Aug 2018 , 7:19 am        
រូបភាព
លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង
លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង
ដោយ:
​បញ្ហា​របួស​របស់​កីឡាករ បាន​ក្លាយជា​ក្តីកង្វល់​សម្រាប់​គ្រូបង្វឹក​ព្រះខ័ន​រាជ​ស្វាយរៀង ពេល​ប៉ះ​ជាមួយ​ភ្នំពេញ​ក្រោ​ន ក្នុងជំនួប​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​លី​គ​កំពូល​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ​។ តែ​យ៉ាងណា​គ្រូបង្វឹក​រូបនេះ​អះអាងថា ក្រុម​លោក​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ​សម្រាប់​ជំនួប​ក្រៅ​ទឹកដី​មួយ​នេះ​។ ក្រៅពី​ជំនួប​ដ៏​ជក់ចិត្ត​នេះ ក៏មាន​ការប្រកួត​ពីរ​គូ​ទៀត​ផងដែរ​នៅថ្ងៃនេះ​។

 
​ភាពស្រពេចស្រពិល​ចំពោះ​វត្តមាន​របស់​កីឡាករ​មួយចំនួន រួមមាន​កីឡាករ សឿ​យ វិសាល​, នេន សុធា​រ័ត្ន​, ណុប តុលា​, គ​ន្ធា រ៉ា​វ៉ាន់​, សួន សុវណ្ណ និង គីម សុខ​យុទ្ធ ដែល​រងរបួស​ក្នុងជំនួប​ជាមួយ​ក្រសួងការពារជាតិ​ក្នុង​ពានរង្វាន់​សម្តេច ហ៊ុន សែន បាន​ក្លាយជា​បញ្ហា​ប្រឈម​សម្រាប់​ព្រះខ័ន​រាជ​ស្វាយរៀង ក្នុងការ​ប្រជែង​ជាមួយ​ភ្នំពេញ​ក្រោ​ន​។ នេះ​ជាការ​បង្ហាញ​ក្តីកង្វល់​របស់​គ្រូបង្វឹក​ព្រះខ័ន​រាជ​ស្វាយរៀង​លោក Conor Nestor តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​។   
  
​គ្រូបង្វឹក​រូបនេះ​បន្ថែមថា ក្រៅពី​ពួកគេ​ខាងលើ ព្រះខ័ន​រាជ​ស្វាយរៀង​អវត្តមាន​កីឡាករ​៣​រូប​បន្ថែមទៀត រួមមាន​កីឡាករ លី សា​រ័ត្ន ដែល​រង​ពិន័យ​កាត​លឿង​ពីរ​ប្រកួត​ជាប់​គ្នា និង​យុវជន​ពីររូប គឺ​កីឡាករ ត្រាយ វិចិត្រ និង ឃៀង ម៉េង​ហួរ ដែល​ទើប​ជួយ​ក្រុម U19 សាលា​បាល់ទាត់​ជាតិ​បាទី​ប្រជែង​ជាមួយ​ក្រុម​ជម្រើស​លី​គ​ទី​៤​ជប៉ុន កាលពី​ថ្ងៃទី​៣ ខែសីហា​។​
 
 
​លោក Conor Nestor បានចាត់ទុក​បញ្ហា​របួស​និង​អវត្តមាន​កីឡាករ​មួយចំនួន​ខាងលើ ជា​ឱកាស​ដ៏​ល្អ​សម្រាប់​កីឡាករ​យុវជន​ក្នុងការ​បង្ហាញ​សមត្ថភាព​។ តែ​យ៉ាងណា លោក​អះអាងថា ក្រុម​ព្រះរាជ​ស្វាយរៀង​បាន​ត្រៀម​រួចរាល់​ហើយ សម្រាប់​ជំនួប​ដែល​ខ្លួន​រំពឹងថា នឹង​ទទួលបាន​លទ្ធផល​មួយ​នេះ​។ 
 
​ភ្នំពេញ​ក្រោ​ន​ត្រូវ​បើកទ្វារ​កីឡដ្ឋាន RSN ស្វាគមន៍​ភ្ញៀវ​ព្រះខ័ន​រាជ​ស្វាយរៀង សម្រាប់​ជំនួប​ដណ្តើម​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​សប្តាហ៍​ទី​១៦ វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​៤ ខែសីហា​នេះ​។ សម្រាប់​ការប្រកួត​ជើង​ទី​១ ព្រះខ័ន​រាជ​ស្វាយរៀង​យកឈ្នះ​ភ្នំពេញ​ក្រោ​ន​ក្នុង​លទ្ធផល ៦-៣ នៅលើ​ទឹកដី​របស់ខ្លួន​។​
 
​បច្ចុប្បន្ន​ព្រះខ័ន​រាជ​ស្វាយរៀង​ឈរ​លេខ​៦​ក្នុង​តារាង​មាន​២១​ពិន្ទុ​ក្នុង​ដៃ ខណៈ​ភ្នំពេញ​ក្រោ​ន​ឈរ​លេខ​៧​មាន​២១​ពិន្ទុ​ដូចគ្នា តែ​ចាញ់​គ្រាប់​បាល់​ចំណេញ​។ សម្រាប់​ប​៣​ប្រកួត​ចុងក្រោយ ព្រះខ័ន​រាជ​ស្វាយរៀង​ឈ្នះ​២ និង​ស្មើ​១ ខណៈ​ភ្នំពេញ​ក្រោ​ន​ចាញ់​ទាំង​៣​ប្រកួត​។ កាលពី​សប្តាហ៍​មុន​ព្រះខ័ន​រាជ​ស្វាយ​រៀប​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ជាមួយ​អង្គរ​ថា​យ​ហ្គឺ​រ រីឯ​ភ្នំពេញ​ក្រោ​ន​ចាញ់​ណាហ្គា​វើ​ល ២-១​។  
 
​ក្រៅពី​ជំនួប​ដ៏​ជក់ចិត្ត​ខាងលើ ពហុ​កីឡដ្ឋាន​ជាតិ​នឹង​ក្លាយជា​ទីតាំង​កាត់សេចក្តី​ជំនួប​រវាង​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​ជាមួយ​សូល​ទី​ឡូ​អង្គរ​នៅ​ម៉ោង​៦​ល្ងាច​។ នា​ជំនួប​ជើង​ទី​១​អគ្គស្នងការ​នគរបាល​ជាតិ​យកឈ្នះ​សូល​ទី​ឡូ​អង្គរ​ក្នុង​លទ្ធផល ២-១​។ នៅ​ម៉ោង​៦​ល្ងាច​នេះ​ផងដែរ ក្រុម​ចំណូល​ថ្មី​កំពុង​ឡើង​ជើង​វិសាខា បើកទ្វារ​កីឡដ្ឋាន​ស្តា​ត​ចាស់ ស្វាគមន៍​ក្រុម​មិនដែល​ស្គាល់​ឈ្នះ​វេ​ស្ទើ​ន​ភ្នំពេញ​។ វិសាខា​យកឈ្នះ​វេ​ស្ទើ​ន​ភ្នំពេញ ៣-០ នៅ​ជើង​ទី​១៕   
 

Tag:
 បាល់ទាត់​
  Conor Nestor
  Cambodian League 2018
© រក្សាសិទ្ធិដោយ thmeythmey.com