កីឡាជាតិ
ជាតិ
AFF U16៖ កម្ពុជា​ត្រូវការ​ឈ្នះ​មី​យ៉ាន់ម៉ា​ជា​ចាំបាច់ ដើម្បី​បន្ត​ឱកាស​ប្រជែង​កៅអី​វគ្គ​បន្ត​
04, Aug 2018 , 8:39 am        
រូបភាព
លោក Lee Tae Hoon ឈរមើលការប្រកួតរវាងក្រុម U16 កម្ពុជា ជាមួយទីម័រខាងកើត, រូបភាពពីហ្វេសប៊ុក FFC
លោក Lee Tae Hoon ឈរមើលការប្រកួតរវាងក្រុម U16 កម្ពុជា ជាមួយទីម័រខាងកើត, រូបភាពពីហ្វេសប៊ុក FFC
ដោយ:
 ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា បន្ត​ជួប​មី​យ៉ាន់​ម៉ា នា​ជំនួប​លើក​ទី​៤​ពានរង្វាន់ AFF U16 Championship 2018 នៅ​ម៉ោង​៣:៣០​នាទី​រសៀល​(​ម៉ោង​នៅ​កម្ពុជា​)​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៨ នៅ​ប្រទេស​ហ្វីលីពីន​។ ក្រៅពី​ជំនួប​នេះ ក៏មាន​ការប្រកួត​ពីរ​គូ​ទៀត​ផងដែរ ដោយ​ហ្វីលីពីន​ប៉ះ​វៀតណាម រីឯ​ទី​ម័​រ​ខាងកើត​ជួប​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​។

 
U16 កម្ពុជា ដែល​ឈរ​លេខ​រៀង​ទី​៤​មាន​៣​ពិន្ទុ​ក្នុង​ដៃ ក្រោយ​ឈ្នះ​១​និង​ចាញ់​២ ត្រូវការ​ឈ្នះ​មី​យ៉ាន់​ម៉ា​ដាច់​ក្នុងជំនួប​នៅ​កីឡដ្ឋាន Gelora Delta Stadium រសៀល​នេះ ដើម្បី​បង្កើន​ឱកាស​ប្រជែង​ដណ្តើម​កៅអី​វគ្គ​បន្ត​ពានរង្វាន់ AFF U16 Championship 2018 នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។ ប្រសិនបើ​កម្ពុជា​ចាញ់​ក្នុងជំនួប​នេះ នោះ​ឱកាស​ឡើងទៅ​វគ្គ​បន្ត​នឹងត្រូវ​បាត់បង់​តែម្តង ទោះបី​នៅសល់​មួយ​ប្រកួត​ទៀត​ក៏ដោយ​។ 
 
​សម្រាប់​៣​ប្រកួត​ក្នុង​ពូ​ល A កន្លងមក កម្ពុជា​ឈ្នះ​ហ្វីលីពីន ៥-១ ចាញ់​វៀតណាម ១-០ និង​ចាញ់​ទី​ម័​រ​ខាងកើត ២-១ ខណៈ​មី​យ៉ាន់​ម៉ា​យកឈ្នះ​ទី​ម័​រ​ខាងកើត ៣-២ ឈ្នះ​ហ្វីលីពីន ៧-០ និង​ចាញ់​ឥណ្ឌូណេស៊ី ២-១​។ 
 
​បើតាម​ប្រវត្តិ​ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​ក្នុង​ព្រឹត្តិការណ៍​នេះ​៣​លើក​រួម​មកហើយ ខណៈ​កម្ពុជា​មិនដែល​យកឈ្នះ​មី​យ៉ាន់​ម៉ា​នោះទេ​។ នា​ការប្រកួត​នៅ​ឆ្នាំ​២០១១ នៅលើ​ទឹកដី​ឡាវ ក្រុម​ទាំងពីរ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ មុន​មី​យ៉ាន់​ម៉ា​យកឈ្នះ​ជា​បន្តបន្ទាប់​ក្នុង​លទ្ធផល ២-១ និង ៣-០ នៅ​ឆ្នាំ​២០១៣ និង ២០១៥​។ មី​យ៉ាន់​ម៉ា ធ្លាប់​ឈ្នះ​ជើងឯក​ពីរលើក​នៅ​ឆ្នាំ​២០០២ និង ២០០៥​។​
 
​ក្រៅពី​ជំនួប​រវាង​ក្រុម​ទាំងពីរ​ខាងលើ U16 ហ្វីលីពីន ដែល​បរាជ័យ​៣​ប្រកួត​ជាប់​គ្នា ត្រូវ​តទល់​ជាមួយ​វៀតណាម ដែល​ឈរ​លេខ​រៀង​ទី​៣​ក្នុង​តារាង​មាន​៦​ពិន្ទុ​នៅ​ម៉ោង​៣:៣០​នាទី​រសៀល នា​កីឡដ្ឋាន Gelora Joko Samudro Stadium​។ ចំណែក U16 ទី​ម័​រ​ខាងកើត ប្រជែង​តទល់​ជាមួយ​ឥណ្ឌូណេស៊ី នៅ​ម៉ោង​៧​យប់ នា​កីឡដ្ឋាន Gelora Delta Stadium៕    
 
 
  
 

Tag:
 ​បាល់ទាត់​
  AFF U16
  មី​យ៉ាន់​ម៉ា​
  U16
© រក្សាសិទ្ធិដោយ thmeythmey.com