ជាតិ
សង្គមជាតិ
លោក ផាន់ ភឿន យក​ដី​ក្រោយ​ផ្ទះ​ជាង​១០០​ម៉ែត្រ​ដាំ​ក្រូចពោធិ៍សាត់ និង​ក្រូចឆ្មារ​ដោះ​បន្ទុកគ្រួសារ​ប្រចាំថ្ងៃ​
04, Aug 2018 , 8:59 pm        
រូបភាព
​សៀមរាប​៖ លោក ផាន់ ភឿន ជា​អ្នកស្រុក​ប្រាសាទបាគង ហើយ​ផ្ទះ​របស់លោក​នៅ​ជិត​ក្លោងទ្វារ​ខាងកើត​ប្រាសាទបាគង​តែម្ដង​។ លោក ភឿន មាន​ដី​មិន​ច្រើន​ទេ​។ លោក​មាន​ដី​ក្រោយ​ផ្ទះ​ទទឹង​ប្រមាណ​ជាង ៣០​ម៉ែត្រ និង​បណ្តោយ​ជាង​១០០​ម៉ែត្រ ហើយ​លោក​បាន​ដាំ​ដំណាំ​ជាច្រើន​មុខ ក្នុងនោះ​មាន​ចេក បន្លែ តែ​ច្រើនជាងគេ គឺ​ក្រូចពោធិ៍សាត់ និង​ក្រូចឆ្មារ​។ ដំណាំ​ទាំង​នោះបាន​ហុច​ផល​ឱ្យ​គ្រួសារ​លោក ផាន់ ភឿន ជាប្រចាំ​ដែល​អាចឱ្យ​លោក​ដោះស្រាយ​បន្ទុក​ក្នុង​គ្រួសារ​លោក​ជាប្រចាំ​ផងដែរ​។​

 
​ដោយ​មិន​និយាយ​ពី​ដំណាំ​ផ្សេងៗ អ្នកស្រុក​ប្រាសាទបាគង មាន​ដី​មិន​ច្រើន​ទេ តែ​ពួកគេ​បាន​ដាំ​ដុះ​ដំណាំ​ផ្សេងៗ​ជុំវិញ​។ ដាំ​ណាំ​ដែល​ឃើញ​ច្រើនជាងគេ​នៅ​ជុំវិញ​ផ្ទះ មាន​ក្រូចពោធិ៍សាត់ និង​ក្រូចឆ្មារ​តែម្ដង​។ រដូវ​នេះ ជា​រដូវ​ដែល​ក្រូចពោធិ៍សាត់​ហុច​ផល ចំណែកឯ​ផ្លែ​មាន​សឹង​គ្រប់​ផ្ទះ តាម​ការដាំ​ច្រើន​ឬ​តិច របស់​អ្នកភូមិ​។ 
 
 
​នៅផ្ទះ​លោក ផាន់ ភឿន មាន​ចម្ការ​ផ្លែក្រូច​ពោធិ៍សាត់ និង​ក្រូចឆ្មារ ដែល​លោក ភឿន ដាំ​ប្រមាណ ១០​ឆ្នាំ​មកហើយ​។ លោក​ថា ដំណាំ​ផ្លែឈើ​ទាំងនោះ​មិនមាន​ប្រើ​សារធាតុ​គីមី​អ្វី​ទេ គឺ​ដាក់​តែ​ជី​អាចម៍គោ ស្លឹកឈើ និង​បន្ថែម​ជីសរីរាង្គ​ខ្លះ​។ 
 
 
​ក្នុង​រដូវ​ក្រូចពោធិ៍សាត់​នេះ លោក ភឿន លក់​ក្រូច​បាន​ចំណូល​គួរសម ដែល​ច្រើន​គេ​មក​ទិញ​ដល់ផ្ទះ​លោក​តែម្តង​។ ចំណែក​ក្រូចឆ្មារ​វិញ ដែល​ហុច​ផ្លែ​ខួប​នោះ លោក​ភឿន លក់បាន​ក្នុង​មួយ​គីឡូ​ចន្លោះ​ពី​៣​ពាន់​រៀល ទៅ​១​ម៉ឺន​រៀល​ឯណោះ ទៅតាម​រដូវ​កាល​។ លោក ភឿន ប្រាប់ថា ចង់​ដាំ​ក្រូចឆ្មារ ឬ​ក្រូចពោធិ៍សាត់​ឱ្យ​ល្អ គឺ​មើល​ទៅតាម​ដី ដែល​ដំណាំ​ប្រភេទ​នេះ​អាច​លូតលាស់​ល្អ​នៅលើ​ដី​ដែលមាន​ជីវភាព​ល្អ និង​ត្រូវការ​ទឹក​ច្រើន​៕
 




 

Tag:
 ផាន់ ភឿន​
  ក្រូច​
  ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com