កីឡាអន្តរជាតិ
អន្តរជាតិ
ឥណ្ឌូណេស៊ីអញ្ជើញលោក គីម ជុងអ៊ុន ទៅចូលរួមបើកព្រឹត្តិការណ៍កីឡា Asian Games រូបភាពពី REUTERS
× ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ (Joko Widodo) នឹងអញ្ជើញមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដើម្បីចូលរួមពិធីបើកព្រឹត្តិការណ៍កីឡា Asian Games ដែលធ្វើឡើងនៅទីក្រុងហ្សាកាតានាខែក្រោយ។ លោក វីដូដូ លើកឡើងដូច្នេះបន្ទាប់ពីបានបញ្ជូនមន្ត្រីរបស់ខ្លួនជាច្រើននាក់ទៅទស្សនកិច្ចនៅកូរ៉េខាងជើងនៅសប្តាហ៍នេះ។
ប៉ូលីសជាតិឥណ្ឌូណេស៊ីបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែកក្កដា ថារដ្ឋមន្ត្រីសម្របសម្រួលធនធានមនុស្ស និងវប្បធម៌អ្នកស្រី Puan Maharani រួមទាំងអ្នកតំណាងរដ្ឋាភិបាលឥណ្ឌូណេស៊ីជាច្រើននាក់ទៀត បានធ្វើដំណើរទស្សនកិច្ចទៅកាន់ក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។
«មូលហេតុចម្បងសម្រាប់យើង ទៅកាន់ក្រុងព្យុងយ៉ាង គឺដើម្បីបង្ហាញការអញ្ជើញជាផ្លូវការដល់ប្រធានាធិបតីកូរ៉េខាងជើងដើម្បីទៅចូលរួមក្នុងពិធីបើកកីឡាអាស៊ីនៅថ្ងៃទី ១៨ ខែសីហា ខាងមុខនេះ»។ នេះជាការបញ្ជាក់របស់អ្នកស្រី Maharani។
អ្នកស្រី Maharani និងប្រតិភូឥណ្ឌូណេស៊ីបានជួបលោក គីម យ៉ុងណាំ ដែលជាប្រមុខរដ្ឋកូរ៉េខាងជើងនៅថ្ងៃទី៣០ ខែកក្កដា។ អ្នកស្រីក៏បានពិភាក្សាអំពីទំនាក់ទំនងរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងអំឡុងពេលទស្សនកិច្ចនេះ ក៏ដូចជាបញ្ហាក្នុងតំបន់និងការបំពេញការងាររបស់ប៉ូលីសឥណ្ឌូណេស៊ីក្នុងការប្រឆាំងនឹងក្រុមប្រយុទ្ធ។
កាលពីខែមេសាកន្លងទៅ រដ្ឋមន្ត្រីមកពីកូរ៉េទាំងពីរបានយល់ព្រមឲ្យប្រតិភូបង្រួបបង្រួមកូរ៉េដើរក្បួនរួមគ្នានៅក្នុងពិធីបើកកីឡា Asian Games ដែលត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ដើម្បីជាសញ្ញានៃការបន្ធូរបន្ថយភាពតានតឹងជុំវិញមហិច្ឆតានុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។
ក្រៅពី គីម ជុងអ៊ុន ឥណ្ឌូណេស៊ីក៏បានអញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីនទៅចូលរួមក្នុងពិធីបើកកីឡាអាស៊ីនេះដែរក្នុងការអញ្ជើញមេដឹកនាំកំពូលៗទៅកាន់ឥណ្ឌូណេស៊ីនេះ លោក Syafruddin មេប៉ូលិសរងជាតិឥណ្ឌូនេស៊ីបានអះអាងថា នឹងធានាសន្តិសុខដល់មេដឹកនាំកូរ៉េទាំងពីរ និងអ្នកចូលរួមទាំងអស់ដែលមានវត្តមានក្នុងព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ីនេះ។
ឥណ្ឌូណេស៊ី នឹងដាក់ពង្រាយកងកម្លាំងប្រមាណ១០០ ០០០នាក់ ដើម្បីការពារសុវត្ថិភាពជូនដល់អត្តពលិក ១១០០០នាក់មកពី៤៥ប្រទេស ដោយ Asian Games ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ធំលំដាប់ទីពីរបន្ទាប់ពីកីឡាអូឡាំពិក៕
Tag:
Asian Games
ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com