ជាតិ
សង្គមជាតិ
អភិបាល​រាជធានី​ភ្នំពេញ​បញ្ជា​ឱ្យ​ស្ថាបនា​ឡើងវិញ​នូវ​ច្រាំងទន្លេ​បាក់​ដែល​បណ្តាលមកពី​ទឹកជំនន់​
05, Aug 2018 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង នៅ​ព្រឹក​ថ្ងៃទី​៤ ខែសីហា បាន​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ និង​បាន​ត្រួតពិនិត្យ​ច្រាំងទន្លេ​មួយកន្លែង ដែល​បាក់​បណ្តាលមកពី​ទឹកជំនន់​ទន្លេសាប​។ ច្រាំងទន្លេ​ដែល​បាក់ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ​។

 
​លោក ឃួ​ង ស្រេង បាន​ជំរុញ​ដល់​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ពិនិត្យ និង​សិក្សា​ដើម្បី​ស្ថាបនា​ច្រាំងទន្លេ​ដែល​បាក់​ខាងលើ​។ តាម​លោក​អភិបាល​រាជធានី ច្រាំងទន្លេ​នេះ​នឹងត្រូវ​ស្ថាបនា​ឡើងវិញ​យ៉ាង​ឆាប់រហ័ស ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​។ តាម​គម្រោង​ច្រាំងទន្លេ​ខាងលើ នឹងត្រូវ​បុក​ស៊ី​ផាយ​បន្ទះ​ដែក ទប់​ការពារ​ច្រាំង និង​ធ្វើ​ផ្លូវ​ឱ្យ​រឹងមាំ និង​ជាប់​បានយូរ​។​
 
 
​យោងតាម​ការចុះផ្សាយរ​បស់​ក្រសួង​ព័ត៌មាន ដែល​ដកស្រង់​សំដី​ពី​អាជ្ញាធរ​មូលដ្ឋាន ផ្លូវ​ចំណុះ​ដែល​ប្រាក់​នោះ តែង​កើត​ឡើងជា​រៀងរាល់ឆ្នាំ​ប៉ុន្តែ​មាន​សភាព​តិចតួច និង​ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន​ជួសជុល​ជា​បន្តបន្ទាប់​។ សម្រាប់​ឆ្នាំនេះ ស្ថានភាព​បាន​បាក់​ខ្លាំង ទើប​អាជ្ញាធរ​មូលដ្ឋាន​មិនមាន​លទ្ធភាព​ជួសជុល​៕
 
 

 

© រក្សាសិទ្ធិដោយ thmeythmey.com