ពីនេះ ពីនោះ
ខ្មែរ​ប្រើពាក្យ «​តាប​ឡូ​» និង​«​ក្តារខៀន​» ជំនួស​ពាក្យ​ខ្មែរ «​កា្តរ​ឆ្នួន​»
07, Aug 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ប្រើប្រាស់​ពាក្យ ដែលជា​កម្ចី​ពី​បរទេស ដោយសារ​ពាក្យ​ខ្លះ ខ្មែរ​យើង​មិនមាន​ពាក្យ​ដែលជា​របស់​ខ្លួនឯង​ឡើយ​។ ទោះបី​ពាក្យ​ខ្មែរ​ខ្លះ មានន័យ​ដូចនឹង​ពាក្យ​កម្ចី​ពី​បរទេស តែ​ពួកគេ​មិនសូវ​ប្រើពាក្យ​របស់ខ្លួន​ឯង​នោះទេ​។ ខ្មែរ​ប្រើពាក្យ «​តាប​ឡូ​» ជា​កម្ចី​ពី​បារាំង និង​«​ក្តារខៀន​» កម្ចី​ពី​សៀម សុទ្ធសឹងតែ​ភ្លេច​ប្រើពាក្យ​ខ្លួនឯង ជា «​ក្តារឆ្នួន​» ទៅហើយ​។



​តាម​ការបកស្រាយ​ដោយ​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «​តាប​ឡូ​» មិនមាន​នៅក្នុង​វចនានុក្រម​ខ្មែរ​ឡើយ​។ មានតែ ពាក្យ «​ក្តារខៀន​» និង​«​ក្តារឆ្នួន​»​។ ការពិត «​តាប​ឡូ​» គឺជា​ពាក្យ​ក្លាយ​មកពី​ភាសា​បារាំង និង​«​ក្តារខៀន​» ជា​ពាក្យ​កម្ចី​ពី​សៀម ដែល​បក​ប្រែជា​ភាសា​ខ្មែរ​ថា ជា​ប្រដាប់​សម្រាប់​សរសេរ ដោយ​ដី ស និង​ហ្វឺត ជាដើម​។ ចំពោះ​ពាក្យ «​ក្តារឆ្នួន​» ទើប​ជា​ភាសា​ខ្មែរ​។ តែ​ខ្មែរ​កម្រ​ប្រើពាក្យ «​ក្តារឆ្នួន​» ដោយ​ពួកគេ​ប្រើប្រាស់​កម្ចី​ពី​បរទេស​ច្រើនជាង សម្រាប់​សរសេរ​មេរៀន ជាមួយនឹង ដី ស ដោយ​លុប​ទៅវិញ​ជាមួយនឹង​ក្រណាត់ ឬ​ប្រដាប់​លុប​។

​គិត​មកដល់​ពេលបច្ចុប្បន្ន​នេះ ពាក្យ​ខ្មែរ​ខ្លះ​ស្ទើរតែ​កប់​ចោល ដោយ​គ្មាន​អ្នកប្រើប្រាស់​ទាំងស្រុង​ទៅហើយ​។ ដូច្នេះ ទាមទារ​ឲ្យ​សា​ធាណ​ជន គួរតែ​ត្រឡប់មក​ប្រើពាក្យ​ភាសាជាតិ​ខ្មែរ​វិញ ទើប​យើង​អាច​រក្សា​ភាសាជាតិ​ឲ្យ​បាន​គង់វង្ស​៕ 



Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com