អន្តរជាតិ
អតីត​នាយករដ្ឋមន្ត្រី ណា​ជីប រង​ការចោទប្រកាន់​ករណី​លាង​លុយ​ជាង​១០​លាន​ដុល្លារ​
08, Aug 2018 , 8:19 pm        
រូបភាព
អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ (រូបភាព AFP)
អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ (រូបភាព AFP)
​សំណុំរឿង​ពុករលួយ​របស់​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់ ពាក់ព័ន្ធ​ការ​កិបកេង​លុយ​មូលនិធិ​រដ្ឋ កំពុងតែ​ដំណើរការ​ក្ដៅគគុក​។ នៅ​ថ្ងៃទី​៨ ខែសីហា លោក ណា​ជីប ត្រូវបាន​ចោទប្រកាន់​បី​ករណី​ទៀត​ជាប់ទាក់ទង​នឹង​ការលាង​លុយ​ជាង​១០​លាន​ដុល្លារ បន្ថែម​ពីលើ​ការចោទប្រកាន់​ចំនួន​៤​រួចមកហើយ​នោះ​។ ដូច​ពេលកន្លងមក​ដែរ លោក ណា​ជីប នៅតែ​អះអាងថា លោក​ត្រឹមត្រូវ​ដដែល តែបើ​តុលា​ការរកឃើញ​កំហុស​មែន​នោះ លោក​ទំនងជា​ចំណាយ​ជីវិតចុងក្រោយ​ក្នុង​ពន្ធនាគារ​ហើយ​។​



​សម្ពាធ​ផ្លូវច្បាប់​កំពុង​សង្កត់ក​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់ ជា​បន្តបន្ទាប់​។ ក្រោយ​ការចោទប្រកាន់​ដល់​ទៅ​បួន​ករណី​ពាក់ព័ន្ធ​ការបំពាន​អំណាច និង​បទឧក្រិដ្ឋ​រំលោភ​ការទុកចិត្ត លោក ណា​ជីប ក៏ត្រូវ​ចោទប្រកាន់​បី​ករណី​ទៀត​ពាក់ព័ន្ធ​ការលាង​លុយ​។ លោក​ត្រូវបាន​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី កោះហៅ​ដើម្បី​សាកសួរ​នៅ​ថ្ងៃ​៧ ខែសីហា រួច​ទើប​ទទួលបាន​ការចោទប្រកាន់​ផ្លូវការ​នៅ​ថ្ងៃទី​៨ ខែសីហា​។​

​ក្នុង​សំណុំរឿង​ថ្មី​នេះ លោក ណា​ជីប ត្រូវបាន​ចោទថា បាន​ផ្ទេរប្រាក់​ចំនួន​ជាង​១០​លាន​ដុល្លារ​ពី​គណនី​របស់ SRC International ដែល​ស្ថាប័ន​ចំណុះ​មូលនិធិ​រដ្ឋ 1MDB ទៅកាន់​គណនី​ផ្ទាល់ខ្លួន​របស់លោក​ក្នុង​ឆ្នាំ​២០១៤ និង​២០១៥ ។ បើ​រកឃើញ​កំហុស​លើ​ករណី​ថ្មី​មែន​នោះ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​វ័យ​៦៤​ឆ្នាំ​រូបនេះ នឹងត្រូវ​ជាប់ពន្ធនាគា​រ​រយៈពេល​១៥​ឆ្នាំ និង​ត្រូវ​បង់ប្រាក់​ពិន័យ​ច្រើន​ក្រាស់ក្រែល​ទៀត​។ នេះ​បើតាម​ទូរទស្សន៍ Channel NewsAsia ។​

​សម្រាប់​ការចោទប្រកាន់​បួន​ករណី​ខាងលើ​វិញ ករណី​នីមួយៗ​អាច​ឲ្យ​លោក ណា​ជីប ត្រូវ​ជាប់ពន្ធនាគារ​ចំនួន​២០​ឆ្នាំ​បន្ថែមទៀត​។ ករណី​ទាំងអស់​ក៏​សុទ្ធតែ​ជាប់ទាក់ទង​នឹង​អង្គភាព SRC International តែមួយ​។ ទឹកប្រាក់​ចំនួន​៤.៥​ពាន់​លាន​ដុល្លារ ត្រូវគេ​ជឿថា ត្រូវបាន​ប្រើប្រាស់​ខុស​គោលដៅ​ក្នុង​រយៈពេល​៩​ឆ្នាំ​នៃ​អាណត្តិ​ដឹកនាំ​របស់លោក ណា​ជីប ។ 

​យ៉ាងណាមិញ លោក ណា​ជីប នៅតែ​បដិសេធ​ការចោទប្រកាន់​ទាំងអស់​ដដែល ហើយក៏​សង្ឃឹមថា ដំណើរការ​ក្ដី​នេះ នឹងធ្វើ​ឡើង​ដោយ​យុត្តិធម៌ ដើម្បី​បង្ហាញ​ភាពស្មោះត្រង់​របស់លោក​។ ក្រោយ​ចាញ់ឆ្នោត និង​រង​ការចោទប្រកាន់​មក លោក ណា​ជីប និង​ភរិយា Rosmah Mansor ក៏​ត្រូវបាន​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់ ហាមឃាត់​ចាកចេញ​ពី​ប្រទេស​ដើម្បី​រង់ចាំ​ដំណើរការ​ក្ដី​ពុករលួយ​ដ៏​ធំ​មួយ​នេះ​។​

​សំណុំរឿង​កិបកេង​លុយ​មូលនិធិ​រដ្ឋ​នេះ បាន​បិទ​បញ្ចប់​ម្ដង​ហើយ​ក្នុងសម័យ​លោក ណា​ជីប ដឹកនាំ​ប្រទេស ដោយ​មន្ត្រី​នានា​អះអាងថា លោក​ពិតជា​ស្អាតស្អំ​មែន​។ យ៉ាងណាក្ដី លោក មហា​ធៀ ដេ​ល​ឈ្នះឆ្នោត​ក្នុង​ខែឧសភា ត្រូវបាន​សើរើ​ឡើងវិញ ហើយ​ល្បឿន​នៃ​ការស៊ើបអង្កេត​មានដំណើរ​ការ​លឿន​គួរកត់សម្គាល់​។ បន្ទុក​ជាច្រើន​បាន​ធ្លា​ក់លោក ណា​ជីប រហូត​លោក​រិះគន់ថា សំណុំ​រឿងនេះ​ជាការ​សងសឹក​នយោបាយ​ទៀតផង​៕

Tag:
 ម៉ាឡេស៊ី​
  ណា​ជីប រ៉ា​ហ្សា​ក់
© រក្សាសិទ្ធិដោយ thmeythmey.com