ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ទីផ្សារជ្រូករស់នៅកម្ពុជាកំពុងល្អ តែកសិកដ្ឋានធំៗ និងថៃ ជាអ្នកចាប់ឱកាសនេះ រូបពីហ្វេសប៊ុក
× ភ្នំពេញ៖ ទីផ្សារជ្រូករស់នៅកម្ពុជា ក្នុងរយៈពេលបួនប្រាំខែចុងក្រោយនេះ មានសភាពល្អឡើងវិញ ដោយសារពុំមានការនាំចូលជ្រូកមកពីប្រទេសវៀតណាម។ នេះបើតាមលោក ជេត ភិរម្យ អនុប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។ ជ្រូករស់លក់បានតម្លៃពីចន្លោះជាង ៨០០០រៀល ដល់ទៅជាង ៩០០០រៀលក្នុងមួយគីឡូក្រាម។ ក្រុមហ៊ុនកសិដ្ឋានធំៗក្នុងស្រុក និងការនាំចូលពីថៃ កំពុងចាប់យកឱកាសនេះ ខណៈការចិញ្ចឹមជ្រូកខ្នាតតូច មានចំណែកទីផ្សារប្រមាណ ១០ភាគរយប៉ុណ្ណោះ។
សូមស្ដាប់កិច្ចសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងលោក ជេត ភិរម្យ អនុប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ខាងក្រោមនេះ៖
លោក ជេត ភិរម្យ អនុប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា
លោក ជេត ភិរម្យ បានវាយតម្លៃស្ថានភាពទីផ្សារជ្រូករស់នៅកម្ពុជាថា មានសភាពល្អ ដែលអ្នកចញ្ចឹមអាចទទួលផលចំណេញ ហើយពលរដ្ឋអ្នកបរិភោគក៏មិនរងផលប៉ះពាល់។ លោកបន្ថែមថា ស្ថានភាពទីផ្សារល្អ ដែលអ្នកចញ្ចឹមជ្រូក កំពុងទទួលបាននេះ ទំនងជាបន្តក្នុងរយៈពេលពីរបីឆ្នាំខាងមុខ។ លោកបានជំរុញឲ្យរដ្ឋាភិបាលយកគំរូនៃស្ថានភាពទីផ្សារជ្រូករស់សព្វថ្ងៃនេះសម្រាប់ទៅថ្ងៃមុខ ដើម្បីធ្វើយ៉ាងណាឲ្យការនាំចូលជ្រូក សមស្របនឹងកង្វះខាតជាក់ស្ដែង។
ទីផ្សារជ្រូករស់សព្វថ្ងៃនេះ គឺអំណោយផលដល់អ្នកចិញ្ចឹម ដែលផ្ទុយពីស្ថានភាពកាលពីឆ្នាំ២០១៧ កន្លងទៅ។ ស្ថានភាពល្អ ប៉ុន្តែការចិញ្ចឹមលក្ខណៈគ្រួសារ និងកសិដ្ឋានតូចៗជាច្រើន ត្រូវបានបោះបង់ ក្នុងពេលកន្លងមក។
ក្រុមហ៊ុនកសិកដ្ឋានក្នុងស្រុកធំៗ និងការផ្គត់ផ្គង់ពីប្រទេសថៃ កំពុងទទួលបានផលចំណេញពីឱកាសទីផ្សារបច្ចុប្បន្ននេះ។ លើសពីនេះ លោក ជេត ភិរម្យ មានប្រសាសន៍ថា ក្នុងរយៈពេល១០ឆ្នាំខាងមុខ គឺមានតែកសិកដ្ឋានធំៗប៉ុណ្ណោះដែលមានវត្តមានជាអ្នកផ្គត់ផ្គង់ជ្រូករស់នៅកម្ពុជា ពោលគឺមិនមានកសិដ្ឋានតូចៗទៀតឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com