អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា សម្ពោធ​កម្មវិធី​អប់រំ​រយៈពេល​៣​ឆ្នាំ ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​ទឹកនោមផ្អែម​
12, Aug 2018 , 11:49 am        
រូបភាព
​នៅ​ថ្ងៃទី​១១ ខែសីហា​នេះ ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា ដែលជា​ក្រុមហ៊ុន​ផលិត​ឱសថ ផ្តោត​ការយកចិត្តទុកដាក់​លើ​តម្រូវការ​អ្នកជំងឺ បាន​សម្ពោធ​កម្មវិធី​អប់រំ​ជំងឺ​ទឹកនោមផ្អែម​នៅ​កម្ពុជា  ដែលមាន​រយៈពេល​៣​ឆ្នាំ ហៅ​កាត់​ថា CEP-D​។ កម្មវិធី​នេះ ធ្វើឡើង​ក្នុង​បំណង​ចូលរួមចំណែក ដោះស្រាយ​បញ្ហា​ប្រឈម ពី​ការកើនឡើង​នៃ​ជំងឺ​ទឹកនោមផ្អែម នៅ​ប្រទេស​កម្ពុជា​។ ​កម្មវិធី​ដែល​ធ្វើឡើង​នៅឯ​សណ្ឋាគារ​ភ្នំពេញ​នេះដែរ ក៏មាន​ការចូលរួម ពី​ក្រុម​អ្នកជំនាញ​ថែទាំ​សុខភាព​ប្រមាណ​១៥០​នាក់​។ 

​អ្នកស្រី ដាវ ធូ​ង៉ា (Dao Thu Nga) នាយក​គ្រប់គ្រង​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា បញ្ជាក់ថា គោលបំណង នៃ​កម្មវិធី​អប់រំ​ផ្នែក​ជំងឺ​ទឹកនោមផ្អែម​នៅ​កម្ពុជា​នេះ គឺ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ និង​ផលប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ ដែល​បណ្តាលមកពី​ជំងឺ​នេះ ដល់​សាធារណជន​ផងដែរ​។ បើតាម​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា គម្រោង​នេះ​នឹង​ជួយ​ផ្សព្វផ្សាយ​ការគ្រប់គ្រង ក៏ដូចជា​គ្រប់គ្រង​ព្យាបាល​ឲ្យ​កាន់តែ​ល្អប្រសើរ​ជាង​មុន ចំពោះ​ជំងឺ​ទឹកនោមផ្អែម នៅ​កម្ពុជា​។ អ្នកស្រី ដាវ ធូ​ង៉ា បាន​បន្តទៀតថា​៖«​យើង​ក៏​នឹង​ផ្តល់​ការបណ្តុះបណ្តាល​ដល់​សហ​គម​ន៍​វេជ្ជសាស្ត្រ​ក្នុងប្រទេស​កម្ពុជា​ជាមួយនឹង​ចំណេះដឹង ព្រមទាំង​ព័ត៌មាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​ចុងក្រោយ​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​»​។​


 
​ឯកឧត្តម​សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិកា​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​ក្រុមប្រឹក្សា គណៈ​គ្រូពេទ្យ​កម្ពុជា បាន​មានប្រសាសន៍ថា វគ្គ​បណ្តុះបណ្តាល​នេះ នឹង​ប្រមូលផ្តុំ​នូវ​ក្រុមគ្រូពេទ្យ​ទូទាំងប្រទេស ដែល​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​បាន​រៀនសូត្រ ដើម្បី​កាន់តែ​យល់ដឹង​ស៊ីជម្រៅ​។ លោក ធា គ្រុយ បន្ថែម​ដូច្នេះ​ថា​៖« វគ្គ​បណ្តុះបណ្តាល​នេះ ក៏​ជា​ចំណែក​មួយ​ក្នុង​ផ្សព្វផ្សាយ​បន្ត ទៅដល់​ក្រុមគ្រូពេទ្យ​ដទៃទៀត ទោះបី​មិនមែនជា​គ្រូពេទ្យ​ទឹកនោមផ្អែម​ក៏ដោយ ក៏​ពួកគាត់​មានចំណេះដឹង ហើយ​អាចធ្វើ​ការណែនាំ ចែករំលែក​បទពិសោធ​ន៍​ទៅដល់​អ្នកជំងឺ និង​ក្រុម​អ្នក​ថែទាំ​សុខភាព​នៅ​ទូទាំងប្រទេស​»​។​
 
​គួរ​រំលឹក​ផងដែរ​ថា អត្រា​នៃ​ជំងឺ​ទឹកនោមផ្អែម​នៅ​ប្រទេស​កម្ពុជា ជាទូទៅ​នៅ​ទាប​ជាង​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​នៅឡើយ​។ ប៉ុន្តែ​កម្ពុជា មាន​ប្រេ​វ៉ាឡង់​នៃ​អ្នកជំងឺ​ទឹកនោមផ្អែម ស្ថិតក្នុង​វ័យ​ចន្លោះ​ពី ២០ ទៅ ៣០​ឆ្នាំ ខ្ពស់ជាង​បណ្តាល​ប្រទេស​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច និង​ខ្ពស់ជាង​បណ្តា​ប្រទេស​ផ្សេងៗ ទៀត​នៅលើ​ពិភពលោក​។ នេះ​បើតាម​របាយការណ៍ សហព័ន្ធ​ជំងឺ​ទឹកនោមផ្អែម​អន្តរជាតិ​ប៉ាស៊ីហ្វិក​ខាងលិច​។​


 
​លោក​សាស្ត្រាចារ្យ​មហា​បរិ​ញ្ញា​វេជ្ជបណ្ឌិត កុយ វ៉ាន់​នី ប្រធាន​សមាគមន៍​គ្រូពេទ្យ​ទឹកនោមផ្អែម និង​ក្រពេញ​​កម្ពុជា ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ចំនួន​ប្រេ​វ៉ាឡង់​នៃ​ជំងឺ​ទឹកនោមផ្អែម​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១០ គឺមាន ២,៣ ភាគរយ ក្នុង​តំបន់​ជនបទ ចំណែក​នៅតាម​ទីក្រុង​មាន​ច្រើនជាង ៣​ដង ខ្ពស់ជាង​នៅតាម​ជនបទ​។ រីឯ​ប្រជាជន​ចំនួន ៥,៦ ភាគរយ ត្រូវបាន​រកឃើញថា មាន​ជំងឺ​នេះ ដោយ​ផ្អែក​តាម​ការស្ទង់មតិ ធ្វើឡើង​ដោយ​ក្រសួងសុខាភិបាល​។ ២៣០,៨០០ ករណី នៃ​ជំងឺ​ទឹកនោមផ្អែម ត្រូវបាន​រកឃើញ​នៅ​កម្ពុជា ក្នុង​ឆ្នាំ ២០១៥​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​សហព័ន្ធ​ជំងឺ​ទឹកនោមផ្អែម​អន្តរជាតិ ប៉ុន្តែ​តួលេខ​នាពេល​បច្ចុបន្ននេះ គឺ​ទំនងជា​កាន់តែ​ខ្ពស់ជាង​មុន​។ នេះ​បើតាម​ប្រសាសន៍​របស់លោក​សាស្ត្រាចារ្យ​។ 
 
​ក្នុងចំណោម​ប្រជាជន​កម្ពុជា​ពេញវ័យ (២០ ទៅដល់ ៧៩​ឆ្នាំ​) ដែលមាន​ជំងឺ​ទឹកនោមផ្អែម ឃើញថា ៦២,៩ ភាគរយ នៃ​ករណី​ជំងឺ​នេះ ពុំដែល​បានធ្វើ​រោគវិនិច្ឆ័យ​ឡើយ​។ នេះ​បើតាម​អត្ថបទ​ស្តីពី​សំឡេង​អ្នកជំងឺ​ទឹកនោមផ្អែម​(Diabetes Voice)​។​


 
​កម្មវិធី​អប់រំ​ជំងឺ​ទឹកនោមផ្អែមនៅកម្ពុជា ហៅ​កាត់​ថា CEP-D នេះ នឹង​រួមបញ្ចូល​ការអភិវឌ្ឍន៍​កម្មវិធី​សិក្សា វគ្គ​បណ្តុះបណ្តាល ទៅដល់​សហគមន៍​ពី​ការថែទាំ​សុខភាព ប្រកបដោយ​វិជ្ជាជីវៈ​នៅ​ទូទាំងប្រទេស​កម្ពុជា រួមទាំង​ពង្រឹង​ការសិក្សា​របស់​ក្រុមនិស្សិត​ទៀតផង​។ កម្មវិធី​នេះ នឹង​គាំទ្រ​ទៅដល់​អ្នកជំងឺ​ទឹកនោមផ្អែម តាមរយៈ​ការគាំទ្រ​ពី​ក្រុម​ដែល​ត្រូវបាន​បង្កើតឡើង ហើយនឹង​ក្រុម​ដែល​នឹងត្រូវ​បង្កើត​ថ្មី​ផ្សេងទៀត ដោយ​មានការ​បង្កើតជា​សកម្មភាព​អប់រំ និង​កម្មវិធី​ពិនិត្យ​ឈាម​ជាដើម​។ កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ នឹងត្រូវ​បានធ្វើ​ឡើង​តាមរយៈ​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន និង​ការចុះ​ផ្សព្វផ្សាយ​នៅតាម​មូលដ្ឋាន​ទូទាំងប្រទេស​កម្ពុជា​។​
 
​យុទ្ធនាការ​ជា​បន្តបន្ទាប់​រួមមានការផ្សព្វផ្សាយ​តាម​បណ្តា​ខេត្ត​នានា ការផ្សព្វផ្សាយ​តាម រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​តាមរយៈ​ការចែករំលែក​ព័ត៌មាន ពី​ដៃគូ​សហការ ដូចជា​សមាគមន៍​ជំងឺ​ទឹកនោមផ្អែម និង​ក្រពេញ​កម្ពុជា (CSDE) ក្រសួងសុខាភិបាល សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល (UHS) និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ផ្សេងទៀត​។​
 
​គម្រោង CEP-D រយៈពេល​បី​ឆ្នាំ ដែល​ធ្វើ​នៅ​ទូទាំងប្រទេស​នេះ បានទទួល​ថវិកា​ជិត កន្លះ​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែលជា​សហ​ហិរញ្ញប្បទាន​រវាង​ក្រុមហ៊ុន​សាណូ​ហ្វីកម្ពុជា និង KFW DEG ដោយមាន​ការសហការ​ប្រតិបត្តិ​ជាមួយ សមាគម​គ្រូពេទ្យ​ទឹកនោមផ្អែម និង​ក្រពេញ​
​កម្ពុជា​។ ថវិកា​ទាំងនោះ ត្រូវបាន​បញ្ចូល​ទៅក្នុង​វគ្គ​បណ្តុះបណ្តាល សម្រាប់​ក្រុម​វេជ្ជបណ្ឌិត ប្រមាណ​១១៨០​នាក់ ក៏ដូចជា​និស្សិត​ចំនួន​៥០០​នាក់ មកពី​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​សុខាភិបាល​។ ថវិកា​នេះ ក៏​ដើម្បី​លើកកម្ពស់​ការយល់ដឹង មិន​ត្រឹមតែ​ក្នុងចំណោម​អ្នកជំងឺ​ទឹកនោមផ្អែម​នោះទេ តែ​ថែមទាំង​ក្នុងចំណោម​ប្រជាជន​កម្ពុជា​ជារួម ដើម្បី​ធានាថា​ប្រជាជន​កម្ពុជា យល់ដឹង​ថា​តើ​វា​មាន​សារៈសំខាន់​យ៉ាងណា​ក្នុងការ​គ្រប់គ្រង​ជំងឺ​នេះ​៕ 


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com