កីឡាជាតិ
ជាតិ
លោក ថោង ខុន ផ្តាំ​កីឡាករ​កុំ​យល់ថា ការដាក់​ក្តី​រំពឹង​លើ​ខ្លួន​ជាការ​ដាក់​សម្ពាធ​
17, Aug 2018 , 7:19 pm        
រូបភាព
ឯកឧត្តម ថោង ខុន ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
ឯកឧត្តម ថោង ខុន ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
ដោយ:
​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ក្រើនរំលឹក​កីឡាករ​កុំ​ឲ្យ​គិតថា ការដាក់​ក្តី​រំពឹង​លើ​ខ្លួន​ក្នុង​ការដណ្តើម​មេដាយ​ជា​សម្ពាធ​ឲ្យ​សោះ​។ តែ​ត្រូវ​ចាត់ទុកថា ជាការ​លើកទឹកចិត្ត​។ ការ​ដាស់តឿន​បែបនេះ ធ្វើឡើង​ពេល​លោក​ដឹកនាំ​ប្រតិភូ​កីឡា​កម្ពុជា​ទៅ​ចូលរួម​ប្រកួត Asian Games 2018 នៅ​ឥណ្ឌូណេស៊ី​។



​ដើម្បី​កុំ​ឲ្យ​កើតមាន​សម្ពាធ​ផ្លូវចិត្ត​ចំពោះ​កីឡាករ​កីឡាការិនី ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​លោក ថោង ខុន ប្រាប់​កីឡាករ​កុំ​ឲ្យ​យល់ច្រឡំ​ថា ការដាក់​ក្តី​រំពឹង​ក្នុង​ការដណ្តើម​មេដាយ​ពី​ថ្នាក់​ដឹក ជាការ​ដាក់​សម្ពាធ​។ ទន្ទឹមនឹងនេះ លោក​ចាត់ទុកថា ការគិត​បែប​ដាក់​សម្ពាធ​ជាការ​យល់​ខុស​។ ការលើកឡើង​បែបនេះ បន្ទាប់ពី​មាន​កីឡាករ​មួយចំនួន ពិសេស​កីឡាការិនី ស៊ន សៀវ​ម៉ី ម្ចាស់​មេដាយមាស Asian Games 2014 ចាត់ទុក​ការដាក់​ក្តី​រំពឹង​លើ​ខ្លួន ប្រៀបបាន​នឹង​ការដាក់​សម្ពាធ​។​

«​មិនមែន​នោះទេ ការដាក់​ក្តី​រំពឹង​លើ​គាត់​(​ស៊ន សៀវ​ម៉ី​) គឺ​ដើម្បី​លើកទឹកចិត្ត​ឲ្យ​គាត់​ប្រឹងប្រែង​ប្រកួត កីឡា​គ្មាន​សម្ពាធ​នោះទេ​។ ប្រជាជន និង​ប្រជាជាតិ​ពឹង​លើ​គាត់ គាត់​ត្រូវមាន​មោទកភាព ដូច្នេះ​គាត់​ត្រូវ​ប្រឹង​ឡើង​ដើម្បី​ដណ្តើម​មេដាយ​ជូន​ជាតិ​។ អ្នកណា​គិតថា ការដាក់​ក្តី​រំពឹង ជាការ​ដាក់​សម្ពាធ​ខុស​ហើយ​»​។ ជាការ​លើកឡើង​របស់​លោក ថោង ខុន ពេល​ដឹកនាំ​ប្រតិភូ​កីឡា​កម្ពុជា​ទៅ​ចូលរួម​ប្រកួត Asian Games 2018 នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៨​។​

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ខាងលើ​រំពឹងថា កីឡា​៣​ប្រភេទ​រួមមាន​តេ​ក្វាន់​ដូ ដែលមាន​កីឡាការិនី ស៊ន សៀវ​ម៉ី​, ម៉ូតូ​ទឹក និង​ជឺ​ត​ជី​ស៊ូ នឹង​ដណ្តើមបាន​មេដាយមាស​ពី​ការប្រកួត​។ ចំណែក​កីឡា​ផ្សេងៗ​ទៀត លោក​រំពឹង​ត្រឹម​មេដាយប្រាក់ និង​សំរឹទ្ធ តែប៉ុណ្ណោះ​។ គិត​ត្រឹម​ថ្ងៃទី​១៧ សីហា​នេះ កីឡា​៦​ប្រភេទ​ហើយ​បានចេញ​ដំណើរ​ទៅកាន់​ប្រទេស​ឥណ្ឌូណេស៊ី​រួមមាន តេ​ក្វាន់​ដូ​, ហែល​ទឹក​, គុន​ដាវ​, ម៉ូតូ​ទឹក​, ចំបាប់ និង​កាយសម្ព័ន្ធ​។

​សម្រាប់​ព្រឹត្តិការណ៍ Asia Games 2018 ដែល​រៀបចំ​នៅ​ទីក្រុង​ប៉ា​ឡាំ​បាង​និង​ហ្សា​ការ​តា​ប្រទេស​ឥណ្ឌូណេស៊ី​ចាប់ពី​ថ្ងៃទី​១៨ ខែសីហា ដល់​ថ្ងៃទី​២ ខែកញ្ញា កម្ពុជា​បញ្ជូន​កីឡាករ​កីឡាការិនី​ចំនួន​៤៣​នាក់​លើ​១៣​ប្រភេទ​កីឡា​ចូលរួម​។ ព្រឹត្តិការណ៍​នេះ មាន​៤៥​ប្រទេស​ចូលរួម ដោយ​ប្រកួត​លើ​៤០​ប្រភេទ​កីឡា និង​មាន​៤៦៥​វិញ្ញាសា​៕ 


Tag:
 ថោង ខុន​
  Asian Games 2018
© រក្សាសិទ្ធិដោយ thmeythmey.com