ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេបក្ស​ខ្មែរ​ក្រោក​៖ «​ស្នាម​មេដៃ​ដើម្បី​កោះត្រល់​» ចង់បង្ហាញ​ពី​សកម្មភាព ដែល​មិនមែន​ត្រឹមតែ​ទ្រឹស្តី​
20, Aug 2018 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គណបក្ស​ខ្មែរ​ក្រោក បាន​ប្រមូល​ស្នាម​មេដៃ​រាប់ពាន់នាក់ ពី​ប្រជាពលរដ្ឋ​ត្រឹម​រយៈពេល​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​។ ការប្រមូល​ស្នាម​មេដៃ​នេះ ចាប់ផ្ដើម​នៅ​ថ្ងៃទី​១៨ ខែសីហា បន្ទាប់ពី​សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​គណបក្ស​ខ្មែរ​ក្រោក ធ្វើ​យុទ្ធនា​ការណ៍​ប្រមូល​«​ស្នាម​មេដៃ​ដើម្បី​កោះត្រល់​»​នេះ ដោយ​ភ្ជាប់​នូវ​លក្ខខណ្ឌ​ចំនួន​៣​ចំណុច​។



​ត្រឹម​រយៈពេល​តែ​១​ថ្ងៃ​ប៉ុណ្ណោះ គណបក្ស​ខ្មែរ​ក្រោក បានទទួល​ស្នាម​មេដៃ​ប្រមាណ​២,០០០ ពី​ពលរដ្ឋ ក្នុង​យុទ្ធនា​ការណ៍ «​ស្នាម​មេដៃ​ដើម្បី​កោះត្រល់​»​។ ការធ្វើ​យុទ្ធនា​ការណ៍​នេះ បានធ្វើ​ឡើង​ក្រោយ​ខកខាន​អស់​រយៈពេល​១០​ថ្ងៃ ដោយសារ​មិនមាន​ការអនុញ្ញាត​ពីសា​លា​រាជធានី​ភ្នំពេញ​។​

​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង បាន​បញ្ជាក់ថា យុទ្ធនា​ការណ៍​ប្រមូល​ស្នាម​មេដៃ​នេះ មិនមែន​ធ្វើឡើង​ដើម្បី​ទាញ​ប្រជាប្រិយភាព​ឡើយ តែ​ដើម្បី​បូរណៈភាព​ទឹកដី និង​ស្មារតី​ជាតិនិយម​របស់​គណបក្ស​លោក ក៏ដូចជា​ប្រជាពលរដ្ឋ ដែល​សោកស្ដាយ​ចំពោះ​ការបាត់បង់​ដែនដី​របស់ខ្លួន​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ប្រធាន​គណបក្ស​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ប្រសិនជា​រឿង​នយោបាយ​នោះ យើង​មិន​ធ្វើ​នៅពេលនេះ​ទេ គឺ​យើង​គួរ​ធ្វើឡើង​នៅ​មុនពេល​បោះឆ្នោត​ឯណោះ​។ ហើយ​ក្នុងនាម​យើង​ជា​អ្នកនយោបាយ គឺ​ដើរតួ​ជា​អ្នកដឹកនាំ​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ ហើយ​ដោយសារតែ​កន្លង​មក​មានតែ​អ្នក​និយាយ តែ​មិនមាន​អ្នកធ្វើ ទើប​យើង​ត្រូវ​ចាប់​ផ្ដើមធ្វើ​នៅពេលនេះ​»​។​

​យុទ្ធនា​ការណ៍​«​ស្នាម​មេដៃ​ដើម្បី​កោះត្រល់​» ត្រូវបាន​ធ្វើឡើង​ក្រោយពី​មានការ​អនុញ្ញាត​ពីសា​លា​រាជធានី​ភ្នំពេញ បន្ទាប់ពី​មាន​កិច្ចប្រជុំ​ពិភាក្សាគ្នា​រវាង​ភាគី​ទាំង​២ នៅ​ថ្ងៃទី​១៦ ខែសីហា​។ ដ្បិត​មានការ​អនុញាត​មែន ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញ បាន​ភ្ជាប់​លក្ខខណ្ឌ​៣​ចំណុច សម្រាប់​គណបក្ស​ខ្មែរ​ក្រោក​។ ទី​១ ការប្រមូល​ស្នាម​មេដៃ​នេះ ហាម​ធ្វើ​យុទ្ធនា​ការណ៍​នៅ​ទីសាធារណៈ , ទី​២ ហាម​ប្រើប្រាស់​ឧបករណ៍​បំពង​សំឡេង​នៅ​ទីសាធារណៈ និង​ចុងក្រោយ បើ​មាន​ភាព​ច​ល​លាច​ល ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់​ណាមួយ​នោះ សាលា​រាជធានី​ភ្នំពេញ នឹង​បញ្ឈប់​សកម្មភាព​ភ្លាម​។

​បើ​ទោះ​លក្ខខណ្ឌ​នេះ ជា​បញ្ហា​រំខាន​ដល់​យុទ្ធនា​ការណ៍​នេះ តែ​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក នៅ​ជឿជាក់ថា គណបក្ស​ខ្លួន​នឹង​អាច​ប្រមូល​ស្នាម​មេដៃ​ចំនួន​៥​ម៉ឺន ក្នុង​រយៈពេល​១​ខែ ដើម្បី​យកទៅដាក់​នៅ​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ ។ « ប្រសិនជា​ក្រោយ​ការដាក់​ស្នា​មេដៃ​របស់​ពលរដ្ឋ​ទៅកាន់​ក្រុមប្រឹក្សាធម្មនុញ្ញ​មិន​ទទួលបាន​លទ្ធផល​អ្វី​នោះ លោក​នឹង​បន្ត​ដោះស្រាយ​តាមច្បាប់​អន្តរជាតិ​ថែមទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនយោបាយ​វ័យក្មេង​រូបនេះ​៕

Tag:
 នយោបាយ​
 ​ខ្មែរ​ក្រោក​
 ​កោះត្រល់
© រក្សាសិទ្ធិដោយ thmeythmey.com