ជាតិ
​​​ន​យោ​បាយ​ជាតិ​
អតីត​អ្នកកាសែត​នៃ​វិទ្យុ​អាស៊ីសេរី ត្រូវបានដោះលែង
21, Aug 2018 , 4:56 pm        
រូបភាព
លោក អ៊ួន ឈិន (ខាងឆ្វេង) លោក យាង សុជាមេត្តា (ខាងស្ដាំ)។ រូបពីហ្វេសប៊ុកលោក អ៊ួន ឈិន
លោក អ៊ួន ឈិន (ខាងឆ្វេង) លោក យាង សុជាមេត្តា (ខាងស្ដាំ)។ រូបពីហ្វេសប៊ុកលោក អ៊ួន ឈិន
ដោយ:
លោក អ៊ួ​ន ឈិន និង​លោក យាង សុជា​មេត្តា អតីត​អ្នកកាសែត​នៃ​វិទ្យុ​អាស៊ីសេរី ត្រូវបាន​ដោះលែង​ចៅក្រម​ស៊ើបសួរ ចេញ​ដីកា​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨​នេះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់ Fresh News ដែល​អះអាងថា​មន្ត្រី​តុលាការ បានផ្តល់​ព័ត៌មាន​ដល់​ស្ថាប័ន​ខ្លួន​។



​ពួកគេ​ទាំងពីរ ត្រូវបាន​ដោះលែង​ឲ្យ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​ ប៉ុន្តែ មិនទាន់​រួចផុត​ពីបទ​ចោទ​នោះទេ​។ ដូច្នេះ តុលាការ នៅតែ​អាច​ហៅ​ពួកគេ ទៅ​សួរ បាន​គ្រប់ពេល​។  

​លោក កែវ វ៉ា​ន្នី មេធាវី​ការពារ​ក្តី​ឲ្យ​អ្នក​ទាំងពីរ មិនទាន់​ទទួលបាន​ព័ត៌មាន​នេះ​ជា​ផ្លូវ​ការ​ឡើយ​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ដឹង​តាម​អង្គការ និង​សារព័ត៌មាន​នានា​ដែរ ថា​ដោះលែង​ពួកគាត់​។ តែ​ខ្ញុំ​មិនទាន់​ឃើញ​ដីកា​ដោះលែង​របស់​ចៅក្រម​ស៊ើបសួរ​ទេ​។ ខ្ញុំ នឹង​ទៅ​តុលាការ ដើម្បី​សួរ​ពី​រឿងនេះ​ឲ្យ​ច្បាស់​»​។

​លោក អ៊ួ​ន ឈិន និង​លោក យាង សុជា​មេត្តា ត្រូវបាន​ចោទ​ចំនួន​ពីរ​បទល្មើស គឺ បទ​ផលិត​ព័ត៌មាន​ដោយ​ខុសច្បាប់ ដែល​ធ្វើ​ឲ្យ​អន្តរាយ​ដល់​សន្តិសុខ​ជាតិ និង​បទ​ផលិត​វីដេអូ​អាសអាភាស​។ អ្នក​ទាំងពីរ ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧៕​

Tag:
 តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com