ជាតិ
អ្នកស្រី ទេព វ​ន្នី ចង់​ផ្ដល់​ភាព​កក់​ក្ដៅដល់​គ្រួសារ ជាជាង​បន្តសកម្មភាព​ទាមទារ​ដីធ្លី​
21, Aug 2018 , 5:56 pm        
រូបភាព
អ្នកស្រី ទេព វន្នី ពេលចេញពីពន្ធនាគារ។ រូបពី AFP
អ្នកស្រី ទេព វន្នី ពេលចេញពីពន្ធនាគារ។ រូបពី AFP
ដោយ:
​ភ្នំពេញ​៖ អ្នកស្រី ទេព វ​ន្នី សកម្មជន​តវ៉ា​ក្នុង​សំណុំរឿង​បឹងកក់ ក្រោយ​ទទួលបាន​សេរីភាព​ឡើងវិញ ពី​ការឃុំខ្លួន​អស់​រយៈពេល​២​ឆ្នាំ ៥​ថ្ងៃ អ្នកស្រី​ចង់​ផ្ដល់​ភាពកក់ក្ដៅ​ដល់​កូន និង​ឪពុក ម្ដាយ​ចាស់​របស់​អ្នកស្រី​។ អ្នកស្រី ទេព វ​ន្នី មិនមាន​គម្រោង​តវ៉ា ទាមទារ​អ្វី​ទៀតឡើយ ព្រោះ​សហគមន៍​បឹងកក់​របស់​អ្នកស្រី​បានទទួល​ការដោះស្រាយ​ស្ទើរ​ទាំងស្រុង​ហើយ នៅសល់តែ​១​គ្រួសារ ដែល​អ្នកស្រី និង​សហគមន៍​អាច​ដោះស្រាយ​តាម​សន្តិវិធី​។​



ខាងក្រោម​នេះ ជា​កិច្ច​សម្ភាស​រវាង​កញ្ញា ថា​ន រស្មី អ្នកព័ត៌មាន នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ អ្នកស្រី ទេព វ​ន្នី តាម​ខ្សែ​ទូរស័ព្ទ​៖​




​ក្នុងនាម​ជា​ម្តាយ និង​កូនស្រី​ម្នាក់ អ្នកស្រី ទេព វ​ន្នី មិនមាន​គម្រោង​ទាមទារ ឬ​ធ្វើ​បាតុកម្មអហិង្សា​ណាមួយ ទាក់ទង​នឹង​បញ្ហាដីធ្លី​ឡើយ​។ អ្វីដែល​អ្នកស្រី​ចង់​ធ្វើ​ក្រោយ​មាន​សេរីភាព​នេះ គឺ​ការផ្ដល់​ភាពកក់ក្ដៅ​ដល់​កូន​ទាំង​២ និង​លោកឪពុក អ្នក​ម្ដាយ​ចាស់ របស់​អ្នកស្រី​ប៉ុណ្ណោះ​។

​អ្វីដែល​អ្នកស្រី​ពិបាក​ទទួលយក​បំផុត ក្នុងអំឡុង​ពេលដែល​អ្ន​ក​ស្រី​បាន​ជាប់ពន្ធនាគារ​រយៈ​២​ឆ្នាំ និង​៥​ថ្ងៃនោះ គឺ​នៅពេលដែល​កូនៗ និង​ឪពុក ម្ដាយ​ចាស់​ឈឺ អ្នកស្រី​មិនអាច​បំពេញ​តួនាទី​ជា​ម្ដាយ​ល្អ និង​ជា​កូន​ល្អ​បាន​។​

​នៅពេលដែល​ឆ្មាំ​គុក​មក​ប្រាប់​អ្នកស្រី​ថា អ្នកស្រី​ត្រូវបាន​លើកលែងទោស​នោះ សកម្មជន​ដីធ្លី​រូបនេះ ស្ទើរតែ​មិន​ជឿថា​ជាការ​ពិត រហូតដល់​គេ​ជូន​អ្នកស្រី​មកដល់​ផ្ទះ​ទើប​អ្នកស្រី​ជឿ​មែន​ថា អ្នកស្រី​មាន​សេរីភាព​ឡើងវិញ​ហើយ​។​

​សកម្មជន​ដីធ្លី​ដ៏​សកម្ម​រូបនេះ ត្រូវបាន​តុលាការ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី ១៥ ខែសីហា ឆ្នាំ​២០១៦ នៅពេលដែល​អ្នកស្រី​ចូលរួម​ទាមទារ​ឲ្យ​មានការ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស អាដហុក​៥​រូប​ពី​ពន្ធនាគារ​។ ក្រោយពេល​ឃាត់ខ្លួន អ្នកស្រី​ត្រូវបាន​ចោទប្រកាន់​ចំនួន​២​ករណី​បន្ថែមទៀត​។ ករណី​ទី​១ គឺជា​ការចោទប្រកាន់​ពីបទ​ប្រមាថ​អ្នករាជការ​សាធារណៈ និង​ប្រឆាំង​អ្នករាជការ​សាធារណៈ​ដោយមាន​ស្ថាន​ទម្ងន់ទោស នៅ​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៧​។ ករណី​ទី​២ គឺ​ទាក់ទង​នឹង​បទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៨ របស់​តុលាការ​កំពូល​។ ករណីនេះ អ្នកស្រី ទេព វ​ន្នី ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​រយៈពេល ២​ឆ្នាំកន្លះ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ចូល​រដ្ឋ​ចំនួន​៥​លាន​រៀល និង​សងជំងឺចិត្ត​ទៅ​សន្តិសុខ​ដែលជា​ដើមបណ្ដឹង​ទាំង​២​នាក់ ចំនួន​៩​លាន​រៀល​។​

​កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៧ មាន​ក្រុម​អង្គការ​ជាតិ អន្តរជាតិ ដែល​ធ្វើការ​លើ​បញ្ហា​សិទ្ធិមនុស្ស ដីធ្លី និង​ផ្នែក​ជាច្រើន​ទៀត ជិត​៧០​អង្គភាព បានធ្វើ​សេចក្ដីថ្លែងការណ៍​រួម អំពាវនាវ​ឲ្យ​អាជ្ញាធរ ដោះលែង​អ្នកស្រី ទេព វ​ន្នី​។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​យល់ឃើញថា បទ​ចោទ​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទ​មកលើ​អ្នកស្រី ទេព វ​ន្នី មាន​ចរិត​នយោបាយ និង​ពុំមាន​ភស្តុតាង​ជាក់លាក់​ណាមួយ ដែល​ត្រូវ​ចោទប្រកាន់​ទៅ​សកម្មជន​ដីធ្លី​រូបនេះ​៕


Tag:
 សកម្មជន​ដីធ្លី​
 ​ទេព​វ​ន្នី​
© រក្សាសិទ្ធិដោយ thmeythmey.com