អន្តរជាតិ
រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​ថា ខ្លួន​មិន​ចូល​ការចរចា​ដែល​ផ្តួចផ្តើម​ដោយ​រដ្ឋាភិបាល​រុស្ស៊ី​ទេ​
23, Aug 2018 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​មិនមាន​គម្រោង​ចូលរួម​សន្និសីទ​ពហុ​ជាតិ​នៅ​ខែក្រោយ​នៅក្នុង​ប្រទេស​រុស្ស៊ី​ស្តីពី​អនាគត​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​នៅ​ទីនោះ​ពួក​អ្នកតំណាង​របស់​ពួក​បះបោរ​តា​លី​បង់​ក៏​ត្រូវគេ​រំពឹង​នឹងចូលរួម​ផងដែរ​។​



​ក្រៅពី​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល​និង​ពួកក្រុម​តា​លី​បង់ រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បាន​អ​ញ្ចើ​ញ​ប្រទេស​សំខាន់ៗ​ចំនួន​១១​ក្នុង​តំបន់ រួមមាន​ប្រទេស​ចិន ប៉ា​គី​ស្ថាន​និង​អ៊ីរ៉ង់​ឲ្យ​ចូលរួម​នៅក្នុង​ជំនួប​ថ្ងៃទី​៤ ខែកញ្ញា នៅក្នុង​រដ្ឋធានី​នៃ​ប្រទេស​រុស្ស៊ី​។​

​លោក Sibhatullah Ahmadi អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បានបញ្ជាក់​ប្រាប់ VOA កាលពី​ថ្ងៃ​ពុធ​ថា រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​បានសម្រេច​មិន​បញ្ជូន​គណៈប្រតិភូ​រប​ស់​ខ្លួន​ទៅកាន់​ការចរចា​នៅក្នុង​ប្រទេស​រុស្ស៊ី ក៏ប៉ុន្តែ លោក​មិនបាន​ប្រាប់​ពី​មូលហេតុ​ទេ​។​

​មាន​សេចក្តីរាយការណ៍​ថា ពួក​មន្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន មានការ​រកាំចិត្ត​ពីព្រោះ​តែ រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​មិនបាន​ពិគ្រោះ​ជាមួយ​ពួកគេ​មុនពេល​អញ្ជើញ​ក្រុម​តា​លី​បង់​។​

​លោក Ahmadi អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​និយាយទៀតថា រដ្ឋាភិបាល​ឥស្លាម​អា​ហ្វ​ហ្គា​នី​ស្ថាន ត្រូវផ្តោត​លើ​ចំណុច​សំខាន់​នៃ​ព្រឹត្តិការណ៍​ដែល​កំពុង​កើតមានឡើង​នៅ​ជុំវិញ​ពិភពលោក​ដែល​ពាក់ព័ន្ធ​នឹង​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​លោក​បាន​និយាយថា រដ្ឋាភិបាល​ក្រុង​កា​ប៊ុល​មាន​ទំនាក់ទំនង​ដ៏​រាក់ទាក់​បំផុត​ជាមួយ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ហើយ​ប្រទេស​ទាំង​២​ជានិច្ចកាល​បាន​ពិគ្រោះគ្នា​ទៅវិញទៅមក​អំពី​បញ្ហា​ផ្សេងៗ​ទៀត ជាពិសេស​បញ្ហា​ដែល​ទាក់ទិន​នឹង​ដំណើរការ​សន្តិភាព​និង​ការផ្សះផ្សា​ជាតិ​ដែល​ដឹកនាំ​ដោយ​អា​ហ្វ​ហ្គា​នី​ស្ថាន​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com