ជាតិ
សេដ្ឋកិច្ច
សហភាព​អឺរ៉ុប បន្ត​ផ្តល់​ហិរញ្ញប្បទាន​ជិត​១២០​លាន​អឺរ៉ូ​ដល់​កម្ពុជា​
23, Aug 2018 , 9:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
រូបភាពពីហ្វេសប៊ុកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
​សហភាព​អឺរ៉ុប នឹង​នៅ​បន្ត​គាំទ្រ​កម្ពុជា ដោយ​ផ្តល់ជំនួយ​ប្រមាណ​១១៧​លាន​អឺរ៉ូ សម្រាប់​អនុវត្តន៍​កម្មវិធី​មួយចំនួន​។ នេះ​ជាការ​លើកឡើង​របស់ លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា នា​ជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី​២២ ខែសីហា​។​



​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ សីហា នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។

​ជំនួប​ពិភាក្សា​នេះ ផ្តោតលើ​ការត្រួតពិនិត្យ​សមិទ្ធកម្ម​លើ​ការអនុវត្ត​ក្របខណ្ឌ​លទ្ធផល​ប្រចាំឆ្នាំ ២០១៧ ដែល​មានចែង​ក្នុង​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង​រវាង​រាជរដ្ឋាភិបាល កម្ពុជា និង​សហភាព​អឺរ៉ុប ដើម្បី​គាំទ្រ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាល​ទី ៣ ក៏ដូចជា​ការបន្ត​ជំរុញ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​។​

​តាមរយៈ​សេចក្តីជូនដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុងជំនួប​នោះ លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​សាទរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុងការ​អនុវត្តន៍​ក​ម្ម​វិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ រហូត​សម្រេចបាន​សមិទ្ធផល​ជាច្រើន​។​

​តាមរយៈ​លទ្ធផល​វាយ​តម្លៃ​សមិទ្ធផល​ឆ្នាំ​២០១៧ រាជរដ្ឋាភិបាល​កម្ពុជា​សម្រេចបាន​លក្ខខណ្ឌ​ទូទៅ គឺ​១០០​ភាគរយ និង​លក្ខខណ្ឌ​ជាក់លាក់ គឺ ៩២.៥​ភាគរយ​។ ក្នុងន័យនេះ ថវិកា​ទ្រទ្រង់​សម្រាប់​បើក​ផ្តល់​ក្នុង​ឆ្នាំ​២០១៨ មាន​ចំនួន ៤,៧៣៨,៥០០​អឺរ៉ូ​។

​ទន្ទឹមនឹងនេះ លោក George edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ក៏បាន​បញ្ជាក់​ពី​សុ​ឆន្ទៈ​នៃ​កិច្ចសហប្រតិបត្តិការ ក្នុង​ការបន្ត​ការគាំទ្រ​លើ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ដំណាក់កាល​ទី​៣ ២០២០-២០២១ ប្រមាណ​២២​លាន​អឺរ៉ូ​,​កម្មវិធី​សម្រាប់​កំណើន​ប្រកបដោយ​និរន្តរភាព និង​បរិ​យា​ប័ន្ន​នៅ​កម្ពុជា លើ​វិស័យ​ជលផល​ប្រមាណ ៨៩ លាន​អឺរ៉ូ និង​កម្មវិធី​សម្ព័ន្ធភាព​ការប្រែប្រួល​អាកាសធាតុ​កម្ពុជា ដំណាក់កាល​ទី​៣ ប្រមាណ​៦​លាន​អឺរ៉ូ​។ សរុប ថវិកា​គឺ​ចំនួន​១១៧​លាន​អឺរ៉ូ​។

​លោក អូន ព័ន្ធ​មុន្នីរ​ត្ន័ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អរគុណ​ចំពោះ​វត្តមាន​របស់​សហភាព​អឺរ៉ុប ដែល​បាន​ជួយ​គាំទ្រ​ដល់​កម្មវិធី​កែ​ទម្រ​ង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ចាប់តាំងពី​ឆ្នាំ​២០០៥​មក ទាំង​ជំនួយ​ជា​ហិរញ្ញប្បទាន​ឥត​សំណង និង​ជំនួយ​បច្ចេកទេស និង​កម្មវិធី​កែទម្រង់​ផ្សេងទៀត​របស់​រាជរដ្ឋាភិបាល​។ សម្រាប់​លោក​រដ្ឋមន្ត្រី ការគាំទ្រ​នេះ ជាការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ ពី​កិច្ចទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប​។

​កម្ពុជា នឹង​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ក្នុង​ការពង្រឹង​ការប្រមូល​ចំណូល​ក្នុងស្រុក និង​ការគ្រប់គ្រង​ចំណាយ​សាធារណៈ ប្រកបដោយ​ប្រសិទ្ធភាព គណនេយ្យភាព និង​តម្លាភាព​។  នេះ​ជាការ​គូសបញ្ជាក់​បន្ថែម​របស់ លោក  អូន ព័ន្ធមុន្នីរ័ត្ន​៕



Tag:
 សហភាព​អឺរ៉ុប​
  EU
 ​អូន ព័ន្ធមុនីរ័ត្ន​
 ​ជំនួយ​
 ​ហិរញ្ញប្បទាន​
 ​ហិរញ្ញវត្ថុ​
 ​ជលផល​
 ​អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com