ជាតិ
នយោបាយជាតិ
លោក សួន សេរីរដ្ឋា ត្រូវបានព្រះមហាក្សត្រលើកលែងទោស
×
ភ្នំពេញ៖ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ត្រូវបានព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យលើកលែងទោស តាមសំណើរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានចេញនៅថ្ងៃទី២៣ សីហា ឆ្នាំ២០១៨នេះ។
នាពេលកន្លងមក លោក សួន សេរីរដ្ឋា បានសរសេរលិខិតសុំទោសម្តេច ហ៊ុន សែន និងសុំឲ្យជួយថ្វាយសំណើទៅព្រះមហាក្សត្រ ដើម្បីសុំព្រះរាជទានលើកលែងទោស។ ហើយនៅថ្ងៃទី២៣ ខែសីហានេះ លោក បានសរសេរលិខិតពីពន្ធនាគារជូនសម្តេច ហ៊ុន សែន ម្តងទៀត ក្នុងគោលបំណងដដែល។
លោក សួន សេរីរដ្ឋា ត្រូវបានតុលាការចោទប្រកាន់ចំនួន៣បទល្មើស រួមមាន បទញុះញង់កុំឲ្យយោធិនស្ដាប់បង្គាប់ បទធ្វើឲ្យខូចទឹកចិត្ត និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ នៃក្រមព្រហ្មទណ្ឌ ។ ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីលោក សួន សេរីរដ្ឋា បញ្ចេញមតិតាមហ្វេសប៊ុក (Facebook) របស់លោក កាលពីអំឡុងខែសីហា ឆ្នាំ២០១៧ ទាក់ទងនឹងការបញ្ជាកងទ័ពឲ្យទៅត្រៀមប្រយុទ្ធនឹងកងទ័ពឡាវថា៖ «បើសង្គ្រាមកើតឡើងជាមួយនឹងប្រទេសឡាវមែន កូនខ្មែរកងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា ហើយមេទ័ពចោរនឹងឡើងបុណ្យ ប្រមូលលុយ សប្បាយស្រីញីយ៉ាងគគ្រឹក គគ្រេង»។ តាមរយៈបទចោទនេះ តុលាការបានសម្រេចផ្តន្ទាទោសលោក សួន សេរីរដ្ឋា ឲ្យជាប់ពន្ធនាគារ៥ឆ្នាំ និងពិន័យប្រាក់១០លានរៀល កាលពីថ្ងៃទី២៥ សីហា ឆ្នាំ២០១៧។
ជាការកត់សម្គាល់ រយៈពេលប៉ុន្មានថ្ងៃនេះ មានការលើកលែងទោសពីព្រះមហាក្សត្រជាបន្តបន្ទាប់ តាមការស្នើសុំពីសម្ដេច ហ៊ុន សែន។ ក្នុងនោះរួមមានលោក កឹម សុខ អ្នកវិភាគនយោបាយ, លោកស្រី ទេព វន្នី និងសកម្មជន៣នាក់ទៀត និងអតីតអ្នកកាសែតអាស៊ីសេរី២នាក់ គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា ជាដើម។ បន្ថែមពីសម្ដេច ហ៊ុន សែន បានប្រកាសនៅថ្ងៃទី២៣ សីហា ថា សម្ដេច គ្រោងស្នើសុំទៅព្រះមហាក្សត្រលើកលែងទោសមនុស្ស១២នាក់ទៀតផង៕
© រក្សាសិទ្ធិដោយ thmeythmey.com