កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
ខ្សែបម្រើ Kante ដែលមាន​ចំណូល​ជាង​១៥​ម៉ឺន​ដុល្លារ​ក្នុង​១​សប្តាហ៍ ប្រើ​រថយន្ត Mini ១​ទឹក​
27, Aug 2018 , 7:19 pm        
រូបភាព
ដោយ: ធីតា
​កីឡាករ​បាល់ទាត់​លំដាប់​ពិភពលោក​ជាច្រើន​លើសលុប​ប្រើប្រាស់​រថយន្ត​ដែលមាន​តម្លៃ​ខ្ពស់ និង​ស៊េរី​ប្រណីតៗ ប៉ុន្តែ​សម្រាប់​ខ្សែបម្រើ​ក្លិប Chelsea និង​ក្រុម​ជម្រើសជាតិ​បារាំង N’Golo Kante វា​មិនមែនជា​ជម្រើស​អាទិភាព​នោះឡើយ ដោយ​គេ​ពេញចិត្ត​តែ​រថយន្ត​ប្រភេទ Mini ដ៏​សាមញ្ញ​ប៉ុណ្ណោះ​។​

 
«​ខ្ញុំ​មិនមែនជា​មនុស្ស​ដែល​ស្រឡាញ់​រថយន្ត​នោះឡើយ ហើយ​នៅពេលដែល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​មិនដែល​មាន​មហិច្ឆតា​ចង់បាន​រថយន្ត ឬក៏​អ្វី​ផ្សេង​លើសលុប​នោះឡើយ​»​។ នេះ​ជា​សំដី​របស់​ខ្សែបម្រើ​លំដាប់​ពិភពលោក N’Golo Kante ដែល​ត្រូវបាន​ដកស្រង់​ដោយ​កាសែត The Sun​។​
 
Kante អាយុ​២៧​ឆ្នាំ ដែលមាន​ឪពុកម្តាយ​ជា​ជនជាតិ​ម៉ាលី ដែល​បានធ្វើ​អន្តោប្រវេសន៍​ទៅ​ប្រទេស​បារាំង កាលពី​អំឡុង​ឆ្នាំ​១៩៨០ នោះ ត្រូវបាន​ចាត់ទុកជា​កីឡាករ​លំដាប់​ពិភពលោក​ម្នាក់​ដែលមាន​ចរិត​សុភាពរាបសារ និង​មិន​សម្ភារ​និយម​ម្នាក់​។ 
 
​តាមពិតទៅ​ក្រោយពី​គេ​ផ្លាស់​ពី​ក្លិប Caen របស់​បារាំង ទៅកាន់​ក្លិប Leicester City នៅ​ឆ្នាំ​២០១៥ ក្នុងតម្លៃ​ប្រមាណ​៨​លាន​អឺរ៉ុប (​ជាង​៩,៣០​លាន​ដុល្លារ​អាមេរិក​) Kante ចង់រ​ត់ទៅ​ហ្វឹកហាត់ ជាជាង​ការ​ជិះ​រថយន្ត ប៉ុន្តែ​មិត្តភក្តិ​ម្នាក់​បាន​បញ្ចុះបញ្ចូល​គេ​ឲ្យ​ទិញ​រថយន្ត​ដើម្បី​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​។ ទីបំផុត កីឡាករ​រូបនេះ សម្រេចចិត្ត​ទិញ​រថយន្ត Mini Cooper S​។​
 
​ខ្សែបម្រើ​រូបនេះ បាន​រៀបរាប់​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​រថយន្ត Mini របស់ខ្ញុំ ដែល​ប្រើ​ជា​លើកដំបូង​នេះ មានដំណើរ​ការល្អ ហើយ​ពិតជា​ងាយស្រួល​ក្នុងការ​បើកបរ​ចង្កូត​ឆ្វេង​។ ខ្ញុំ​ប្រើប្រាស់​វា​នៅ Leicester ហើយ​ខ្ញុំ​នៅតែ​បន្ត​ប្រើប្រាស់​វា​រហូតដល់​បច្ចុប្បន្ន​។ ប៉ុន្តែ​វា​នៅ​ល្អ​»​។​
 
​បើតាម​ប្រភព​មួយចំនួន រថយន្ត Mini Cooper S ពណ៌​ស របស់ Kante នោះ ជា​រថយន្ត​មួយ​ទឹក ដែល​ត្រូវបាន​ប៉ាន់​ស្មានថា មានតម្លៃ​ប្រមាណ ២,៥ ម៉ឺន​ដុល្លារ​អាមេរិក​។ ក្រោយ​ពេលដែល Leicester City ឈ្នះ​ពាន Premier League លោក Vichai Srivaddhanaprabha ដែលជា​ម្ចាស់​ក្លិប​ជនជាតិ​ថៃ បាន​ចំណាយលុយ​ប្រមាណ​២​លាន​ផោន ដើម្បី​ទិញ​រថយន្ត MBW i8 លើកទឹកចិត្ត​ដល់​កីឡាករ និង​សមាជិក​ក្រុម ប៉ុន្តែ Kante មិនបាន​ទទួល​ចំណែក​នេះឡើយ ដោយសារតែ​គេ​បាន​ផ្ទេរ​ទៅកាន់​ក្លិប Chelsea ក្នុងតម្លៃ​៣២​លាន​ផោន រួចទៅហើយ​។​
 
​នៅ​ទឹកដី Stamford Bridge ទោះបី​ជាមាន​ចំណូល​ប្រមាណ​១២០ ០០០​ផោន (​ប្រមាណ​១៥​ម៉ឺន​ដុល្លារ​អាមេរិក​) ក្នុង​១​សប្តាហ៍​ក៏ដោយ ក៏ Kante ដែល​ឈ្នះ​ពាន​ជាច្រើន​នៅ​ក្លិប ក្រុម​ជម្រើសជាតិ និង​ពាន​ផ្ទាល់ខ្លួន ហាក់ដូចជា​បន្ត​មិន​អើពើ​នឹង​សម្ភារ​ថ្លៃៗ បន្ថែម​ពីលើ​នេះ គេ​ក៏​មិនដឹងថា ខ្សែបម្រើ​លំដាប់​ពិភពលោក​រូបនេះ មាន​មិត្តស្រី ឬ​យ៉ាងណា​នោះឡើយ​។​
 
​ក្រោយ​ឈ្នះ Premier League ជា​ប្រវត្តិសាស្ត្រ​នៅ Leicester ខ្សែបម្រើ Kante ទៅលើ​កពាន​នេះ​ម្តងទៀត​នៅ Chelsea និង​បន្ថែម​ដោយពាន FA Cup​។ គេ​ជា​សមាជិក​ដ៏​សំខាន់​ម្នាក់​ដែល​ជួយ​ឲ្យ​បារាំង​ឈ្នះ​ពាន FIFA World Cup កាលពីពេល​ថ្មីៗ​នៅ​រុស្ស៊ី និង​បាន​លេខ​ពីរ​ពានរង្វាន់ EURO កាលពី​ឆ្នាំ​២០១៦ ។​
 
​សម្រាប់​ពាន​ជា​លក្ខណៈ​ឯកត្តជន​វិញ Kante ទទួលបាន​ជាច្រើន​ប្រភេទ ដែល​ក្នុងនោះ​មានដូចជា PFA Players' Player of the Year (២០១៦-១៧), Premier League Player of the Season: (២០១៦-១៧), FWA Footballer of the Year: (២០១៦-១៧), Trophées UNFP for Best French Player Abroad, French Player of the Year: ២០១៧ និង L'Équipe Team of the Year: ២០១៧ ជាដើម​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com