កីឡាអន្តរជាតិ
អន្តរជាតិ
Asian Games៖ មន្ត្រី​កីឡា ហាម​អត្ត​ព​លិ​ក​ទាំងអស់​ផឹកស្រា​នៅ​ភូមិ​កីឡា​
28, Aug 2018 , 4:06 pm        
រូបភាព
​ស្ថាប័ន​រៀបចំ​ការប្រកួត​កីឡា​អាស៊ី Asian Games ឆ្នាំ​២០១៨ បាន​បង្ក្រាប​ការផឹក​ស្រា​នៅតាម​ភូមិ​កីឡា​ជាទី​ស្នាក់នៅ​របស់​អត្ត​ព​លិ​ក​ដែល​បាន​ទៅ​ចូលរួម​ទាំងអស់​។ ក្រុមមន្ត្រី​ឥណ្ឌូណេស៊ី​និយាយ​ដូច្នេះ​នៅ​ថ្ងៃទី​២៧ ខែសីហា ដោយ​លើក​ហេតុផល​ថា​ក្រុម​កីឡាករ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ប្រើប្រាស់​គ្រឿង​ស្រវឹង និង​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​។


 
​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Harry Warganegara មន្ត្រី​នៃ​គណៈកម្មាធិការ​រៀបចំ​កា​រ​ប្រកួត​កីឡា​ឥណ្ឌូណេស៊ី (Inasgoc) បាន​និយាយថា​ក្រុមមន្ត្រី និង​អត្ត​ព​លិ​ក​ដែល​បានបញ្ចប់​ការប្រកួត​រួចរាល់​ហើយ​នោះ​ក៏​ត្រូវបាន​ហាមឃាត់​ឲ្យ​ទទួលទាន​គ្រឿង​ស្រវឹង​នៅក្នុង​ភូមិ​កីឡា​ដែរ​។​
 
«​មាន​កីឡាករ​មួយចំនួន​បាន​ចូលមក​ដោយមាន​ស្រា​បៀរ​មកជា​មួយ ... យើង​បាន​រារាំង​មិន​ឲ្យ​មាន​ដប​ស្រា​ចូលមកក្នុង​ឡើយ​។ យើង​នៅ​បន្ត​ការពិនិត្យ ពួកគេ​មិន​អាចយ​កវា​ចូល​បានឡើយ ... វា​ធ្វើ​ឲ្យ​ខូចសុខភាព ហើយ​ការជក់បារី​ក៏​មិនត្រូវ​បានអនុញ្ញាត​ដែរ​»​។ មន្ត្រី Inasgoc ខាងលើ​បន្ថែម​ដូច្នេះ​។​
 
​ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក​ទទួលស្គាល់ថា​មិនអាច​គ្រប់គ្រង​បាន​១០០​ភាគរយ​នោះទេ ហើយ​មួយវិញទៀត​ក៏មាន​ការតវ៉ា​ខ្លះ​ពី​អត្ត​ព​លិ​ក​មួយចំនួន​ដោយ​ពួកគេ​លើកឡើងថា​ត្រូវការ​ស្រា​ខ្លះ​ព្រោះ រងាន់​នឹង​ម្ហូបអាហារ និង​ភេសជ្ជៈ​នៅ​ទីនោះ​។ លោក Warganegara បាន​ឆ្លើយតប​វិញ​ថា លោក​ជាម​ន្ត្រី លោក​មិនមែនជា​កីឡាករ ទើប​អាច​ផឹកស្រា​បាន ប៉ុន្តែ​អត្ត​ព​លិ​ក​ទាំងអស់​ធ្វើ​ដូច​លោក​បានទេ​។​
 
​ឥណ្ឌូនេស៊ី​ជា​ប្រទេស​ដែលមាន​ប្រជាជន​មូ​ស្លី​ម​ច្រើនជាងគេ​នៅលើ​ពិភពលោក​បាន​ហាមឃាត់​ការលក់​ស្រា​ក្នុង​ហាង​ទំនើបៗ និង​ហាង​តូចៗ​នៅ​ខាងក្រៅ ព្រមទាំង​តំបន់​កំសាន្ត​លើ​កោះ​បាលី​ដែលជា​កោះ​ល្បីឈ្មោះ​ផងដែរ​កាលពី​ឆ្នាំ​២០១៥​។​
 
​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ដែល​រៀបចំឡើង​ក្នុង​ក្រុង​ហ្សា​ការ​តា និង​ប៉ា​ឡាំ​បាំង ប្រទេស​ឥណ្ឌូណេស៊ី​ដែលមាន​ការចូលរួម​ពី​អត្ត​ព​លិ​ក និង​មន្ត្រី​ប្រមាណ​១៧០០០​នាក់ បាន​ប្រព្រឹត្តទៅ​រយៈពេល​១០​ថ្ងៃ​មកហើយ​។ ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​គិត​ត្រឹម​ថ្ងៃទី​២៨ ខែសីហា​នេះ ទទួលបាន​មេដាយ​បណ្តោះ​អាស​ន្នសរុប ៦៨ ក្នុងនោះ មាស​២៣ ប្រាក់​១៧ និង​សំរឹទ្ធ​២៨ ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៤ នៅ​ពីក្រោម​ក្រុម​នាំមុខ​ចិន ជប៉ុន និង​កូរ៉េខាងត្បូង​៕
 

Tag:
 Asian Games
  Inasgoc
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com