អន្តរជាតិ
កូ​ឡុំ​ប៊ី ដកខ្លួន​ចេញពី​ប្លុក​អាមេរិក​ខាងត្បូង ព្រោះ​គាំទ្រ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ហើយ​ប្រឆាំង​អាមេរិក​
28, Aug 2018 , 8:59 pm        
រូបភាព
ប្រធានាធិបតីកូឡុំប៊ី Ivan Duque (រូបភាព AFP)
ប្រធានាធិបតីកូឡុំប៊ី Ivan Duque (រូបភាព AFP)
​កូ​ឡុំ​ប៊ី នៅ​ថ្ងៃទី​២៧ ខែសីហា បានប្រកាស​ដកខ្លួន​ពី​សហភាព​ប្រជាជាតិ​អាមេរិក​ខាងត្បូង (UNASUR) ព្រោះ​មិន​ពេញចិត្ត​ជំហរ​របស់​អង្គការ​នេះ​ដែល​គាំទ្រ​របប​ដឹក​នាំនៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ ប្រធានាធិបតី​ថ្មី​កូ​ឡុំ​ប៊ី Ivan Duque និយាយថា ប្រទេស​លោក​បាន​បញ្ជូន​លិខិត​មួយច្បាប់​ទៅកាន់​អង្គការ UNASUR រួចហើយ​។ ជា​នីតិវិធី កូ​ឡុំ​ប៊ី នឹង​ចាកចេញ​ជា​ផ្លូវការ​នៅ​រយៈពេល​៦​ខែក្រោយ​ការជូន​ដំ​ណឺង​នេះ​។

 
​ប្រធានាធិបតី​ទើប​ស្បថ​ចូលកាន់​តំណែង​របស់​កូ​ឡុំ​ប៊ី Ivan Duque នៅ​ថ្ងៃទី​២៧ ខែសីហា និយាយថា ប្រទេស​លោក​បានចាប់ផ្ដើម​អនុវត្តតាម​នីតិវិធីរ​បស់​សហភាព​ប្រជាជាតិ​អាមេរិក​ខាងត្បូង (UNASUR) ដើម្បី​ដកខ្លួន​ពី​អង្គការ​មួយ​នេះ​។ ជំហរ​ងាក​ទៅរក​រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា ហើយ​ប្រឆាំង​អាមេរិក អាចជា​មូលហេតុ​ដែល​នាំ​ឲ្យ​លោក Duque សម្រេចចិត្ត​ដក​កូ​ឡុំ​ប៊ី​ពី​អង្គការ​តំបន់​ដែលមាន​សមាជិក​ចំនួន​១២​ប្រទេស​។​
 
​ការដកខ្លួន​ចេញពី UNASUR គឺជា​ការសន្យា​របស់លោក Duque តាំងពី​យុទ្ធនាការ​ស្វែងរក​សំឡេងឆ្នោត​មកម្ល៉េះ​។ ក្នុង​សេចក្ដីថ្លែងការណ៍​ទូរទស្សន៍ ប្រធានាធិបតី​កូ​ឡុំ​ប៊ី​រូបនេះ​និយាយថា​៖ «​រដ្ឋមន្ត្រីការបរទេស​បាន​ផ្ញើលិខិត​ជូនដំណឹង​ទៅកាន់​ទីស្នាក់ការ UNASUR ជា​អង្គ​ការដែល​យើង​ថ្កោលទោស​សន្ធិសញ្ញា​របស់គេ​។ ក្នុង​រយៈពេល​៦​ខែ ការដកខ្លួន​របស់​យើង​នឹង​ចូល​ជា​ធរមាន​។​» នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន RT ។​
 
​ក្នុងការ​ប្រកាស​ដកខ្លួន​នេះ លោក Duque អះអាងថា ប្លុក UNASUR បាន​បរាជ័យ​ក្នុងការ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដែល​រង្គោះរង្គើ​ដោយសារ​រលក​បាតុកម្ម​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល និង​ការ​ប៉ុន​បង​ធ្វើឃាត​ប្រធានាធិបតី នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ។ ដូចគ្នា​នឹង​ជំហរ​របស់​អាមេរិក មេដឹកនាំ​កូ​ឡុំ​ប៊ី​រូបនេះ​ចាត់ទុក​រដ្ឋាភិបាល​លោក ម៉ា​ឌុយ​រ៉ូ ជា​របប​ដឹកនាំ​ផ្ដាច់ការ និង​ហៅ​ប្លុក UNASUR ថា ជា​ជន​រួមគំនិត​ទៀតផង​។ 
 
​ក្រោយ​ការជូនដំណឹង​ខាងលើ កូ​ឡុំ​ប៊ី គឺជា​ប្រទេស​តែមួយគត់​ដែល​ដើរ​ចេញពី​អង្គការ​តំបន់​មួយ​នេះ​ផ្លូវការ​។ កាលពី​ខែមេសា សមាជិក​មួយ​ប្រទេស​ដូចជា​អា​ហ្ស​ង់​ទីន ប្រេ​ស៊ី​ល ស៊ី​លី កូ​ឡុំ​ប៊ី ប៉ា​រ៉ា​ហ្កា​យ និង​ប៉េ​រូ បានប្រកាស​ព្យួរ​សមាជិកភាព​របស់​ខ្លួន​រយៈពេល​មួយឆ្នាំ ក្រោម​ហេតុផល​ថា ទាស់គំនិត​គ្នា​លើ​ការជ្រើសរើស​អគ្គលេខាធិកា​រ UNASUR ។ វ៉េ​ណេ​ស៊ុយ​អេ​ឡា អេក្វាទ័រ ហ្គី​យ៉ាន សូ​រី​ណា​ម និង​អ៊ុយ​រូ​ហ្កា​យ ជា​សមាជិក​ពេញសិទ្ធិ​សេសសល់​។​
 
​មុន​ការ​ដើរចេញ​របស់​កូ​ឡុំ​ប៊ី បូ​លី​វី​បានស្នើ​ឲ្យ​ក្រុង​បូ​ហ្គោ​តា​ពិចារណា​ឡើងវិញ​។ ក្រុង​ឡា​ប៉ាស បាន​សរសើរ​អង្គ​ការដែល​បង្កើត​ក្នុង​ឆ្នាំ​២០០៨ និង​មាន​គោលដៅ​ប្រឆាំង​អាមេរិក​នេះ​ថា សមាហរណកម្ម​ជា​ធម្មជាតិ​ដែល​រួមបញ្ចូល​គ្រឿង​សម្គាល់​របស់​អាមេរិក​ខាងត្បូង ដែលមាន​ប្រវត្តិសាស្ត្រ​ដូចគ្នា​៕
 

Tag:
 កូ​ឡុំ​ប៊ី​
  UNASUR
  វ៉េ​ណេ​ស៊ុយ​អេ​ឡា​
© រក្សាសិទ្ធិដោយ thmeythmey.com