កីឡាអន្តរជាតិ
អន្តរជាតិ
កីឡា​អាស៊ី​៖ សិង្ហ​បុរី​ផ្តល់​រង្វាន់​ជាង​២៣​ម៉ឺន​ដុល្លារ​ដល់​ជ័យលាភី​មេដាយមាស​កីឡា​បៀ​
28, Aug 2018 , 9:39 pm        
រូបភាព
​ក្រុម​អត្ត​ព​លិ​ក​កីឡា​បៀ (Bridge) លើ​វិញ្ញាសា​ជា​ក្រុម​បុរស​របស់​សិង្ហ​បុរី​នឹង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន ៣២០.០០០​ដុល្លារ​សិង្ហ​បុរី (២៣៤៧៨៤​ដុល្លារ​អាមេរិក​) ក្រោយ​ឈ្នះ​មេដាយមាស​ពី​ព្រឹត្តិការណ៍​កីឡា​អាស៊ី Asian Games នៅ​ថ្ងៃទី​២៧ ខែសីហា​។​


 
​ប្រាក់​លើកទឹកចិត្ត​នេះ​ធ្វើឡើង​ក្រោម​កម្មវិធី​ប្រាក់រង្វាន់​រាប់ពាន់​លាន​ដុល្លារ​របស់​ក្រុមប្រឹក្សា​អូឡាំពិក​ជាតិ​សិង្ហ​បុរី (SNOC) ដែល​បាន​ឧបត្ថម្ភ​ដោយ​ក្រុមប្រឹក្សាភិបាល Tote និង​ក្រុមហ៊ុន​ឆ្នោត Pool Singapore​។​
 
២០​ភាគរយ នៃ​ចំនួន​ទឹកប្រាក់​សរុប​ជាង​២៣​ម៉ឺន​ដុល្លារ​អាមេរិក​នេះ នឹងត្រូវ​ផ្តល់​ឲ្យ​ទៅ​ស្ថាប័ន​គ្រប់គ្រង​កីឡា​បៀ​សិង្ហ​បុរី​សម្រាប់​ការបណ្តុះបណ្តាល និង​ការអភិវឌ្ឍ​នាពេល​អនាគត​។ ហើយ​នេះ​ជា​តម្រូវ​ការដែល​កំណត់​ក្នុង​កម្មវិធី​ប្រាក់​លើកទឹកចិត្ត​របស់​សិង្ហ​បុរី​។​
 
​សមាជិក​ក្រុមកីឡា​បៀ ៦​នាក់​ដែល​អាច​យកឈ្នះ​មេដាយមាស​ពី​កីឡា​អាស៊ី​លើក​ទី​១៨ ដែល​ធ្វើឡើង​នៅ​ឥណ្ឌូណេស៊ី​រួមមាន​កីឡាករ Poon Hua, Loo Choon Chou, Zhang Yukun, Fong Kien Hoong, Desmond Oh និង Kelvin Ong​។ ពួកគេ​ម្នាក់ៗ​ប្រហែលជា​ទទួលបាន​ប្រាក់រង្វាន់​ប្រមាណ​២៩០០០​ដុល្លារ​អាមេរិក មុនពេល​បង់ពន្ធ​រួច​។​
 
​គិត​ត្រឹម​ថ្ងៃទី​២៨ ខែសីហា​នេះ ក្រុម​អត្ត​ព​លិ​ក​ពី​សិង្ហ​បុរី​ទទួលបាន​មេដាយ​សរុប​ចំនួន​១៧ ហើយ ក្នុងនោះ​មេដាយមាស​៣ ប្រាក់​៤ និង​សំរឹទ្ធ​១០ ឈរ​នៅ​ចំណាត់ថ្នាក់​ទី​១៦ ក្នុង​តារាង​មេដាយ​បណ្តោះអាសន្ន​៕

Tag:
 Asian Games
  សិង្ហ​បុរី​
© រក្សាសិទ្ធិដោយ thmeythmey.com