កីឡាអន្តរជាតិ
អន្តរជាតិ
ភ្នាក់ងារ​កីឡា Ronaldo អស់សំណើច​ដែល​ឲ្យ Modric ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​អឺរ៉ុប​
31, Aug 2018 , 8:39 pm        
រូបភាព
​ភ្នាក់ងារ​របស់​កីឡាករ Cristiano Ronaldo លោក Jorge Mendes បាន​រិះគន់​ការសម្រេចចិត្ត​របស់ UEFA ដែល​ជ្រើស​រើសយក Luka Modric ខ្សែបម្រើ Real Madrid ដើម្បី​ឈ្នះ​ពានរង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំ​តំបន់​អឺរ៉ុប (Uefa men's Player of the Year) រដូវ​កាល ២០១៧-២០១៨ ដែល​គួរ​ឲ្យ​អស់សំណើច​។ នេះ​បើតាម​ការផ្សាយ​របស់ Skysports​។​


 
​នា​ពិធី​ចាប់ឆ្នោត​រើស​ពូ​ល UEFA Champions League រដូវ​កាល​ថ្មី​នៅ​ទី​៣០ ខែសីហា​ក្នុងប្រទេស​ម៉ូ​ណា​កូ សមាជិក​ក្រុម Real Madrid មួយចំនួន​សុទ្ធតែ​បានឈ្នះ​ពានរង្វាន់​ទាំង​អស់ពី​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) សម្រាប់​ការ​បង្ហា​ខ្លួន​ល្អ​បំផុត​រដូវ​កាល​មុន ដែល​ក្នុងនោះ​រួមមាន Keylor Navas ឈ្នះ​ពាន​អ្នកចាំទី​ល្អ​បំផុត Sergio Ramos ខ្សែការពារ​ល្អ​បំផុត Luka Modric ខ្សែបម្រើ​ល្អ​បំផុត និង Cristiano Ronaldo ដែល​ទើប​ផ្លាស់​ទៅ Juventus រដូវ​កាល​នេះ​ជាប់​ជា​ខ្សែប្រយុទ្ធ​ឆ្នើម​បំផុត​។​


 
​អ្វីដែល​អស្ចារ្យ​នោះ Modric បាន​ប្រជែង​ឈ្នះ​ពានរង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំ​តំបន់​អឺរ៉ុប (Uefa men's Player of the Year) មួយទៀត ដោយ​ប្រជែង​ឈ្នះ​អតីត​មិត្ត​រួម​ក្រុម Ronaldo និង Mohamed Salah​។​
 
​ប៉ុន្តែ​ភ្នាក់ងារ​កីឡាករ​បាល់ទាត់​ដ៏​ល្បីឈ្មោះ Mendes មានការ​ខឹងសម្បា​រយ៉ា​ង​ខ្លាំង​ដែល UEFA ប្រកាស​លទ្ធផល​បែបនេះ​ទៅវិញ ខណៈ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់វ័យ​៣៣​ឆ្នាំ បាន​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​រហូតដល់​១៥​គ្រាប់​ពី​ក្របខណ្ឌ​កំពូល​អឺរ៉ុប​នេះ ជាមួយនឹង​ការនាំ​ក្រុម​រហស្សនាម​ស្តេច​ស​លើក​ពាន​កំពូល​អឺរ៉ុប​៣​ឆ្នាំ​ជាប់ៗ​គ្នា​ថែមទៀត​។​
 
​ខ្សែបម្រើ​ឆ្នើម​សញ្ជាតិ​ក្រូ​អាស៊ី វ័យ​៣២​ឆ្នាំ ទទួលបាន​ពិន្ទុសរុប ៣១៣ ពី​ការបោះឆ្នោត​ពី​សំណាក់​គ្រូបង្វឹក ៦០​រូប និង​អ្នកកាសែត​៥៥​នាក់ មកពី​ទូទាំង​ទ្វីបអឺរ៉ុប ដោយ​នាំមុខ​អតីត​មិត្ត​រួម​ក្រុម Ronaldo ដល់​ទៅ ៩០​ពិន្ទុ​។ Mohamed Salah តារា​ឆ្មើ​មរ​បស់ Liverpool បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ទី​៣​។​


 Ronaldo និងលោក Jorge Mendes
 
 Mendes បញ្ចុះបញ្ចូល Ronaldo ទៅលេង​នៅ​ទឹកដី​អ៊ីតាលី​នោះ​លើកឡើងថា​៖«​ខ្ញុំ​មិន​ខ្វល់​ពី​ការសំរេចចិត្ត​របស់​អ្នកកាសែត​និង​គ្រូបង្វឹក​ទាំង​នោះទេ ប៉ុន្តែ​ខ្ញុំ​នឹង​បោះឆ្នោត​ឲ្យ Cristiano Ronaldo ហើយ​ខ្ញុំ​និយាយ​បែបនេះ​ក្នុងនាម​ជា​អ្នកគាំទ្រ​កីឡាបាល់ទាត់​ម្នាក់​»៕

Tag:
 បាល់ទាត់​
  ពាន​ឡាករ​ល្អ​បំផុត​ប្រចាំ​តំបន់​អឺរ៉ុប​
  Uefa men\'s Player of the Year
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com