កីឡាអន្តរជាតិ
អន្តរជាតិ
Asian Games៖ ឥណ្ឌូណេស៊ី​ច្រានចោល​ការចោទប្រកាន់​ជុំវិញ​ការបន្លំ​ពិន្ទុ​កីឡា Silat
31, Aug 2018 , 5:59 pm        
រូបភាព
​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​បាន​ច្រានចោល​ពាក្យបណ្តឹង​ថា​មាន​ភាពលម្អៀង​ក្នុងការ​ដាក់ពិន្ទុ​លើ​ប្រភេទ​កីឡា Pencak Silat នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី Asian Games ឆ្នាំ​២០១៨ បន្ទាប់ពី​ទទួលបាន​មេដាយមាស​រហូតដល់​ទៅ​១៤​។


 
​កាសែត South China Morning Post បាន​ផ្សាយ​ថា ភាពចម្រូងចម្រាស​ក្នុង​ប្រភេទ​កីឡា Pencak Silat បាន​កើតឡើង​ក្នុងការ​ប្រកួត​កីឡា​លំដាប់​ទី​២​ពិភពលោក​លើក​ទី​១៨ ដោយមាន​ការចោទប្រកាន់​ម្ចាស់ផ្ទះ​ថា​បានផ្តល់​ពិន្ទុ​មិន​ត្រឹមត្រូវ ដោយ​លម្អៀង​ទៅរក​អត្ត​ព​លិ​ក​ឥណ្ឌូណេស៊ី​។ តែ​យ៉ាងណា មន្ត្រី​កីឡា​កំពូល​ឥណ្ឌូណេស៊ី​បាន​បដិសេធ​ជុំវិញ​ការចោទប្រកាន់​នេះ​ដោយ​ចេញមក​ការពារ​កិត្តិយស​បន្ទាប់ពី​មាន​ប្រទេសមួយ​ចំនួន​បាន​ចោទសួរ​ពី​គុណភាព​នៃ​ការវិនិច្ឆ័យ​របស់​អាជ្ញា​កណ្តាល​នៅ​ហ្សា​ការ​តា​។​
 
​មហាសេដ្ឋី​ឥណ្ឌូណេស៊ី លោក Erick Thohir ដែលជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការប្រកួត​កីឡា Asian Games បាន​រិះគន់​ការចោទប្រកាន់ថា​ចៅក្រម​បាន​គាំទ្រ​រាល់​កីឡាករ​ឥណ្ឌូណេស៊ី​ដោយ​ឲ្យ​ឈ្នះ​មេដាយមាស ១៤ ក្នុងចំណោម​មេដាយមាស​សរុប ១៦​មេដាយមាស​ពី​ប្រភេទ​កីឡា Pencak Silat នេះ​។ 


 លោក Erick Thohir ប្រធានគណៈកម្មាធិការរៀបចំការប្រកួតកីឡា Asian Games
 
«​យើង [​ឥណ្ឌូនេស៊ី​] ក៏​ធ្លាប់​ចូលរួម​ប្រកួតប្រជែង​នៅតាម​បណ្តា​ប្រទេស​ដទៃទៀត​ដែរ ហើយ​នៅពេល​ម្ចាស់ផ្ទះ​ទទួលបាន​មេដាយ​បែបនេះ​យើង​មិនដែល​ត្អូញត្អែរ​ឡើយ​។ ខ្ញុំ​ពិតជា​សោកស្តាយ​ដែលមាន​បណ្តា​ប្រទេស​ជាច្រើន​តវ៉ា​ជាពិសេស​គឺ​ប្រទេស​អ៊ីស្លាម [​សម​មិត្ត​] ដែលមាន​ទំនាក់ទំនង​ល្អជា​មួយ​យើង​នោះ​។ Erick Thohir និយាយ​ដូច្នេះ​។​
 
​លោក​បាន​បន្ថែមទៀតថា​៖«​ខ្ញុំ​ច្រានចោល​ការចោទប្រកាន់​ពី​ការបន្លំ​នេះ​។ ការប្រកួត​បាន​បើកទូលាយ​សម្រាប់​អ្នកទស្សនា​អាច​មើលឃើញ​តាមរយៈ​ទូរទស្សន៍​យ៉ាងច្បាស់​។ យើង​បាន​តាមដាន​យ៉ាង​សុ​គ្រិ​ត្យ​ទៅលើ​ចៅក្រម​ទាំងអស់​ដែល​ពួកគេ​ត្រូវបាន​ជ្រើសរើស​ដោយ​គណៈ​គ្រប់គ្រង​កីឡា​អាស៊ី​។​
 
​លោក Thohir ក៏បាន​បង្ហាញមុខ​ក្នុងចំណោម​អ្នក​តវ៉ា​អំពី​ការវិនិច្ឆ័យ​ពិន្ទុ​នោះ​គឺមាន​លោក Sheik Alauddin Yacoob Marican ជា​ម្ចាស់​ជើងឯក​កីឡា​នេះ​២​សម័យកាល និង​ជា​ប្រធាន​សហព័ន្ធ​កីឡា Pencak Silat អាស៊ី (APSIF) និង​ជា​អ្នកគ្រប់គ្រង​ក្រុមកីឡា​សិង្ហ​បុរី​ផងដែរ​៕

Tag:
 Asian Games
  Pencak Silat
  ឥណ្ឌូណេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com