កីឡាអន្តរជាតិ
អន្តរជាតិ
Asian Games៖ ជប៉ុន​ជា​រនាំង​ចុងក្រោយ សម្រាប់ Son ដើម្បី​គេចផុត​កាតព្វកិច្ច​យោធា​
01, Sep 2018 , 3:38 pm        
រូបភាព
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ ក្រោម​អាយុ​២៣​ឆ្នាំ (U21) កូរ៉េខាងត្បូង និង​ជប៉ុន នឹងត្រូវ​តទល់​គ្នា​ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​ដណ្តើម​មេដាយមាស​វិញ្ញាសា​កីឡាបាល់ទាត់​បុរស នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ី Asian Games ឆ្នាំ​២០១៨ នៅ​ល្ងាច​ថ្ងៃទី​១ ខែកញ្ញា វេលា​ម៉ោង ៦:៣០ នាទី​យប់ [​ម៉ោង​នៅ​កម្ពុជា​] នា​កីឡដ្ឋាន Pakan Sari Stadium​។​


​ក្រៅពី​ការ​ប្រជែង​យក​មេដាយមាស​រវាង​ក្រុម​យក្ស​ពី​ទ្វីបអាស៊ី​ទាំងពីរ អ្វីដែល​ជាការ​ចាប់អារម្មណ៍​បំផុត​មួយទៀត​នោះ​គឺ​ជុំវិញ​កាតព្វកិច្ច​យោធា​របស់ Son Heung-min ខ្សែបម្រើ​ឆ្មើ​ម​របស់កូរ៉េខាងត្បូង និង​ក្រុម Tottenham Hotspur ​។​
 
​នៅក្រោម​ច្បាប់​របស់​ប្រទេស​កូរ៉េខាងត្បូង បុរស​ទាំងអស់​ត្រូវមាន​កាតព្វកិច្ច​យោធា​រយៈពេល ២១​ខែ នៅមុន​អាយុ ២៨​ឆ្នាំ​។ ដូច្នេះ Son ដែល​បច្ចុប្បន្ន​មាន​វ័យ​២៦​ឆ្នាំ ក៏​នឹង​ឈានដល់​ពេលវេលា​ត្រូវបំពេញ​កាតព្វកិច្ច​យោធា​ជូន​ជាតិ​ចាប់ពី​ខែកក្កដា ឆ្នាំ​២០១៩ តទៅ​។ តែ​យ៉ាងណា រដ្ឋាភិបាល​កូរ៉េខាងត្បូង​ក៏បានផ្តល់​ការលើកលែង​វិញ​ដែរ សម្រាប់​អត្ត​ព​លិ​ក​រូប​ណា ដែល​ទទួលជោគជ័យ​ក្នុងការ​ប្រកួត​ធំៗ​សម្រាប់​ប្រទេសជាតិ​។​
  
 
​នេះ​មានន័យថា អតីត​សមាជិក Bayer Leverkusen រូបនេះ ត្រូវធ្វើ​យ៉ាងណា​ជួយ​កូរ៉េខាងត្បូង​យកឈ្នះ​ជប៉ុន​ដណ្តើម​មេដាយមាស​ឲ្យ​ខាងតែបាន ដើម្បី​រួចផុត​ពី​កាតព្វកិច្ច​យោធា​នេះ​។ ប៉ុន្តែ​ប្រសិនបើ​កូរ៉េខាងត្បូង​បរាជ័យ​ក្នុង​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ Son នឹងត្រូវ​អវត្តមាន​ឲ្យ​ក្រុម​មាន់​ខ្នាយ​មាស Spurs រហូតដល់​ទៅ​២​រដូវ​កាល ពោលគឺ​ចាប់ពី​រដូវ​កាល ២០១៩-២០២០ និង ២០២០-២០២១ ដើម្បី​បំពេញ​កាតព្វកិច្ច​យោធា ហើយ​នេះ​នឹង​អាច​ប៉ះពាល់​ដល់​អាជីព​ជា​កីឡាករ​បាល់ទាត់​របស់​គេ​ផងដែរ​។​
 
​មុន​ឈានទៅដល់​វគ្ត​ផ្តាច់ព្រ័ត្រ​នេះ កូរ៉េ​ខាង​ត្បូ​បាន​យកឈ្នះ​វៀតណាម​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដោយ​លទ្ធផល ៣-១ មុន​ឈ្នះ អ៊ូ​ស​បេ​គី​ស្ថាន ៤-៣ នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​។​


 
​សម្រាប់​ក្រុម​ជម្រើសជាតិ​ជប៉ុន​វិញ យើង​បាន​ស្គាល់​ហើយ​ថា​ក្រុម​រហស្សនាម​សា​ម៉ូ​រ៉ៃ​នេះ​ជា​ក្រុម​ដែល​រឹងមាំ​បំផុត​នៅ​តំបន់​អាស៊ី​។​ ​ពួកគេ​បាន​យកឈ្នះ​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​ក្នុង​លទ្ធផល ២-១ មុន​ឈ្នះ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ១-០ ក្នុង​វគ្គ​៤​ក្រុម​ចុងក្រោយ​ដើម្បី​ឈានទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​។​
 
​តើ Son Heung-min អាច​រួច​ផុតពី​កាតព្វកិច្ច​យោធា​រយៈពេល​២១​ខែ​ដែរឬទេ​?
 

 

 

Tag:
 Asian Games
  Son Heung-min
© រក្សាសិទ្ធិដោយ thmeythmey.com