កីឡាអន្តរជាតិ
អន្តរជាតិ
Asian Games៖ យក្ស​ចិន​គ្រង​មេដាយ​សរុប​២៨៩ ខណៈ​ប្រទេស​៩​ទៀត​មិន​ទទួលបាន​មេដាយ​សោះ​
03, Sep 2018 , 2:53 pm        
រូបភាព
ពិធីបិទកីឡាអាស៊ី Asian Games 2018 នៅឥណ្ឌូណេស៊ី
ពិធីបិទកីឡាអាស៊ី Asian Games 2018 នៅឥណ្ឌូណេស៊ី
​ការប្រកួត​កីឡា​ប្រចាំ​ទ្វីបអាស៊ី Asian Games ឆ្នាំ​២០១៨ នៅ​ឥណ្ឌូណេស៊ី​បាន​ប្រារព្ធ​ពិធី​បិទ​ដោយ​ជោគជ័យ​ហើយ​នៅ​ថ្ងៃទី​២ ខែកញ្ញា នា​កីឡដ្ឋាន Gelora Bung Karno ក្រុង​ហ្សា​ការ​តា ក្នុងនោះ​មហាអំណាច​ចិន​បាន​គ្រង​មេដាយ​សរុប​ច្រើនជាងគេ​ពី​ព្រឹត្តិការណ៍​នេះ​ដោយ​នាំមុខ​គូប្រជែង​ជប៉ុន និង​កូរ៉េខាងត្បូង ខណៈ​ម្ចាស់ផ្ទះ​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៤​។​



​បន្ទាប់ពី​ការប្រកួតប្រជែង​ជា​ផ្លូវ​ការ​អស់​រយៈពេល​១៦​ថ្ងៃ ពោលគឺ​ចាប់ពី​ថ្ងៃទី​១៨ ខែសីហា​មក ក្នុងចំណោម​ប្រទេស​ដែល​ចួ​ល​រួមទាំង​៤៥​ពី​តំបន់​អាស៊ី យើង​ឃើញថា​ក្រុម​អត្ត​ពលិកម​ក​ពី​ប្រទេស​ចិន​បានទទួល​មេដាយ​លើសលប់​រហូតដល់ ២៨៩ ក្នុងនោះ​មាស​១៣២ ប្រាក់​៩២ និង​សំរឹទ្ធ​៦៥ ឈរ​នៅ​កំពូល​តារាង​នៃ​ចំណាត់ថ្នាក់​មេដាយ​នៃ​ព្រឹត្តិការណ៍​កីឡា​លំដាប់​ទី​២​ពិភពលោក​លើក​ទី​១៨​នេះ​។​

​ជប៉ុន​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ដោយ​ទទួលបាន​មេដាយ​សរុប​២០៥ ក្នុងនោះ​មាស​៧៥ ប្រាក់​៥៦ និង​សំរឹទ្ធ​៧៤​។ កូរ៉េខាងត្បូង​នៅ​លេខ​រៀង​ទី​៣​ដោយ​ទទួលបាន ៤៩​មេដាយមាស ៥៨​មេដាយប្រាក់ និង​៧០​មេដាយ​សំរឹទ្ធ សរុប ១៧៧​មេដាយ ហើយ​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​ទទួលបាន​ចំណាត់ថ្នាក់​ទី​៤ ដោយ​រកបាន​មេដាយមាស​៣១ ប្រាក់​២៤ សំរឹទ្ធ​៤៣ សរុប​៩៨​មេដាយ​។​

​ដោយឡែក​កម្ពុជា ដែល​ទទួលបាន​កំណត់​ត្រា​ថ្មី​បន្ថែមទៀត​ក្នុង​ប្រវត្តិសាស្ត្រ​កីឡា​អាស៊ី​នេះ​តាមរយៈ​ការ​ឈ្នះ​មេដាយមាស​២ និង​សំរឹទ្ធ​១ ដែល​ធ្វើបាន​ដោយ​កីឡាការិនី ខាន់ ចេ​សា (Khan Jessa) នៃ​កីឡា Ju-Jitsu និង​សាលី អ៊ូ​មើ​ត​កីឡា​ប្រណាំង​ម៉ូតូ​ទឹក ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២៤ ក្នុងចំណោម​ប្រទេស​ដែល​ចូលរួម​ពី​ទ្វីបអាស៊ី​។​

​អ្វីដែល​ជាការ​កត់សម្គាល់ ក្នុងចំណោម​៤៥​ប្រទេស​ដែល​ទៅ​ចូលរួម​ព្រឹត្តិការណ៍​កីឡា Asian Games នេះ មាន​ប្រទេស​ចំនួន​៩​ឯណោះ ដែល​មិន​ទទួលបាន​មេដាយ​អ្វី​សោះ ក្នុងនោះ​រួមមាន បង់​ក្លា​ដែ​ស ប៊ូ​តង់ ព្រុយ​ណេ ម៉ា​ល់​ឌី​វ អូ​ម៉​ង់ ប៉ា​ឡេ​ស្ទី​ន ស្រីលង្កា ទី​ម័​រ​ខាងកើត និង​យេ​ម៉ែន​។​

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​១៨ បានចាប់ផ្តើម​ការប្រកួត​ផ្លូវការ​កាលពី​ថ្ងៃទី​១៨ ខែសីហា រហូតដល់​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៨ ដោយមាន​អត្ត​ព​លិ​ក និង​មន្ត្រី​ចូលរួម​សរុប​ប្រមាណ​១៦០០០​នាក់ មកពី​៤៥ ប្រទេស​ពី​តំបន់​អាស៊ី​ដោយ​ប្រកួត​លើ​៤០​ប្រភេទ​កីឡា និង​៤៦៥​វិញ្ញាសា ដែល​ធ្វើឡើង​ក្នុង​ក្រុង​ហ្សា​ការ​តា និង​ប៉ា​ឡាំ​បាង (Palembang) ស្ថិត​លើ​កោះ​ស៊ូ​ម៉ា​ត្រា​ប្រទេស​ឥណ្ឌូណេស៊ី​៕




Tag:
 Asian Games
  ឥណ្ឌូណេស៊ី​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com