អន្តរជាតិ
ទីក្រុង​បាងកក​ប្រឈម​នឹង​ការ​លិច​បន្តិច​ម្ដងៗ​ដោយសារ​កម្ពស់​ទឹកសមុទ្រ​កើនឡើង​
03, Sep 2018 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​ស្រប​ពេលដែល​ទីក្រុង​បាងកក ប្រទេស​ថៃ ត្រៀម​រៀបចំ​សន្និសីទ​អង្គការសហប្រជាជាតិ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​នៅ​ថ្ងៃ​អង្គារ​ខាងមុខនេះ ទីក្រុង​ដែលមាន​ប្រជាជន​ជាង ១០ លាន​នាក់​នេះ​បាន​រង​សម្ពាធ​បរិស្ថាន​យ៉ាងខ្លាំង ដោយ​អ្នកជំនាញ​បាន​ព្រមាន​ថា ទីក្រុង​នេះ​អាច​លិច​ទឹក​មួយផ្នែក​ក្នុង​រយៈពេល​តែ​ជាង ១០ ឆ្នាំ​ទៀត​ប៉ុណ្ណោះ​។​

 
​ទីក្រុង​បាងកក ដែល​បាន​កសាង​ឡើងលើ​ផ្ទៃដី​ដែល​ធ្លាប់ជា​ដី​ភក់​កម្ពស់​ប្រហែល ១ ម៉ែត្រ​កន្លះ​ផុត​កម្ពស់​ទឹកសមុទ្រ ត្រូវគេ​រំពឹងថា​នឹង​ក្លាយជា​តំបន់​ទីក្រុង​ដែល​រង​ការប៉ះពាល់​ខ្លាំង​បំផុត​មួយ​នៅលើ​ពិភពលោក ដូច​ទៅនឹង​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី និង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ផងដែរ​។​
 
​របាយការណ៍​របស់​ធ​នាគារ​ពិភពលោក​បាន​បញ្ជាក់ថា ទីក្រុង​បាងកក​ប្រហែល​ជិត ៤០ ភាគរយ អាច​នឹង​ជន់​លិច​នៅ​ដើមឆ្នាំ ២០៣០ ដោយសារតែ​ទីក្រុង​នេះ​ប្រឈម​នឹង​ការ​ធ្លាក់ភ្លៀង​ខ្លាំង និង​ធាតុអាកាស​ប្រែប្រួល​។​
 
​នៅពេល​បច្ចុប្បន្ននេះ ទីក្រុង​នេះ «​កំពុង​លិច​ទឹក​ពីមួយ​ទៅ​ពីរ​សង់ទីម៉ែត្រ​ក្នុង​មួយឆ្នាំ ហើយ​គេ​ឃើញថា​មាន​ហានិភ័យ​នៃ​គ្រោះទឹកជំនន់​ធ្ងន់ធ្ងរ​នៅពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកស្រី Tara Buakamsri ប្រធាន​អង្គការ Greenpeace ប្រចាំ​ប្រទេស​ថៃ​។​
 
​កម្ពស់​ទឹកសមុទ្រ​នៅ​ឈូង​សមុទ្រ​ថៃ​ក្បែរ​ទីក្រុង​បាងកក​កំពុង​កើនឡើង​ប្រហែល ៤ មិល្លីម៉ែត្រ​ជា​រៀងរាល់ឆ្នាំ ដែលជា​ការកើនឡើង​លើ​ពី​កម្រិត​មធ្យម​នៃ​ការកើនឡើង​កម្ពស់​ទឹកសមុទ្រ​នៅលើ​ពិភពលោក​។​
 
​អ្នកស្រី Tara Buakamsri បាន​បញ្ជាក់ថា ផ្នែក​ភាគច្រើន​នៃ​ទីក្រុង​បាងកក «​គឺ​ស្ថិតក្រោម​កម្ពស់​ទឹកសមុទ្រ​រួចទៅហើយ​»​។​
 
​អ្នកជំនាញ​នានា​ថា ការរៀបចំ​ទីក្រុង​មិនបាន​ល្អ និង​មាត់សមុទ្រ​ដែល​លិច​បន្តិច​ម្ដងៗ នឹងធ្វើ​ឲ្យ​ទីក្រុង​បាងកក និង​ប្រជាជន​នៃ​ទីក្រុង​នេះ​ប្រឈម​នឹង​ស្ថានការណ៍​ហានិភ័យ​ខ្ពស់​៕

© រក្សាសិទ្ធិដោយ thmeythmey.com