អន្តរជាតិ
រដ្ឋាភិបាល​ចិន​បិទ​សារព័ត៌មាន​អូស្ត្រាលី ABC ដោយ​លើក​ហេតុផល​ថា​បំពាន​ច្បាប់​អ៊ីនធឺណិត​ខ្លួន​
03, Sep 2018 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​សារព័ត៌មាន​រដ្ឋ​អូស្ត្រាលី ABC  បាន​អះអាង​នៅ​ថ្ងៃ​ចន្ទ​ទី ៣ ខែកញ្ញា​នេះ​ថា អាជ្ញាធរ​ចិន​បានសម្រេច​បិទ​មិន​ឲ្យ​មានការ​ភ្ជាប់​ទៅកាន់​គេហទំព័រ​របស់ខ្លួន​ដោយ​អះអាងថា ABC នេះ​ប​បាន​បំពាន​បទបញ្ញត្តិ​គ្រប់គ្រង​បណ្តាញ​អ៊ីនធឺណិត​របស់​ចិន​។ ការសម្រេច​បិទ​នេះ​ធ្វើឡើង​មួយឆ្នាំ​ប៉ុណ្ណោះ​ក្រោយ​ស្ថាប័ន​នេះ​មាន​ផ្សព្វផ្សាយ​ជា​ភាសា​ចិន​។


 
​រដ្ឋាភិបាល​ចិន​បានសម្រេច​បិទ​មិន​ឲ្យ​មានការ​ភ្ជាប់​ទៅកាន់​គេហទំព័រ និង App របស់​សារព័ត៌មាន​អូស្ត្រាលី ABC ចាប់តាំងពី​ថ្ងៃ ២២ ខែសីហា​ម្ល៉េះ ប៉ុន្តែ​មិនមាន​ការបកស្រាយ​ច្បាស់លាស់​ពី​ហេតុផល​នៃ​ការបិទ​នេះ​ទេ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AF សារព័ត៌មាន ABC ទើប​ចេញប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃ​ចន្ទ​នេះ​ទេ​ជុំវិញ​ការបិទ​ការផ្សព្វផ្សាយ​របស់ខ្លួន បន្ទាប់ពី​មន្ត្រី​ចិន​ម្នាក់​ដែល​បម្រើ​ការងារ​នៅ​គណៈកម្មការ​មជ្ឈិម​ទទួលបន្ទុក​កិច្ចការ​អ៊ីនធឺណិត​បាន​បញ្ជូន​សេចក្តីថ្លែងការណ៍​មួយ​ទៅកាន់ ABC​។ 
 
​មន្ត្រី​ដែល​សុំ​មិន​បង្ហាញ​អត្តសញ្ញាណ​នោះបាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ដូច្នេះ​៖«​យើង​ស្វាគមន៍​រាល់​ក្រុមហ៊ុន​ទាំងអស់​លើ​ពិភពលោក​ដែល​ផ្តល់ព័ត៌មាន​ល្អៗ​ដល់​ប្រជាជន​ចិន​។ ប៉ុន្តែ​សិទ្ធិ​អធិបតេយ្យ​លើ​បណ្តាញ​អ៊ីនធឺណិត​នឹងត្រូវ​អនុវត្ត​ល់​រាល់​គេហទំព័រ​បរទេស​ទាំង​អស់​ដែល​បំពាន​បទបញ្ញត្តិ​របស់​ចិន​ក្នុងការ​គ្រប់គ្រង​អ៊ីនធឺណិត​»​។
 
​យ៉ាងណាក៏ដោយ មន្ត្រី​នេះ​មិនបាន​បញ្ជាក់​ឲ្យ​បានច្បាស់លាស់​ទេ​ថា ABC បំពាន​ច្បាប់​អ្វី ហើយ​ខ្លួន​បាន​ផ្សព្វផ្សាយ​អ្វីដែល​បំពាន​ច្បាប់​នោះឡើយ ដោយ​គ្រាន់តែ​បញ្ជាក់ថា សកម្មភាព​ដែល​ត្រូវ​ហាមឃាត់​នោះ​អាច​ស្ថិតក្នុង​ចំណោម​សកម្មភាព​មួយចំនួន​។ សកម្មភាព​ទាំងនោះ​មានដូចជា ការ​ចែកចាយ​ព័ត៌មាន​ចចាមអារ៉ាម​, ចែកចាយ​ព័ត៌មាន​អាសអាភាស​, ល្បែងស៊ីសង​, ហិង្សា​ភេរវកម្ម និង​ព័ត៌មាន​ផ្សេងទៀត​ដែល​ខុសច្បាប់​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដែល​សន្តិសុខ​ជាតិ និង​កិត្តិយស​ជាតិ​។ 
 
​តាមពិតទៅ អាជ្ញាធរ​ចិន​សម្រេច​បិទ​មិន​ឲ្យ​ប្រជាជន​ខ្លួន​ភ្ជាប់​ចូល​គេហទំព័រ​ព័ត៌មាន ABC ប្រហែល​ត្រឹម​មួយឆ្នាំ​ប៉ុណ្ណោះ​ក្រោយ​ពេលដែល​ស្ថាប័ន​នេះ​បានដាក់​ដំណើរការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​ភាសា​ចិន​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ គេ​មិនដឹងថា វា​ពាក់ព័ន្ធ​បែបណា​នឹង​ការផ្សព្វផ្សាយ​នេះ​ទេ​។ 
 
​ដោយឡែក​ការសម្រេច​ហាមប្រាម​ក្រុមហ៊ុន​ផ្សព្វផ្សាយ​អូស្ត្រាលី​នេះ ក៏​កើតឡើង​ចំពេល​ដែល​ទំនាក់ទំនង​រវាង​អូស្ត្រាលី និង​ចិន​ល្អក់កករ​ខ្លាំង​ដែរ​ដោយសារ​អ្នកនយោបាយ​អូស្ត្រាលី​បន្ត​ចោទថា ចិន​ព្យាយាម​ជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​ខ្លួន និង​ប្រើប្រាស់​ការបរិច្ចាគ​លុយ​ជា​លេស​ដើម្បី​មានលទ្ធភាព​លូកលាន់​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ខ្លួន​ផង​។ ការចោទប្រកាន់​កន្លង​មកនេះ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចិន​មិន​ពេញចិត្ត​ឡើយ ហើយ​ក្រសួងការបរទេស​ចិន​បន្ត​ទាត់ចោល​របាយការណ៍​ព័ត៌មាន​អូស្ត្រាលី​ជា​ច្រើនដង​រួមមាន​ទាំង​ការផ្សព្វផ្សាយ​របស់​សារព័ត៌មាន ABC ផងដែរ​។​
 

Tag:
 ចិន​
  អូស្ត្រាលី​
  ABC
© រក្សាសិទ្ធិដោយ thmeythmey.com