កីឡាអន្តរជាតិ
អន្តរជាតិ
អត្ត​ព​លិ​ក​ណាខ្លះ​ដែល​លេចធ្លោ និង​រក​មេដាយ​ច្រើន​ជូន​ជាតិ​ពី​កីឡា​អាស៊ី​?
03, Sep 2018 , 11:19 pm        
រូបភាព
​ព្រឹត្តិការណ៍​កីឡា​អាស៊ី Asian Games ឆ្នាំ​២០១៨ ដែល​រៀបចំឡើង​ក្នុង​ក្រុង​ហ្យា​ការ​តា និង​ប៉ា​ឡាំ​បាង ប្រទេស​ឥណ្ឌូណេស៊ី​បានបញ្ចប់​ជា​ស្ថាពរ​ហើយ ដោយ​ក្នុងនោះ​ក្រុម​អត្ត​ព​លិ​ក​ចិន និង​ជប៉ុន​ជា​ក្រុម​រក​មេដាយ​ច្រើន​បំផុត​ជូន​ជាតិ​របស់​ពួកគេ​ក្នុងចំណោម​ប្រទេស​ទាំង​៤៥​ដែល​បាន​ចូលរួម​ក្នុង​កីឡា​នេះ​។ ក្រុម​យក្ស​អាស៊ី​ទាំងពីរ​ប្រជែង​មេដាយ​គ្នា​ខ្លាំង​លើ​ប្រភេទ​កីឡាហែលទឹក និង​ជា​ប្រទេស​ដែល​ឈ្នះ​មេដាយ​ច្រើន​បំផុត​លើ​កីឡា​នេះដែរ​។​

 
​ចិន​ដែល​បញ្ជូន​អត្ត​ព​លិ​ក​ចំនួន ៨៤៥​រូប ទៅ​ចូលរួម​ប្រកួត​លើ​៣៨​ប្រភេទ​កីឡា និង​៣៧៦​វិញ្ញាសា បានទទួល​មេដាយ​ត្រឡប់មកវិញ​សរុប​២៨៩ ក្នុងនោះ​មាស​១៣២ ប្រាក់​៩២ និង​សំរឹទ្ធ​៦៥​។​
 
​សម្រាប់​ការប្រកួត​កីឡា​អាស៊ី​លើក​ទី​១៨​នេះ ចិន​បានទទួល​មេដាយ​ច្រើនជាងគេ​ទី​២​លើ​ប្រភេទ​កីឡាហែលទឹក​ដោយ​ទទួលបាន​មេដាយមាស​១៩ ប្រាក់​១៧ សំរឹទ្ធ​១៤ សរុប​៥០​មេដាយ​។ 
 
​កីឡាករ​កីឡាការិនី​ចិន​ដែល​រក​មេដាយមាស​ជូន​ជាតិ​ច្រើនជាងគេ​មាន​ចំនួន​៣​រូប​ដែល​បា​នរក​មេដាយ​សរុប​១៥​មេដាយ​ឲ្យ​ចិន ក្នុងនោះ​កីឡាករ Xu Jiayu ឈ្នះ​មេដាយមាស​៥​តែម្នាក់ឯង កីឡាករ Sun Yang ឈ្នះ​មេដាយមាស​៤ ប្រាក់​២ សរុប​៦ និង​កីឡាការិនី Wang Jianjiahe ទទួលបាន​មេដាយមាស​៤​។​
 
​រីឯ​ក្រុម​អត្ត​ព​លិ​ក​ជប៉ុន​ដែល​បញ្ជូន​កីឡាករ​កីឡា​រិ​នី​ចំនួន​៧៦២​នាក់ បានទទួល​បាន​មេដាយ​សរុប​២០៥ ក្នុងនោះ​មាស​៧៥ ប្រាក់​៥៦ និង​សំរឹទ្ធ​៧៤​។ បើទោះបី​ជប៉ុន​បានទទួល​មេដាយ​សរុប​តិចជាង​ចិន​ក៏ដោយ ប៉ុន្តែ​ពួកគេ​បាន​នាំមុខ​មេដាយ​លើ​ប្រភេទ​កីឡាហែលទឹក​ដោយ​ទ​ទួ​បាន​៥២​មេដាយ ក្នុងនោះ​មាស ១៩ ប្រាក់​២០ និង​សំរិទ្ធ​១៣​។​
 
​អ្វីដែល​គួរ​ចាប់អារម្មណ៍ កីឡាករ កីឡាការិនី​ហែល​ទឹក​៤​រួប​បាន​រក​មេដាយ​ឲ្យ​ជប៉ុន​ចំនួន​២១​មេដាយ ដែល​ធ្វើបាន​ដោយ​កីឡាការិនី​លេចធ្លោ​ជាងគេ Rikako Ikee រកបាន​៨​មេដាយ មាស​៦ ប្រាក់​២ កីឡាការិនី Natsumi Sakai  ទទួលបាន ៣​មេដាយមាស ប្រាក់​១ សំរឹទ្ធ​១ សរុប​៥ កីឡាការិនី Satomi Suzuki បាន​មេដាយមាស​៣ រួមទាំង​កីឡាករ Yasuhiro Koseki រកបាន​មេដាយមាស​៣ ប្រាក់​២ សរុប​៥​។​
 
​ដោយឡែក​កំពូល​កីឡាករ​ហែល​ទឹក​សិង្ហ​បុរី Joseph Schooling ក៏​ជា​អត្ត​ព​លិ​ក​ដែល​អាច​នាំ​មេដាយ​ជូន​ជាតិ​ច្រើន​ផងដែរ ដោយ​រូបគេ​បានឈ្នះ​មេដាយមាស​២ និង​សំរឹទ្ធ​២​ផងដែរ ពី​ព្រឹត្តិការណ៍​កីឡា Asian Games នេះ​៕
 
 

Tag:
 Asian Games
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com