អន្តរជាតិ
ស៊ី ជិន​ភីង ប្រាប់​អាហ្វ្រិក​៖ ចិន​វិនិយោគ​គ្មាន​ចំណង​, មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​...
04, Sep 2018 , 10:21 am        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង ថ្លែងនាកិច្ចសន្ទនាថ្នាក់ខ្ពស់ចិន-អាហ្វ្រិក (រូបភាព Xinhua)
ប្រធានាធិបតីចិន ស៊ី ជិនភីង ថ្លែងនាកិច្ចសន្ទនាថ្នាក់ខ្ពស់ចិន-អាហ្វ្រិក (រូបភាព Xinhua)
​ចំពោះមុខ​មេដឹកនាំ និង​អ្នកជំនួញ​អាហ្វ្រិក ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​ថ្ងៃទី​៣ ខែកញ្ញា ប្រកាសថា ការវិនិយោគ​របស់​ចិន​នៅ​អាហ្វ្រិក គ្មាន​ចំណង​នយោបាយ​អ្វី​ទេ​។ លោក ស៊ី ប្រកាស​បែបនេះ ទំនងជា​ចង់​ឆ្លើយតប​ទៅនឹង​ពាក្យរិះគន់​ទាំងឡាយ​ជុំវិញ​វត្តមាន​ដ៏​សកម្ម​របស់​ចិន​នៅ​ទ្វីបអាហ្វ្រិក ដែល​បង្ក​ការព្រួយបារម្ភ​ថា នឹងធ្វើ​ឲ្យ​ប្រទេស​អាហ្វ្រិក​ជួប​បញ្ហា​បំណុល​ដោយសារតែ​ខ្ចីលុយ​ចិន​។ លោក ស៊ី បញ្ជាក់ថា ចិន វិនិយោគ​លើ​វិស័យ​ដែល​អាចជួយ​អាហ្វ្រិក​ឲ្យ​រុងរឿង​បាន​ប៉ុណ្ណោះ​។

 
 
​មុន​បើក​វេទិកា​ស្ដីពី​សហប្រតិបត្តិការ​ចិន​-​អាហ្វ្រិក​លើក​ទី​៣ ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង និង​មេដឹកនាំ​រដ្ឋ​អាហ្វ្រិក​មួយចំនួន បាន​ចូលរួម​កិច្ចសន្ទនា​ថ្នាក់ខ្ពស់​របស់​ពាណិជ្ជករ​ចិន និង​អាហ្វ្រិក​។ ថ្លែង​ក្នុង​វេទិកា​នេះ​នៅ​ថ្ងៃទី​៣ ខែកញ្ញា លោក ស៊ី ជិន​ភីង បាន​និយាយ​ការពារ​ការវិនិយោគ និង​ការផ្ដល់​ប្រាក់កម្ចី​ទៅ​ឲ្យ​ប្រទេស​អាហ្វ្រិក ដោយ​ថា ចិន​គ្មាន​គិត​រឿង​អ្វី​ផ្សេង​ក្រៅពី​ជួយ​អាហ្វ្រិក​ឲ្យ​រីកចម្រើន និង​ចែករំលែក​ការអភិវឌ្ឍ​ឲ្យ​គ្នា​ទៅមក​ឡើយ​។​
 
​វេទិកា​ដ៏​ធំ​រវាង​ចិន និង​អាហ្វ្រិក​លើក​នេះ ផ្ដោត​សំខាន់​លើ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​វិថី​របស់​ចិន ដែល​បាន​នាំ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ទៅ​អាហ្វ្រិក​។ តាមរយៈ​គំនិត​ផ្ដួចផ្ដើម​នេះ ចិន​អាច​ជ្រៀតចូល​ទីផ្សារ​ធំ​ទូលាយ​របស់​អាហ្វ្រិក និង​ធនធាន​ដ៏​ច្រើន​នៅ​ទ្វីប​មួយ​នេះ ព្រម​គ្នា​នឹង​ការបង្កើន​ឥទ្ធិពល​ចិន​ផង​។ ប៉ុន្តែ​ក្រុម​រិះគន់ ដែល​ភាគច្រើន​មាន​ប្រភពពី​លោកខាងលិច​ចោទ​ចិន​ថា កំពុង​ធ្វើ​ឲ្យ​ប្រ​ទេ​អាហ្វ្រិក​វណ្ឌ​ក​នឹង​បំណុល​របស់ខ្លួន​ហើយ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ស៊ី លើកឡើងថា ការវិនិយោគ​របស់​ចិន​នៅ​អាហ្វ្រិក គ្មាន​ភ្ជាប់​ចំណង​ទៅជា​មួយ​ឡើយ ហើយ​ចិន​ក៏​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​អាហ្វ្រិក និង​មិន​ឲ្យ​អា​ហ្វ្រ​រិ​ក​ធ្វើតាម​ខ្លួន​ដែរ​។ ចំពោះមុខ​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង Cyril Ramaphosa, អេ​ហ្ស៊ី​ប Fattah al-Sisi, សំ​ប៊ី Edgar Lungu និង​ហ្កា​បុ​ង Ali Bongo លោក ស៊ី បន្តថា កិច្ចសហប្រតិបត្តិការ​ចិន​ជាមួយ​អាហ្វ្រិក មាន​គោលដៅ​ដោះស្រាយ​ការអភិវឌ្ឍ ហើយ​លុយ​ក៏​មិន​ចំណាយ​លើ​គម្រោង​ធំ​ខ្លាំង​ដែរ​។ 
 
​យ៉ាងណាមិញ ប្រធានាធិបតី​ចិន​រូបនេះ​ក៏​ទទួលស្គាល់​ពី​សារសំខាន់​ក្នុងការ​ពិនិត្យ​លទ្ធភាព​ស្វែងរក​ប្រាក់ចំណេញ​របស់​គម្រោង​នីមួយៗ ចៀសវាង​ការសាងសង់​ដោយ​អត់​ប្រយោជន៍​។ ត្រង់ចំណុច​នេះ លោក ស៊ី ថ្លែង​កិច្ចសន្ទនា​ថ្នាក់ខ្ពស់​ខាងលើ​ថា ការវិនិយោគ​ទាំង​ត្រូវ​ធានា​ពី​ការប្រថុយប្រថាន​ឲ្យ​បាន​បាន​ទាប​បំផុត និង​ធ្វើយ៉ាងណា​ឲ្យ​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ចីរភាព ហើយ​មិន​ប៉ះពាល់​ដល់​បរិស្ថាន​អ្វី​ឡើយ​។ 
 
​នេះ​មិនមែនជា​លើកដំបូង​ឡើយ ដែល​ចិន​ចេញមុខ​ការពារ​វត្តមាន​របស់ខ្លួន​នៅ​អាហ្វ្រិក ដែល​បាន​ប៉ះពាល់​ប្រយោជន៍​មហាអំណាច​ជាច្រើន​ផង​។ បច្ចុប្បន្ន ចិន​មិនមែន​ត្រឹមតែ​ជា​ដៃគូ​ជំនួញ​ពិសេស​របស់​រដ្ឋ​អាហ្វ្រិក​ប៉ុណ្ណោះ​ទេ តែ​មហាអំណាច​មួយ​នេះ​កំពុង​ក្លាយ​មិត្ត​ដែល​រដ្ឋ​អាហ្វ្រិក​ពឹងពាក់​បាន​ស្រួល​ជាពិសេស​សុំ​ជំនួយ ខុសពី​មហាអំណាច​ផ្សេង​ដែល​ដាក់​លក្ខខណ្ឌ​ខ្លះ​មុន​ផ្ដល់ជំនួយ​។ ឯ​ចិន​វិញ​ក៏​ទទួលបាន​វត្ថុធាតុដើម​ពី​បណ្តា​រដ្ឋ​អាហ្វ្រិក​ទាំងនោះ​រួមមាន​ទាំង​ប្រេង ឧស្ម័ន និង​រ៉ែ​មានតម្លៃ​ច្រើន​ផងដែរ​៕
 

Tag:
 ចិន​
  អាហ្វ្រិក​
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com