អន្តរជាតិ
នូ​វែ​ល​សេ​ឡង់​គ្រោង​ហាមឃាត់​ការចិញ្ចឹម​សត្វ​ឆ្មា​នៅ​ភូមិ​មួយ​ដើម្បី​រក្សា​ជីវិត​សត្វ​ស្លាប​ដ៏​កម្រ​
04, Sep 2018 , 7:19 pm        
រូបភាព
ដោយ: ធីតា
​ក្រុមប្រឹក្សា​បរិស្ថាន​នៅ​ភាគខាងត្បូង ប្រទេស​នូ​វែ​ល​សេ​ឡង់ បានស្នើ​ឲ្យ​មានការ​ហាមឃាត់​ការចិញ្ចឹម​សត្វ​ឆ្មា​នៅ​ភូមិ Omaui ។ យោងតាម​ការផ្សាយ​រប​ស់​សារព័ត៌មាន Otago Daily Times សត្វ​ចិញ្ចឹម​ជាទី​ស្រឡាញ់​នេះ កំពុង​យាយី​ជិវិត​សត្វ​ស្លាប​ដ៏​កម្រ​នៅក្នុង​ភូមិ​។​

 
​ភូមិ Omaui ដែល​ស្ថិតនៅ​តំបន់​មាត់សមុទ្រ​ភាគខាងត្បូង​នៃ​ប្រទេស​នូ​វែ​ល​សេ​ឡង់ ជាទី​ជម្រក​របស់​សត្វ​ស្លាប និង​ល្មូ​ន​ដ៏​កម្រ​នៅក្នុង​តំបន់​។ បញ្ហា​ដ៏​ធំ ជីវិត​របស់​សត្វ​ទាំងនោះ រង​ការគំរាមកំហែង​យ៉ាងខ្លាំង ដោយសារ​ការ​លេប​ត្របាក់​របស់​សត្វ​ឆ្មា​។​
 
​ប្រសិនបើ​មានការ​អនុម័ត​យល់ព្រម​ពី​រដ្ឋាភិបាល ការចិញ្ចឹម​ឆ្មា​ថ្មី​នឹង​លែងមានទៀតហើយ​នៅ​ភូមិ Omaui ប៉ុន្តែ​សម្រាប់​អ្នក​ដែលមាន​ស្រាប់ ពួកគេ​ត្រូវ​រៀបចំ​ទុកដាក់​ឆ្មា​របស់ខ្លួន ជាពិសេស​ដាក់​ក្នុង​ទ្រុង និង​បិទមាត់​វា​ឲ្យ​បាន​ត្រឹមត្រូវ​។ ក្រោយពេល​ឆ្មា​ងាប់ ម្ចាស់​នោះ មិនអាច​យក​ឆ្មា​ថ្មី​ទៅ​ចិញ្ចឹម​បន្តទៀត​បាន​នោះឡើយ​។ 
 
​អាជ្ញាធរ​ភូមិ Omaui បានបង្ហាញ​រូបភាព​វីដេអូ​ពី​កា​ម៉េ​រា​សុវត្ថិភាព​ដែល​បង្ហាញ​ពី​សកម្មភាព​ឆ្មា លេប​ត្របាក់​សត្វ​ស្លាប សត្វល្អិត និង​ល្មូ​ន​មួយចំនួន​។ វេជ្ជបណ្ឌិត​ជំនាញ​ប​ស្បុ​សត្វ​ម្នាក់ បាន​គូសបញ្ជាក់ថា ប្រសិនបើ​ឆា្ម​បន្ត​មាន​វត្ត​មាននៅ Omaui សត្វ​ដ៏​កម្រ​៦៣​ប្រភេទ​នៅលើ​ពិភពលោក ប្រឈម​នឹង​ការបាត់បង់​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ អ្នកភូមិ​មួយចំនួន​ហាក់​មិន​សប្បាយចិត្ត​នោះឡើយ​ចំពោះ​វិធានការ​នេះ ពីព្រោះ​ពួកគេ​មាន​ទម្លាប់​រស់នៅ​ជាមួយ​សត្វ​ឆ្មា​ទៅហើយ ពួកគេ​ចង់​ឲ្យ​អាជ្ញាធរ​រក​ចំណាត់ការ​ផ្សេង​ពីនេះ​ក្នុងការ​ថែរក្សា​ប្រភេទ​សត្វ​ដ៏​កម្រ​។​
 
​លោក John Collins ប្រធាន​សមាគម Omaui Landcare Charitable Trust សំដែង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការហាម​ប្រាម​សត្វ​ឆ្មា​នៅក្នុង​ភូមិ Omaui​។ លោក​ថា​៖ «​យើង​មិនមែនជា​អ្នក​ស្អប់​សត្វ​ឆ្មា​នោះឡើយ ប៉ុន្តែ​យើង​ចង់​ឲ្យ​បរិស្ថាន​របស់​យើង​ស្រស់បំព្រង​ជាមួយនឹង​វត្តមាន​សត្វ​ដ៏​កម្រ​នានា​៕
 

Tag:
 ​ឆ្មា​
  នូ​វែ​ល​សេ​ឡង់
© រក្សាសិទ្ធិដោយ thmeythmey.com