អន្តរជាតិ
លោក ស៊ី ជិន​ភីង ប្រកាស​ផ្ដល់​លុយ​៦០​ពាន់​លាន​ដុល្លារ​ឲ្យ​អាហ្វ្រិក និង​លុប​បំណុល​ប្រទេស​ក្រៗ​
04, Sep 2018 , 8:19 pm        
រូបភាព
​នា​ពិធី​បើក​វេទិកា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ចិន​-​អាហ្វ្រិក នៅ​ថ្ងៃទី​៣ ខែកញ្ញា ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បានប្រកាស​ផ្ដល់ប្រាក់​ចំនួន​៦០​ពាន់​ដុល្លារ​ឲ្យ​អាហ្វ្រិក​ដើម្បី​អភិវឌ្ឍ​ទ្វីប​នេះ​ឲ្យ​រីកចម្រើន​។ លើសពីនេះ លោក ស៊ី ក៏បាន​ប្រកាស​លុបចោល​បំណុល​ដែល​រដ្ឋ​អាហ្វ្រិក​មួយចំនួន​ជំពាក់​ចិន​ទៀតផង​។ ទោះជា​ទំនាក់ទំនង​ចិន​-​អាហ្វ្រិក​ល្អប្រសើរ​ក្ដី ក៏​ទំនាក់ទំនង​នេះ​រង​ការរិះគន់​ខ្លាំង ព្រោះ​ចិន​ក៏​ធ្វើ​ឲ្យ​អាហ្វ្រិក​ជាប់បំណុល​ច្រើន​ដែរ​។ យ៉ាងណាមិញ អាហ្វ្រិក​ដែល​ក្រីក្រ​ពិតជា​ត្រូវ​លុយ​ចិន​ដើម្បី​ដោះខ្លួន​ពី​ភាព​តោកយ៉ាក មុននឹង​គិត​បញ្ហា​ផ្សេង​។​

 
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង រួម​នឹង​មេដឹកនាំ​ប្រទេស​អាហ្វ្រិក​ជាង​៥០​ទៀត បាន​ចូលរួម​ក្នុង​វេទិកា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ចិន​-​អាហ្វ្រិក​នៅ​រដ្ឋធានី​ប៉េកាំង​នៅ​ថ្ងៃទី​៣ ខែកញ្ញា​។ វេទិកា​ដ៏​ធំ​នេះ ជា​និមិត្តរូប​រឹងមាំ​នៃ​ទំនាក់ទំនង​ចិន និង​អាហ្វ្រិក​ដែល​កាន់តែរឹងប៉ឹង​ខ្លាំង​ទៅៗ ជាមួយនឹង​ការមើលឃើញ​ប្រយោជន៍​រៀងៗ​ខ្លួន​។ នេះ​ជា​វេទិកា​លើក​ទី​បី ក្រោយ​ការរៀបចំ​លើកដំបូង​នៅ​ឆ្នាំ​២០០៦ នៅ​ចិន និង​លើក​ទី​ពីរ​នៅ​អាហ្វ្រិក​ខាងត្បូង​ក្នុង​ឆ្នាំ​២០១៥ ។ 
 
​ចំពោះមុខ​ថ្នាក់ដឹកនាំ​រដ្ឋ​អាហ្វ្រិក ប្រធានាធិបតី​ចិន​បានប្រកាស​ផ្ដល់​ហិរញ្ញប្បទាន​អភិវឌ្ឍ​ចំនួន​៦០​ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​អាហ្វ្រិក​ដើម្បី​អភិវឌ្ឍ​ទ្វីប​នេះ ហើយនឹង​ត្រូវ​ផ្ដល់​ក្នុង​រយៈពេល​បី​ឆ្នាំ​។ កាលពី​ជំនួប​ឆ្នាំ​២០១៥ ចិន​បានផ្ដល់​ទឹកប្រាក់​៦០​ពាន់​លាន​ដុល្លារ​ឲ្យ​អាហ្វ្រិក​រួចហើយ​ដែរ​។ ទឹកប្រាក់​សន្ធឹកសន្ធាប់​នេះ គឺជា​ទឹក​លុយ​បន្ថែម​ពីលើ​ទឹកប្រាក់​ដែល​ចិន​បាន​វិនិយោគ​នៅ​អាហ្វ្រិក​រួច​សស្រេច​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ និង​កំពង់ផែ​ជាដើម​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP គំនិត​ផ្ដួចផ្ដើម​រវាង​ចិន និង​អាហ្វ្រិក នឹង​ផ្ដោតលើ​ការជំរុញ​ឧស្សាហកម្ម ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ និង​ការផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​វ័យក្មេង​របស់​អាហ្វ្រិក​។ បន្ថែម​ពីលើ​ផ្ដល់​ទឹកប្រាក់​នេះ លោក ស៊ី ក៏បាន​ប្រកាស​លុបចោល​បំណុល​ដែល​ប្រទេស​អាហ្វ្រិក​ជំពាក់​មាន​ប្រទេស​អភិវឌ្ឍ​តិចតួច ប្រទេស​ជាប់បំណុល​ខ្លាំង និង​ប្រទេស​ក្រីក្រ ហើយ​ដែល​ត្រូវ​សងលុយ​នៅ​ឆ្នាំ​ចុង ២០១៨ នេះ​។ 
 
១. ចិន​អនុវត្ត​គោលការណ៍ «៥​មិន​» ក្នុង​ទំនាក់ទំនង​ជាមួយ​អាហ្វ្រិក
 
​វត្តមាន​របស់​ចិន​នៅ​អាហ្វ្រិក​ជាមួយ​ការបញ្ចូល​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ ធ្វើ​ឲ្យ​ចិន​រង​ការរិះគន់​ខ្លាំង ខណៈ​ឥទ្ធិពល​របស់​មហាអំណាច​មួយ​នេះ​ក៏​កើតឡើង​ខ្លាំង​នៅ​ទឹកដី​ដែល​ធ្លាប់​រងគ្រោះ​ដោយសារ​មហាអំណាច​អឺរ៉ុប​។ យ៉ាងណាមិញ ប្រធានាធិបតី​ចិន​រូបនេះ​បាន​អះអាង​ហើយ​ថា ក្រុង​ប៉េកាំង​គ្មាន​សម្លឹង​ឃើញ​អ្វី​ផ្សេង​ឡើយ​ក្នុង​ទំនាក់ទំនង​ជាមួយ​អាហ្វ្រិក​នោះ ហើយ​ចិន​-​អាហ្វ្រិក​បានចាប់ផ្ដើម​ដំណើរ​ទៅមុខ​តាម​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​។​
 
​សម្រាប់​ទំនាក់​ទំនងជា​មួយ​អាហ្វ្រិក លោក ស៊ី ក៏​ប្រកាសថា ចិន​អនុវត្តតាម​គោលការណ៍ «៥​មិន​»​។ ៥​មិនមាន​ដូចជា មិន​លូកលាន់​អាហ្វ្រិក​ក្នុង​ការដើរ​លើផ្លូវ​អភិវឌ្ឍ​ដែល​សម​ស្របតាម​លក្ខខណ្ឌ​ប្រទេស​នីមួយៗ មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​អាហ្វ្រិក មិន​ឲ្យ​អាហ្វ្រិក​ធ្វើតាម​ឆន្ទៈ​របស់​ចិន មិន​ភ្ជាប់​ចំណង​នយោបាយ​ទៅនឹង​ជំនួយ​ឲ្យ​ប្រទេស​អាហ្វ្រិក និង​មិន​ចង់​កេងចំណេញ​នយោបាយ​ក្នុងការ​វិនិយោគ និង​កិច្ចសហប្រតិបត្តិការ​ហិរញ្ញវត្ថុ​ជាមួយ​អាហ្វ្រិក​។​
 
​ជាមួយនឹង​គោលការណ៍​នេះ មេដឹកនាំ​ចិន​រូបនេះ​អះអាងថា គ្មាន​នរណា​អាច​បង្កបញ្ហា​ដាក់​ការរួបរួម​រវាង​ប្រជាជន​ចិន និង​ប្រជាជន​អាហ្វ្រិក​ឡើយ ហើយក៏​គ្មាន​អ្នកណា​អាច​ទាញ​ចិន ឬ​អាហ្វ្រិក​ឲ្យ​ថយក្រោយ​បានដែរ ព្រោះ​ភាគី​ទាំងពីរ​បាន​ដើរ​ឆ្ពោះទៅមុខ​ហើយ​។ ក្នុង​កិច្ចសហប្រតិបត្តិការ​នេះដែរ លោក ស៊ី ដែល​បាន​ទស្សនកិច្ច​បួន​ដង​ហើយ​នោះ បន្តថា ចិន​ចាប់យក​ចំណុច​ដែលជា​ប្រយោជន៍​រួម ហើយ​ចិន​ត្រៀមខ្លួន​ធ្វើការ​ជាមួយ​អង្គការ​អន្តរជាតិ​ផ្សេងទៀត​ដើម្បី​ជួយ​អាហ្វ្រិក​។​
 

Tag:
 ​ចិន​
  អាហ្វ្រិក​
  ស៊ី ជិន​ភីង​
© រក្សាសិទ្ធិដោយ thmeythmey.com